ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា បើកកិច្ចប្រជុំពិភាក្សា និងប្រមូលធាតុចូលជាបន្ទាន់ ទាក់ទងនឹងការការស្នើរបស់សហព័ន្ធស្រូវអង្ករអាមេរិក (USA Rice Federation) ស្នើដល់គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិអាមេរិក (USITC) លើគម្រោងញត្តិលុបចោលកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម (GSP) លើអង្ករនាំចូលអាមេរិកដែលក្នុងនោះមានអង្ករកម្ពុជាផងដែរ» នាព្រឹកថ្ងៃចន្ទទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា អនុប្រធានក្រុមប្រឹក្សាភិបាល (ស.អ.ក) រួមជាមួយសមាជិក ស.អ.កចំនួន ១០ រូប បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាបន្ទាន់ ដើម្បីប្រមូលធាតុចូលទាក់ទង នឹងការដែលសហរដ្ឋអាមេរិក ពិភាក្សាចុងក្រោយ លើការលុបចោលកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម (GSP) លើអង្ករកម្ពុជា ដែលកិច្ចប្រជុំបន្ទាន់នេះ ដឹកនាំដោយ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
ការរៀបចំកិច្ចប្រជុំបន្ទាន់នេះ គឺដើម្បីឆ្លើយតបទៅនឹងការដែលសហព័ន្ធស្រូវអង្ករអាមេរិក បានស្នើដល់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិអាមេរិក (USITC) ឱ្យលុបចោលបញ្ជីទំនិញដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម (GSP) លើប្រភេទអង្ករនាំចូល ខណៈដែលកន្លងមកសហរដ្ឋអាមេរិករួមមាន ប្រទេសថៃ វៀតណាម ប្រេស៊ីល ឥណ្ឌា ភូមា និងកម្ពុជា ។
តាមការលើកឡើងពី ឧកញ៉ា សុង សារ៉ន ការនាំចូលអង្ករកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក មិនបានប៉ះពាល់ដល់កសិករសហរដ្ឋអាមេរិកនោះទេ ដោយហេតុថា ៖ – ទីមួយ បរិមាណនាំចេញអង្ករកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក គឺមានត្រឹមតែប្រមាណ២០០០តោនប៉ុណ្ណោះក្នុងមួយឆ្នាំ។ – ទីពីរ គឺប្រភេទអង្ករ ដែលកម្ពុជានាំចូលទៅអាមេរិកជាប្រភេទ Indica Rice ប្រភេទសរីរាង្គ និងអង្ករក្រអូបរំដួល ដែលខុសពីប្រភេទអង្ករ ដែលកសិករសហរដ្ឋអាមេរិកដាំដុះ ពោលគឺ Japonica Rice និង Carlrose Rice។
បន្ថែមពីលើនេះ លោក យ៉ន សុវណ្ណ សមាជិកក្រុមប្រឹក្សាភិបាល ក៏បានផ្តល់ធាតុចូលមួយចំនួន នៃគុណសម្បត្តិអង្ករកម្ពុជា ដែលជួយដល់សុខភាពអ្នកប្រើប្រាស់ ហើយមិនគួរលុបចោលប្រព័ន្ធ GSP លើការនាំចូលអង្ករកម្ពុជា ក្នុងទីផ្សារសហរដ្ឋអាមេរិកនោះឡើយ។
ជាលទ្ធផល បន្ទាប់ពីអង្គប្រជុំ បានពិភាក្សាផ្លាស់ប្តូរយោបល់ និងបន្តយកទៅពិភាក្សាបន្ថែម ជាមួយស្ថាប័នគោលនយោបាយ និងក្រសួងពាក់ព័ន្ធនានា នៅពេលខាងមុខ ដើម្បីរកដំណោះស្រាយសមស្របមួយ៕
ដោយ៖កូឡាប