ភ្នំពេញ៖ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២០នេះ ធនាគារឯកទេសវីង និងក្រុមហ៊ុនមរកត ថិកណឡជី បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា នៅសណ្ឋាគារកាំបូឌីយ៉ាណា សហការគ្នា ដើម្បីសម្រួលការប្រមូលប្រាក់កម្ចីរបស់មីក្រូហិរញ្ញវត្ថុ និងធនាគារ។
កិច្ចសហការរវាងស្ថាប័នឯកជនទាំងពីរនេះ បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងការជួយដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារក្នុងដំណើរការប្រមូលប្រាក់កម្ចី ដែលអាចជួយកាត់បន្ថយការចំណាយលើប្រតិបត្តិការរបស់ពួកគេ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅទូទាំងប្រទេសកម្ពុជា អាចប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុរបស់ធនាគារឯកទេសវីង តាមរយៈក្រុមហ៊ុន មរកត ថិកណឡជី ក្នុងការប្រមូលប្រាក់កម្ចី ដែលអាចជួយកាត់បន្ថយការចំណាយលើប្រតិបត្តិការរបស់ពួកគេ។
ភាពជាដៃគូនេះ ឥឡូវនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារ អាចប្រមូលការបង់ប្រាក់កម្ចីរបស់ពួកគេតាមរយៈប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុរបស់វីងដោយប្រើប្រាស់ប្រព័ន្ធស្នូលធនាគាររបស់ក្រុមហ៊ុន មរកត ថិកណឡជី ដែលអាចធនាបាននូវភាពងាយស្រួលនិងការគ្រប់គ្រងការចំណាយបានយ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារអាចជ្រើសរើសវិធីសងប្រាក់កម្ចីរបស់ពួកគេបានយ៉ាងងាយតាមរយៈភ្នាក់ងារវីងដែលនៅក្បែរផ្ទះ ឬតាមរយៈកម្មវិធីស្មាហ្វូនវីងដ៏ទំនើបដែលកំពុងធ្វើប្រតិបត្តការ២៤ម៉ោងនិង៧ថ្ងៃក្នុង១សប្តាហ៍។
ធនាគារឯកទេសវីង និងមរកត ថិកណឡជី មានគោលបំណងដូចគ្នាក្នុងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល សម្រាប់ការផ្លាស់ប្តូរសេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសការលើកកំពស់បរិយាប័ន្នហិរញ្ញវត្ថុរាប់ចាប់ពីប្រព័ន្ធស្នូលធនាគាររហូតដល់ធនាគារចល័ត។ សព្វថ្ងៃនេះ ស្លាកយ៊ីហោរបស់វីងជានិមិត្តសញ្ញានៃសុវត្តិភាព និងជាសេវាទូទាត់ប្រាក់ដែលមានតម្លៃសមរម្យដោយមានការជឿទុកចិត្តពីសំណាក់អ្នកប្រើប្រាស់ជិត ១០ លាននាក់ជារៀងរាល់ឆ្នាំ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតិចជាង ៥ភាគរយនៅកម្ពុជា អាចមានលទ្ធភាពទិញកម្មវិធីមីក្រូហិរញ្ញវត្ថុ ហើយកម្មវិធីភាគច្រើនត្រូវបានរចនាឡើងសម្រាប់តែធនាគារ ប៉ុន្តែកម្មវិធីទាំងនោះត្រូវបានកែសម្រួលជាច្រើនដើម្បីស្របតាមតំរូវការ ហើយការកែសម្រួលទាំងនោះបានធ្វើឱ្យមានការចំណាយថវិការជាច្រើនសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមិនអាចមានលទ្ធភាពប្រើប្រាស់កម្មវិធីនេះ ពួកគេបានបន្តប្រើប្រាស់កម្មវិធី Excel ដែលធ្វើដោយដៃ។ អ្នកខ្លះទៀត ថែមទាំងកត់ត្រាព័ត៌មានអតិថិជននៅលើក្រដាសទៀតផង។ ដោយមើលឃើញពីបញ្ហាប្រឈមនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារក្នុងការគ្រប់គ្រងនិងបែងចែកឥណទាន ក្រុមហ៊ុនទាំងពីរ បានបង្កើតកម្មវិធីជួយសំរួលដល់ដំណើរការនានានិងការធ្វើសេចក្តីសំរេចចិត្តលើប្រាក់កម្ចីបានកាន់តែឆាប់រហ័ស។ ហើយអស់រយៈពេល ១២ ឆ្នាំកន្លងមកនេះ វីង បានទទួលការជឿជាក់ក្នុងការផ្តល់ជូននូវការធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាពនិងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពព័ត៌មាន៕ ដោយ ៖ CEN