ភ្នំពេញ ៖ កម្ពុជា-វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អថែមទៀតរវាងអគ្គនាយកដ្ឋានចារកម្មវៀតណាម និងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ហើយភាគីទាំងពីរ ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ និងទិសដៅការងារកន្លងទៅ ពិសេសបន្តកិច្ចសហប្រតិបត្តិការ និងទិសដៅការងារឆ្នាំ២០១៨ ឲ្យកាន់តែល្អថែមទៀត ។
នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នៅអគ្គស្នងការដ្ឋាននគរបាលជាតិ លោកនាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយ លោកម ឧត្តមសេនីយ៍ទោ TRAN MINH DUNG អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានចារកម្មវៀតណាម ។
ក្នុងជំនួបនោះលោកឧត្តមសេនីយ៍ទោ TRAN MINH DUNG អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានចារកម្មវៀតណាម បានមានប្រសាសន៍ថា កម្ពុជា-វៀតណាម គឺជាប្រទេសជិតខាងគ្នា ដូច្នេះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គឺជាការងារសំខាន់ ។លោកបានបន្តថា ជំនួបលើកនេះ គឺដើម្បីបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ ជាពិសេសបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អថែមទៀតរវាងអគ្គនាយកដ្ឋានចារកម្មវៀតណាម និងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ។
ក្នុងជំនួបនោះដែរ លោក នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍លើកឡើងអំពីកិច្ចសហប្រតិបត្តិការល្អរវាង ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានចារកម្ម ដែលកន្លងទៅបានផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ ពាក់ព័ន្ធនឹងកិច្ចការសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ នៃប្រទេសទាំងពីរ ។
លោកនាយឧត្តមសេនីយ៍ ថោង លីម មានប្រសាសន៍ថា ក្នុងឆ្នាំ២០១៧ កម្ពុជា-វៀតណាម រក្សាបាននូវស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់ ហើយកិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានចារកម្ម ក៏មានលក្ខណៈប្រសើរផងដែរ៕ ដោយ៖បញ្ញាស័ក្តិ