Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពី​ថ្ងៃទី​១៥ ខែកក្កដា​ ថៃ​អនុញ្ញាត​ឲ្យ​អាជីវករ​ខ្មែរ​ចូល​ផ្សារ​រុង​ក្លឿ​ប្រមូលទំនិញចេញពីតូប ដើម្បីយកមកលក់ដូរនៅលើទឹកដីកម្ពុជាវិញ

​បន្ទាយមានជ័យ​៖ អាជ្ញាធរខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា ថៃ​អនុញ្ញាត​ឲ្យ​អាជីវករ​ខ្មែរ ចូល​​​ផ្សារ​រុង​ក្លឿ​ឡើងវិញ ចាប់ពី​ថ្ងៃទី​១៥ ខែកក្កដា​ខាងមុខ តែ​ត្រូវបំពេញ​តាម​លក្ខខណ្ឌ​មួយចំនួន​ដែល​បានកំណត់ ដើម្បី​ការពារ​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ហើយ​រថយន្ដ​ដឹកទំនិញ​អនុញ្ញាត​ឲ្យ​ចេញចូល​មួយថ្ងៃ​៥០​ជើង ដោយ​ក្នុងនោះ​រថយន្ត​១​គ្រឿង​មាន​មនុស្ស​២​នាក់ ចាប់ពី​ម៉ោង​៨​ព្រឹក​រហូតដល់​ម៉ោង​១​រសៀល​ ដើម្បីប្រមូលទំនិញរបស់ពួកគេចេញពីតូប ដើម្បីយកមកលក់ដូរនៅលើទឹកដីកម្ពុជាវិញ។​

​សូមបញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​នៅ​សាលាខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០​នេះ លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា បាន​បញ្ជាក់ថា ពលរដ្ឋ​ខ្មែរ​ដែល​ចូលមក​ដឹកទំនិញ ក្នុង​មួយថ្ងៃៗ ត្រូវ​ចូល​តាមផ្លូវ​ដែល​កំណត់​យ៉ាង​តឹងរ៉ឹង និង​អនុញ្ញាត​ឲ្យ​ស្ថិតក្នុង​បរិវេន​របស់ខ្លួន​ប៉ុណ្ណោះ ព្រមទាំង​មានការ​កំណត់​ពេលវេលា​ជាក់លាក់ សម្រាប់​ដឹកជញ្ជូន​ទំនិញ​របស់ខ្លួន និង​ការណែនាំ​ដែល​គួរ​អនុវត្ត​អនុញ្ញាត ចំពោះតែ​ការដឹកជញ្ជូន​ទំនិញ​នៅក្នុង​ផ្សារ​រុង​ក្លឿ​។​

​លោក​អភិបាលរង​ខេត្ត បាន​បន្ថែមទៀតថា ចំពោះ​ម្ចាស់​តូប​ទំនិញ​មុននឹង​ធ្វើដំណើរ​ត្រឡប់​ទៅវិញ ត្រូវ​ពិនិត្យ និង​បិទ​ប្រព័ន្ធ​ភ្លើង​ឲ្យ​បាន​ត្រឹមត្រូវ មុននឹង​ចាកចេញ​ដើម្បី​ជៀសវាង​មាន​អគ្គិសនី​ឆាបឆេះ ប្រសិនបើ​មានការ​ល្មើស​នឹង​ច្បាប់ ឬ​បទបញ្ជា​ភ្នាក់ងារ​ប្រតិបត្តិ​មាន​តួនាទី​ប្រចាំការ និង​ធ្វើការ​បញ្ឈប់​សកម្មភាព​នេះ​ភ្លាមៗ​។​

​ដោយឡែក សម្រាប់​រថយន្ដ​ដឹកទំនិញ​វិញ អាជ្ញាធរ​ថៃ បានអនុញ្ញាត​ឲ្យ​រថយន្ដ​មួយគ្រឿង មាន​មនុស្ស​២​នាក់​ប៉ុណ្ណោះ​រួមមាន​អ្នកបើកបរ និង​ព្រូ​។ លោក ង៉ោ ម៉េង​ជ្រូ​ន បាន​ឲ្យ​ដឹង​ទៀតថា អ្នកបើកបរ​រថយន្ត និង​អ្នករួមដំណើរ ត្រូវ​បង្ហាញ​ឯកសារ​ចេញ និង​ចូល​ប្រទេស​រហូត​ទាល់តែ​បានធ្វើ​លិខិតបញ្ជាក់​ពី​ទំនិញ និង​បញ្ជាក់​ពី​កន្លែង​ចំណត ទីតាំង​បញ្ជូន​ទំនិញ​ឲ្យ​បានជា​ក់លាក់​។​

​សម្រាប់​អ្នកចេញ​ចូល ត្រូវ​ពាក់​ឧបករណ៍​ការពារ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដូចជា​ត្រូវ​ពាក់​ម៉ាស​ឲ្យ​បានជា​ប្រចាំ និង​មាន​វាស់​កំដៅ​សិន ទើប​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ឆ្លងកាត់​បែបបទ ក្នុងការ​ស្នើសុំ​អនុញ្ញាត​ឆ្លងកាត់​សេចក្តីលម្អិត​ទាក់ទង និង​យានយន្ត​។​

​ក្នុង​កិច្ចប្រជុំ​នោះ ខាង​ភាគី​ថៃ បាន​លើកឡើងថា ខ្លាច​តែ​ក្រុមអាជីវករ​ចូលទៅ មិន​យក​ទំនិញ​ចាស់​ក្នុង​តូប​របស់ខ្លួន បែរជា​ទៅយក​ទំនិញ​ថ្មី​វិញ គឺ​ឆ្លៀត​ទៅ​ទំនិញ​ថ្មី​នៅ​កន្លែង​ផ្សេង​វិញ មិនមែន​នៅ​កន្លែងចាស់ ហើយ​ផ្សារ​ក្នុង​តំបន់​រុង​ក្លឿ​មាន​ចំនួន​៥​ផ្សារ​។
​អាជ្ញាធរ​មិនបាន​កំណត់ពេល​វេលា​នៃ​ការចូល​ទៅយក​អីវ៉ាន់​ក្នុង​ផ្សារ​រុង​ក្លឿនោះទេ ប៉ុន្តែ​អាជ្ញាធរ​បាន​ព្យាករណ៍​ថា ការដឹកជញ្ជូន​អីវ៉ាន់​នេះ មិន​លើសពី​មួយអាទិត្យ​នោះទេ ។​

​ចំណែក​ការបើក​ច្រកព្រំដែន​ប៉ោយប៉ែត គឺ​ភាគី​កម្ពុជា និង​ថៃ បាន​យល់ព្រម​ទៅលើ​ការថយចុះ​នៃ​ជំងឺ​កូ​វីដ​១៩ ទើប​អាច​បើក​ច្រកទ្វា​ព្រំដែន​ឡើងវិញ​៕​ដោយ​៖ កូ​ឡាប​

×