Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី្ត​ក្នុង​វិស័យ​សហគ្រាស​ខ្នាតតូច និង​មធ្យម កំពុងស្ថិត​ក្នុង​ចំណុច ដែល​ងាយ​រង​ផលប៉ះពាល់​ខ្ពស់ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩

​ភ្នំពេញ ៖ ចំនួន ៦១% នៃ​អ្នកដឹកនាំ​ស្រី្ត និង​អ្នកធ្វើ​ជំនួញ​ក្នុង​វិស័យ​សហគ្រាស​ខ្នាតតូច និង​មធ្យម គឺជា​ស្ត្រី ដែលជា​អត្រា​ខ្ពស់ ក្នុង​បណ្តា​ប្រទេស​អាស៊ាន​។

​នេះ​ជាការ​លើកឡើង របស់លោក​ជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី នា​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០​នេះ ក្នុង​សិក្ខាសាលា ស្តីពី «​សហគ្រិន​ស្ត្រី​ក្នុង​សហគ្រាស​ខ្នាតតូច និង​មធ្យម ក្នុងអំឡុងពេល និង​ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩»
​លោកជំទាវ បានឱ្យដឹងថា សហគ្រិន​និង​អាជីវករ​ស្ត្រី​នៅ​កម្ពុជា នៅតែ​ប្រឈម​ជួប​ឧបសគ្គ​ជាច្រើន ជាពិសេស​នៅតាម​តំបន់​ទីជនបទ​។

​លោកជំទាវ អ៊ឹង កន្ថាផាវី បាន​បញ្ជាក់ថា ពេល​វិបត្តិ​កូ​វីដ​-១៩​នេះ សហគ្រាស​ខ្នាតតូច និង​មធ្យម ដែលមាន​ស្ត្រី​ជា​ម្ចាស់​អាជីវកម្ម កំពុងស្ថិត​ក្នុង​ចំណុច ដែល​ងាយ​រង​ផលប៉ះពាល់​ខ្ពស់ ឬ​អាច​ខូចខាត នៅពេលដែល​យើង​ឈានទៅ​ដំណើរការ​ពិភព​សេដ្ឋកិច្ច នៅក្រោយ​វិបត្តិ​កូ​វីដ​-១៩ ។​

​លោកជំទាវ បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​បរិការណ៍​បច្ចុប្បន្ន ការសិក្សា​ស្រាវជ្រាវ បាន​បង្ហាញថា ជំងឺ​កូ​វីដ​-១៩ បាន​បង្ក​ផលប៉ះពាល់​អវិជ្ជមាន លើ​ស្ត្រី​ច្រើនជាង​បុរស ទាំង​ក្នុង​វិស័យសេដ្ឋកិច្ច​និង​សង្គម ជាពិសេស​ស្ត្រី នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ ដែល​កំពុង​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ស្ត្រី​ភាគច្រើន មាន​ការងារ​នៅក្នុង​វិស័យ​សេវាកម្ម និង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ហើយ​អាច​មិនបាន​ទទួល នូវ​ការឧបត្ថម្ភ ពី​កម្មវិធី​គាំពារ​សង្គម ដោយ​ជាធម្មតា​កម្មវិធី​នេះ គ្របដណ្ដប់​តែ​លើ​កម្មករនិយោជិត​សេដ្ឋកិច្ច ក្នុង​ប្រព័ន្ធ​ប៉ុណ្ណោះ​។​

​ពីរ​ទសវត្សរ៍​កន្លង​មកនេះ ការរីកចម្រើន​នៃ​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា រួមទាំង​ការលើកកម្ពស់​សមភាព​យេនឌ័រ បាន​រុញច្រាន​មនុស្ស​ជាច្រើន ចាក​ចេញពី​ភាពក្រីក្រ​, ប៉ុន្តែ​បើតាម​រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី បញ្ហា​វិបត្តិ​កូ​វីដ​-១៩ អាច​នឹង​បង្ក​ឱ្យ​ពួកគាត់ ត្រឡប់​ចូលក្នុង​ភាពក្រីក្រ​វិញ ផងដែរ​៕
​ដោយ​៖CEN

×