Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងចក្រ​ប្រព្រឹត្តិកម្ម​ផលិត​ទឹកស្អាត របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ក្នុង​មួយថ្ងៃ​ផលិត​ទឹកស្អាត​បាន​ចំនួន​៦៣២.០០០ ម៉ែត្រត្រីគុណ​

​ភ្នំពេញ​៖ សមត្ថភាព​រោងចក្រ​ប្រព្រឹត្តិកម្ម​ផលិត​ទឹកស្អាត​បច្ចុប្បន្ន របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ សរុប​ចំនួន​៦៣២.០០០ ម៉ែត្រត្រីគុណ គឺ​៖​ស្ថានីយ​ភូមិ​ព្រែក មាន​សមត្ថភាព​ផលិត​បាន​១៧ ម៉ឺន​ម៉ែត្រត្រីគុណ ក្នុង​មួយថ្ងៃ – ស្ថានីយ​ជ្រោយចង្វា​មាន​សមត្ថភាព​ផលិត ១៥​ម៉ឺន​ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ – ស្ថានីយ​និរោធ​មាន​សមត្ថភាព​ផលិត​បាន ២៦​ម៉ឺន​ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ និង​ស្ថានីយ​រោងចក្រ​ចំការមន មាន​សមត្ថភាព​ផលិត​បាន ៥​ម៉ឺន​២​ពាន់​ម៉ឺន​ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ ។​

​សូមបញ្ជាក់ថា ៖ គម្រោង​សាងសង់​ពង្រីក​សមត្ថភាព​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ចំការមន គឺជា​គម្រោង​ដែល​បានកំណត់​ក្នុង​ផែនការមេ​ទី​៣ របស់​អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ក្រោម​គម្រោង​ហិរញ្ញប្បទាន​រួមគ្នា ដោយ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) និង​ថវិកាបដិភាគ​ដោយ​អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មាន​ទំហំ​ទឹកប្រាក់​ចំនួន ជាង​១៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក និង ជិត​៨ លាន​អឺរ៉ូ ។ គម្រោង​នេះ បាន​ចុះហត្ថលេខា​ជា​ផ្លូវការ នៅ​ថ្ងៃទី​៨ ខែ សីហា ឆ្នាំ​២០១៨ ដោយ​ក្រុមហ៊ុន វ៉ាំ​ង ស៊ី (VINCI) ជា​អ្នកទទួលខុសត្រូវ​ក្នុងការ​សាងសង់ និង​ស្ថិតក្រោម​ការត្រួតពិនិត្យ​ដោយ​ទីប្រឹក្សាបច្ចេកទេស​ក្រុមហ៊ុន សា​ហ្វេរ (Safage) ។ គម្រោង​នេះ បានចាប់ផ្តើម​បើក​ការដ្ឋាន​ពង្រីក​សមត្ថភាព​អាង​ប្រព្រឹត្តិកម្ម​របស់ខ្លួន​នា​ថ្ងៃទី​១៨ ខែ តុលា ឆ្នាំ​២០១៧ និង​បានដាក់​ឲ្យ​ដំណើរការ​សាកល្បង​កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៩ ។​
​គម្រោង​នេះ​រួមបញ្ចូល​ក្នុងការ​សាងសង់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងមូល រួមទាំង​បណ្តាញ​មេ​នាំ​ទឹកល្អក់ ដែលមាន​សមត្ថភាព​បូ​ម​ទឹកល្អក់​ពី​ទន្លេបាសាក់​បាន​ចំនួន​៥៧.០០០ ម៉ែត្រត្រីគុណ ក្នុង​មួយថ្ងៃ និង​នាំ​ទឹកស្អាត​នៃ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ចំការមន​នេះ ក្នុង​សមត្ថភាព​ផលិត​ចំនួន​៥២.០០០ ម៉ែត្រត្រីគុណ ក្នុង​មួយថ្ងៃ ។​

​ក្នុង​ដំណើ​ចុះ​ពិនិត្យ​ស្វែងយល់​ដំណើរ​ការដាក់​សាកល្បង​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ចំការមន រាជធានី​ភ្នំពេញ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល នៃ​ការពង្រីក​សមត្ថភាព​រោង​ចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ចំការមន ប្រកបដោយ​ជោគជ័យ​នេះ ដែលជា​ជំនួយ​ដ៏​សំខាន់​ក្នុងការ​ផ្គត់ផ្គង់​ទឹក​ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​ក្នុង​ខណ្ឌចំការមន ដែល​កំពុងមាន​ការរីក​ដុះដាល​យ៉ាង​ព្រោងព្រាត​នូវ​សំណង់​អគារ​ធំៗ ខ្ពស់ៗ ហើយ​នៅពេល​ខាងមុខ​ឆាប់ៗ យើង​នឹង​អាច​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​បាន ។​

​បន្ទាប់ពី​ចាប់ផ្តើម​ដំណើរ​ការបើក​ការដ្ឋាន​សាងសង់​កាលពី​ឆ្នាំ​២០១៧ និង​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៩ រួចមក ។ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វា​នុ​វ​ត្ក​ន៌ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ជំនាញ​របស់​ក្រសួង និង​តំណាង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ដឹកនាំ​ដោយ​ឯកឧត្តម ស៊ឹម ស៊ីថា ជា​អគ្គនាយក និង​លោកស្រី Ophélie Bourhis ប្រធាន​ទីភ្នាក់ងារ​បារាំ​ង​សម្រាប់​ការអភិវឌ្ឍ​ន៌ (AFD)​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ចុះ​ពិនិត្យ​ជាក់ស្តែង​ការដាក់​ឲ្យ​ដំណើរការ​សាកល្បង នៃ​គម្រោង​ពង្រីក​សមត្ថភាព​រោងចក្រ ប្រព្រឹត្តិកម្ម​ទឹកស្អាត​ចំការមន ដែលមាន​ទីតាំង​ស្ថិតនៅ សង្កាត់​ទន្លេបាសាក់ ខ័​ណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ។

​ជា​ទស្សនៈវិស័យ​របស់​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ គឺ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ត្រូវខិតខំ​បន្ថែមទៀត ក្នុងការ​ពង្រីក​សមត្ថ​ភាព​ផលិត​របស់ខ្លួន ដើម្បី​បំពេញតម្រូវការ ស្រប​ពេលដែល​រាជធានី​ភ្នំពេញ​បច្ចុប្ន​ន្ន ត្រូវបាន​ពង្រីក​ផ្ទៃក្រឡា​របស់ខ្លួន​ធំ​ជាង​មុន ហើយ​ការវិវឌ្ឍ​សំណង់​អគារ​ធំៗ និង​ប្រជាពលរដ្ឋ​ក៏មាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​ផងដែរ ។ ដោយឡែក​ការពង្រីក​ទុន និង​ការទាក់ទាញ​វិនិយោគ ការស្វែងរក​ប្រភព​ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍​គឺជា​ការងារ​ចាំបាច់ ដើម្បី​ដោះស្រាយ​ការផ្គត់ផ្គង់​ទឹកស្អាត​ឲ្យ​ដល់ទី​ប្រជុំជន និង​ឈានដល់​តំបន់​ជនបទ តាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល ដែលមាន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជា​ប្រមុខ ដែល​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់ ជៀសផុត​បាន​នូវ​ជំងឺ​តម្កាត់​ផ្សេងៗ ដោយសា​ការប្រើប្រាស់​ទឹក​មិន​ស្អាត ៕​ដោយ​៖​កូ​ឡាប​

×