ភ្នំពេញ៖នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំផែនការសកម្មភាព និងការកំណត់ទិសដៅអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា បានឲ្យដឹងថាក្នុងគ ម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣នេះមាន៥សមាសធាតុដែលត្រូវអនុវត្តគឺការបែងចែកដីសង្គមកិច្ច បញ្ហាចុះបញ្ជី ការរៀបចំដី កសិកម្មចិញ្ចឹមសត្វដាំដុះដែលគម្រោងនេះនឹងបញ្ចប់នៅឆ្នាំ២០២៦និងតម្រូវឲ្យមានកម្មវិធីច្បាស់លាស់ដើម្បីឲ្យការអនុវត្តគម្រោងមានប្រសិទ្ធភាពឆាប់រហ័សនិងទាន់ពេលវេលា។
ក្នុងគោលដៅនេះ ឯកឧត្តម បានផ្តល់ការណែនាំដល់មន្ត្រីពាក់ព័ន្ធត្រូវបំពេញការងារឲ្យបានហ្មត់ចត់ក្នុងការអនុវត្តគម្រោងទៅតាមដំណាក់កាលនីមួយៗស្របតាមនីតិវិធីនិងរៀបចំផែនការឲ្យបានច្បាស់លាស់ ព្យាយាមកែប្រែរាល់ភាពខ្វះចន្លោះនានា ជាពិសេសលើការងារចុះបញ្ជីដី ការរៀបចំដី និងការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិចផងដែរ ដើម្បីផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារដែលត្រូវទទួលផលពីគំរោងនេះ។ជាមួយនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីការងារជាច្រើនពាក់ព័ន្ធនឹងការអនុវត្តគម្រោងដោយបានផ្តល់នូវគំនិតមតិយោបល់ដល់សមាជិកនៃអង្គប្រជុំនិងបានជំរុញឲ្យមន្ត្រីជំនាញត្រូវតែខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីអនុវត្តគម្រោងនេះឲ្យបានរួចរាល់ឆាប់រហ័សទាន់ពេលវេលាចៀសវាងកុំឲ្យមានការអូសបន្លាយឬមិនយកចិត្តទុកដាក់ធ្វេសប្រហែសក្នុងការបំពេញភារកិច្ចដែលនាំឲ្យការងារមានភាពយឺតយ៉ាវឬអសកម្មនោះឡើយដើម្បីឲ្យការអនុវត្តគម្រោងមានប្រសិទ្ធភាព បានទទួលជោគជ័យនិងជាកិត្តិយសរបស់មន្ត្រីខ្លួនឯងផង ជាកិត្តិយសរបស់ក្រសួងស្ថាប័នផងនិងជាការបង្កើននូវជំនឿជឿជាក់ដល់ប្រជាពលរដ្ឋក្នុងសង្គមជាតិផងសំដៅផ្តល់ផលប្រយោជន៍និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕ ដោយ៖កូឡាប