ភ្នំពេញ៖ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងថា ទឹកធ្លាក់ភ្នំគូលេនដែលធ្វេីការអះអាងថាជាទឹកអម្រិត ឬជាអាទិទេពនោះ គឺគ្រាន់តែជាការសន្និដ្ឋានតាមបែបជញនឿសាសនាកាលពីសម័យមុន ហេីយដែលវិទ្យាសាស្ត្របច្ចកវិទ្យាមិនទាន់អាចអាចបញ្ជាក់ពីគុណភាពទឹកល្អបំផុតបានទេ ពីព្រោះវាមានសភាពល្អក់ និងមានផ្ទុកបណ្តាមីក្រូជីវសាស្ត្រក្នុងកំរិតខ្ពស់បង្គួរ ដែលអាចធ្វេីឲ្យប៉ះពាល់ដល់សុខភាពនិងស្បែកមនុស្ស ។
ក្រោយពីមានការផ្សព្វផ្សាយ ក្នុងបណ្តាញទំនាក់ទំនងសង្គមនិងព័ត៌មានយ៉ាងទូលំទូលាយពីការរកឃេីញរបស់អ្នកវិទ្យាសាស្ត្រជាជនជាតិខ្មែរម្នាក់ឈ្មោះ ហេង ប៊ុនអ៊ី តាមរយៈការធ្វេីកិច្ចសម្ភាសន៍ដេញដោលសួរពីលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទាក់ទងនិងគុណសម្បត្តិនិងគុណប្រយោជន៍នៃប្រភពទឹកលេីភ្នំគូលេន ដែលជាស្នាដៃបុព្វបុរសខ្មែរ កសាងក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី២រួចមក ។ ព័ត៌មាននេះ ក៏មានការចាប់អារម្មណ៌ ដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។ ជាពិសេស គឹប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយបានណែនាំឲ្យឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ កោះអញ្ជើញលោកបណ្ឌិត ហេង ប៊ុនអ៊ី លោក សយ សុភាព និងក្រុមការងារមួយចំនួនទៀត ចូលជួបពិភាក្សាការងារ ដើម្បីបញ្ជាក់ការពិតផង និងបានស្វែងយល់ពីគុណភាព ម៉ាស៊ីនផលិតទឹកបែបទំនេីប របស់លោកបណ្ឌិតហេង ប៊ុនអ៊ី នោះផងដែរ ។
ក្នុងជំនួបនោះ លោកបណ្ឌិត ហេង ប៊ុនអ៊ី បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានអនុញ្ញាតឲ្យលោក និងក្រុម ការងារចូលជួបពិភាក្សា ការងារព្រោះកិច្ចការ នេះមានសារសំខាន់ ហើយក៏ជាឱកាសឲ្យលោកធ្វើបទបង្ហាញ អំពីម៉ាស៊ីនផលិតទឹកអម្រិត ជាពិសេស ឲ្យប្រជាពលរដ្ឋដឹងពីគុណភាពទឹកអម្រិត ព្រោះអាចព្យាបាលជំងឺ មួយចំនួនផងដែរ ។
លោករៀបរាប់ថា ទឹកអម្រិត គឺរូបមន្ដដើមយកពីភ្នំគូលែន ព្រោះទឹកលើភ្នំគូលែន ជាតំបន់ផ្តល់នូវប្រភពទឹកស្រោចស្រព ក្នុងការចញ្ចឹមដល់មនុស្ស សត្វ រុក្ខជាតិ សំខាន់លើការងារកសិកម្មជាដើម។ ដូច្នេះ ត្រូវតែការពារ និងថែរក្សាបរិស្ថានធនធានធម្មជាតិ ដើម្បីជីវភាព និងការរស់នៅ របស់ប្រជាពលរដ្ឋទាំងអស់គ្នា។
ជាការឆ្លេីយតប ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានអបអរសាទរចំពោះការរកឃេីញ និងគំនិតច្នៃប្រឌិតខ្ពស់របស់លោកបណ្ឌិត ហេង ប៊ុនអ៊ី ដែលចាត់ទុកជានវានុវត្តន៍មួយកេីតចេញពីស្នាដៃកូនខ្មែរ ។ ម្យ៉ាងថ្ងៃនេះ ក្រសួងឧស្សាហកម្ម ដែលជាក្រសួងទេីបបញ្ចូលវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងនោះ ក៏មានអ្នកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចូលរួមស្តាប់បទឧទ្ទេសនាម និងសាកសួរមូលហេតុផងដែរ។
ជាការកត់សំគាល់របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏ដូចជាថ្នាក់ដឹកនាំនិងមន្ត្រីជំនាញផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្រោមឱវាទក្រសួងដែលបានចូលរួមមតិ គឺចង់បញ្ជាក់ឲ្យច្បាស់លាស់ថា៖ការរកឃេីញអ្វីមួយតាមបែបវិទ្យាសាស្ត្រ គឺយេីងត្រូវមានកត្តាសត្យានុម័ត និងបែបតក្កវិទ្យា គឺពិតប្រាកដតាមន័យវិទ្យាសាស្ត្រ មិនអាចយកប្រវត្តិសាស្ត្រ និងរឺអបិយជំនឿមកលាយឡំបានទេ ។ ដូចជាពាក្យទឹកអម្រិតន័យរបស់វា គឺដូចជាអមត: មិនស្លាប់ ។ តែបេីយេីងថាទឹកភ្នំគូលេនជាទឹកអម្រិត អាចធ្វេីឲ្យមានការភ័ន្ត ច្រលំដល់ស្រទាប់មហាជន និងប្រជាពលរដ្ឋ រហូតជឿថាទឹកស័ក្តសិទ្ធហេីយនាំគ្នាផ្អេីលទៅដងផឹក រឺចុះងូតបាត់សណ្តាប់ធ្នាប់ ស្របពេលដែលប្រភពទឹកនោះមិនទាន់មានកិច្ចការពារបរិស្ថានបានកំរិតខ្ពស់នៅឡេីយ ។ ដូច្នេះថ្ងៃនេះ យេីងពិភាក្សាក្នុងកំរិតបច្ចេកទេស ដោយត្រូវរួមសហការគ្នា ពីព្រោះកិច្ចការនេះ រាជបណ្ឌិតសភាកម្ពុជាក៏បានបញ្ជូនអ្នកវិទ្យាសាស្ត្រទៅសិក្សាស្រាវជ្រាវពីគុណភាពទឹកធ្លាក់ខ្នងភ្នំភ្នំគូលេនផងដែរ ដែលលទ្ធផលបានបញ្ជាក់ថា៖គុណភាពទឹកធ្លាក់ភ្នំគូលេនមានលក្ខណ:ល្អបង្គួរពីធម្មជាតិដែលអាចទ្រទ្រង់ជីវិតភាវរស់ទាំងអស់និងល្អសម្រាប់ស្រោចស្រពដំណាំកសិកម្មនានា ។ ក៏បុន្តែមិនមានគុណភាពល្អគ្រប់គ្រាន់សម្រាប់ទឹកពិសានៅឡេីយទេ ។ ទឹកធ្លាក់ភ្នំគូលេនដែលធ្វេីការអះអាងថាជាទឹកអម្រិត ឬជាអាទិទេពនោះ គឺគ្រាន់តែជាការសន្និដ្ឋានតាមបែបជញនឿសាសនាកាលពីសម័យមុន ហេីយដែលវិទ្យាសាស្ត្របច្ចកវិទ្យាមិនទាន់អាចអាចបញ្ជាក់ពីគុណភាពទឹកល្អបំផុតបានទេ ពីព្រោះវាមានសភាពល្អក់ និងមានផ្ទុកបណ្តាមីក្រូជីវសាស្ត្រក្នុងកំរិតខ្ពស់បង្គួរ ដែលអាចធ្វេីឲ្យប៉ះពាល់ដល់សុខភាពនិងស្បែកមនុស្ស បេីយេីងពិសារមិនបានធ្វេីប្រព្រឹត្តកម្មវាបានត្រឹមត្រូវ ។
ទោះយ៉ាងណា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ស្នេីឲ្យមានកិច្ចសហការគ្នាធ្វេីការស្រាវជ្រាវឲ្យច្បាស់បន្ថែមទៀតរវាងអ្នកវិទ្យាសាស្ត្រជំនាញៗ ដេីម្បីចេញជាលទ្ធផលរួមមួយ និងកំណត់បាននូវប៉ារ៉ាមែត្រច្បាស់លាស់ ។ ងាកមកម៉ាសុីនចម្រោះទឹកប្រភេទអេឡិចត្រូលីត ផលិតដោយលោកបណ្ឌិត ហេង ប៊ុនអ៊ី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី បានសាទរនិងវាយតម្លៃខ្ពស់ ពីព្រោះជាស្នាដៃកូនខ្មែរក្នុងស្រុក ក្រសួងសូមលេីកទឹកចិត្តចំពោះការស្រាវជ្រាវនិងផលិត បេីទោះបីលេីពិភពលោកគេបានរកឃេីញនិងផលិតមុនយេីងក៏ដោយ ។ ជាពិសេសបេីយេីងចេះច្នៃឲ្យមានលក្ខណៈប្លែកពីគេ ហេីយគុណភាពប្រសេីរជាង នោះក្រសួងនឹងចុះបញ្ជីការពារកម្មសិទ្ធិបញ្ញាជូន ជាស្នាដៃម្ចាស់តក្កករ ។
សូមបញ្ជាក់ថា៖ដោយឃេីញភាពច្នៃប្រឌិត ក្នុងលក្ខណ:នវានុវត្តន៍ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានចាត់ឲ្យថ្នាក់ដឹកនាំមួយរូប គឹឯកឧត្តមរដ្ឋលេខាធិការ ហេង សុខគង់ ដឹកនាំមន្ត្រីជំនាញក្រសួងចុះសិក្សាស្វែងយល់ដល់ទីតាំងផលិតម៉ាសុីនចម្រោះទឹករបស់លោកបណ្ឌិត ហេង ប៊ុនអ៊ី នៅថ្ងៃបន្ទាប់៕ ដោយ៖កូឡាប