ភ្នំពេញ៖ ប្តីកំណាចសម្លាប់ប្រពន្ធរបស់ខ្លួន រត់គេចខ្លួនបាន២ថ្ងៃ ត្រូវប៉ូលិសស្រាវជ្រាវឃាត់ខ្លួនបានហើយ។
លោកវរសេនីយ៍ត្រី ម៉ៅសាវឿន បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង១១ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងព្រហ្មទណ្ឌប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ បានបើកការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ពាក់ព័ន្ធនឹងករណីឃាតកម្ម កាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះមានឈ្មោះ កែវ វណ្ណៈ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅដីឡូត៍ចំណុចកើតហេតុខាងលើ។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យខាងលើនេះរួច មកសមត្ថកិច្ចបានបញ្ជូនមកធ្វើការសាកសួ នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខានលើ បានសារភាពថា រូបគេបានយកដងពូថៅញាត់ចូលមាត់ប្រពន្ធរបស់ខ្លួន បណ្តាលឲ្យស្លាប់ពិតប្រាកដមែន មូលហេតុដោយរូបគេ ឃើញប្រពន្ធរបស់ខ្លួន មានអាការប្រកាច់ ទើបគេយកស្លាបព្រាជួយគាស់គល់ថ្គាម ដោយគាស់មិនហើប ទើបរូបគេយកដងពូថៅជួយគាស់ ហើយរុកញាត់ចូលមាត់បណ្តាលឲ្យនាងស្លាប់ ឃើញដូច្នេះរូបគេភ័យពេក ក៏បានរត់គេចខ្លួនតែម្តង។
ក្រោយពេលគេចខ្លួន បានរយៈពេល២ថ្ងៃ ទើបកម្លាំងសមត្ថកិច្ច បើកការស្រាវជ្រាវ ឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនេះបាន។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងតែឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕ ដោយ៖មីដានិងផាន់ណា