ភ្នំពេញ៖ ក្រសួងផែនការ បានណែនាំឲ្យ អនុវត្តកាតព្វកិច្ចចំនួន៥ ដើម្បីគ្រប់គ្រងភាពមិនប្រក្រតីក្នុងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។
បើតាមអ្នកនាំពាក្យក្រសួងផែនការ ៖ តាមរយៈលិខិត ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងផែនការ
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានធ្វើសេចក្តីណែនាំលើការគ្រប់គ្រងភាពមិនប្រក្រតីក្នុងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងបានដាក់បទបញ្ជាដល់ប្រធានមន្ទីរផែនការរាជធានី ខេត្ត ក្រុងទូទាំងប្រទេស ឱ្យអនុវត្តកាតព្វកិច្ចមួយចំនួនជាចាំបាច់ ដើម្បីធានាបាននូវគុណភាពទិន្នន័យ និង តម្លាភាពជូនគ្រួសារក្រីក្រ សម្រាប់ទទួលបានសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលកម្ពុជា។
ដើម្បីគ្រប់គ្រងភាពមិនប្រក្រតីក្នុងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រសួងផែនការ បានណែនាំដល់មន្ទីរផែនការ រាជធានី ខេត្ត ទាំង២៥ អនុវត្តកាតព្វកិច្ចចំនួន៥ ដូចខាងក្រោម៖
(១) សហការជិតស្និទ្ធជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិសម្រាប់ផ្តល់ ការណែនាំពីនីតិវិធីកំណត់អត្តសញ្ញាណ កម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ-១៩។
(២) សហការ និង ចុះដល់មូលដ្ឋាន ជាពិសេស ឃុំ សង្កាត់ ដើម្បីណែនាំដល់គ្រួសារដែលកំពុងប្រើប័ណ្ណសមធម៌ដែលហួសសុពលភាព។
(៣) សហការ និង ចុះដល់មូលដ្ឋាន ជាពិសេស ឃុំ សង្កាត់ ដើម្បីណែនាំ និង ដកបណ្ណសមធម៌មានជីវភាពប្រសើរ។
(៤) សហការ និង ចុះដល់មូលដ្ឋាន ឃុំ សង្កាត់ ដើម្បីណែនាំ និង ពិនិត្យការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រដែលនៅពុំទាន់មានបណ្ណសមធម៌។
(៥) សហការ និង ចុះដល់មូលដ្ឋានដោះស្រាយភាពមិនប្រក្រតី និង ការតវ៉ា នានា៕ ដោយ៖កូឡាប