Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ព្រឹក​នេះ ក្រសួងសុខាភិបាល រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ចំនួន ៥​នាក់​ថ្មី​ទៀត ជា​ករណី​នាំចូល​ពី​អាមេរិក​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​កក្ត​ដា ២០២០ ក្រសួងសុខាភិបាល​បានប្រកាស​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ មាន​ករណី​វិជ្ជមាន​ចំនួន ០៥​នាក់​បន្ថែមទៀត លើ​ជនជាតិខ្មែរ​៣​នាក់ និង​ជនជាតិ​អាមេរិក​ចំនួន​២​នាក់ ដែល​សុទ្ធសឹង​ជា​ករណី​នាំចូល​ពី​អាមេរិក​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០​បាន​ឲ្យ​ដឹងថា ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី ចំនួន​០៥​នាក់ រួមមាន​បុរស​ជនជាតិខ្មែរ​ចំនួន​០២​នាក់​, ស្ត្រីជន​ជាតិខ្មែរ​០១​នាក់ និង​បុរស​ជនជាតិ​អាម៉េរិក​ចំនួន​០២​នាក់​។​

​ចំពោះ​ករណី​ជនជាតិខ្មែរ​០៣​នាក់ វិជ្ជមាន​វីរុស​កូ​វីដ​-១៩ (​លទ្ធផល​ទទួលបាន​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​) គឺមាន​បុរស​អាយុ ៣៤​ឆ្នាំ និង​កូនប្រុស​បង្កើត​អាយុ​៥​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ចាក់អង្រែ​ក្រោម រាជធានី​ភ្នំពេញ ដែល​បាន​ទៅលេង​ឪពុកម្ដាយ នៅ​សហរដ្ឋអាមេរិក តាំងពី​ខែមីនា ឆ្នាំ​២០២០ ជាមួយ​ភរិយា និង​កូនស្រី​ម្នាក់ទៀត (​តែ​ស្ត្រី​ទាំងពីរ​នាក់ មាន​លទ្ធផល​តេស្ត​លើក​ទី​១​នេះ​អវិជ្ជមាន​) និង​ស្ត្រី​អាយុ​៦០​ឆ្នាំ រស់នៅ​សហរដ្ឋអាមេរិក ដែលមាន​អាស័យដ្ឋាន​ស្នាក់ នៅក្នុង​បុរី​ប៉េង​ហួត​បឹង​ស្ទោ​រ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មាន​រោគសញ្ញា​ហៀរ​សំបោរ (​ស្រដៀង​ផ្តាសាយ​) តាំងពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ ២០២០​។​

​ក្រសួង​បាន​បញ្ជាក់ថា បុគ្គល​ទាំងបី​នាក់​នេះ បានធ្វើ​ដំណើរ​មកពី​ស​ហ​រដ្ឋ​អាមេរិក បន្ត​ជើងហោះហើរ​លេខ BR265 នៅ​ប្រទេស​ចិន (​តៃប៉ិ​) មកដល់​ប្រទេស​កម្ពុជា​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០​។ លទ្ធផល​វិភាគ​វត្ថុ​សំណាក របស់​ពួកគាត់​ទាំងបី​នាក់ ទទួលបាន​លទ្ធផល វិជ្ជមាន​វីរុស​កូ​វីដ​-១៩ នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ ហើយ បច្ចុប្បន្ន​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម រាជធានី​ភ្នំពេញ​។ តាម​ជើងហោះហើរ​នេះ មាន​អ្នកដំណើរ​សរុប​ចំនួន ៧៧​នាក់ (​ស្រី្ត ២៦​នាក់ ក្មេង​តូច ០២​នាក់ កុមារ ៤​នាក់ និង​បុរស ៤០ នាក់​) ដែល​ក្នុង​ចំនួន​សរុប​នេះ មាន​ជនជាតិ​ចិន (​តៃវ៉ាន់​) ៣៦​នាក់ ជនជាតិ​ជប៉ុន ០១​នាក់ និង​ជនជាតិ​អាម៉េរិក កាំ​ង ១៩​នាក់​។ អ្នកដំណើរ​ដែលមាន​ល​ទ្ធ​ផល​តេស្ត​អវិជ្ជមាន​កូ​វីដ​-១៩​ទាំងអស់​ត្រូវ​បានដាក់​ឱ្យធ្វើ​ច​ត្តា​ឡី ស័ក​ចំនួន​១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព​បន្ត ដោយ​ចែកចេញជា​៖ ចំនួន​០៨​នាក់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ទ័ពអាកាស រាជធានី​ភ្នំពេញ និង​ចំនួន ៦៦​នាក់ នៅ​សណ្ឋាគារ​អូ​ខេ​ប៉ា​ឡេស រាជធានី​ភ្នំពេញ​។​

​ក្រសួងសុខាភិបាល​បន្ត​ថា សម្រាប់​ករណី​ជនជាតិ​អាម៉េរិក ០២​នាក់ វិជ្ជមាន​វីរុស​កូ​វីដ​១៩ (​លទ្ធផល​ទទួលបាន​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​) ៖ ជនជាតិ​អាមេរិក​ពីរ​នាក់ (​អាយុ​ទាំងពីរ​នាក់ មិនបាន​រាយការណ៍​ពី​ស្ថានទូត​អាម៉េរិក​នៅ​កម្ពុជា​មក​ទេ​) ជា​មន្ត្រីការទូត​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​ក កាន់​វី​សា​ប្រភេទ A មាន​អាស័យដ្ឋាន​ស្នាក់នៅ​បន្ទប់​ដោយឡែក ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា រាជធានី​ភ្នំពេញ​។​

​ជនជាតិ​អាមេរិកកាំង​ទាំងពីរ​នាក់​ខាងលើ បានធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក បន្ត​ជើងហោះហើរ​លេខ KE689 នៅ​កូរ៉េខាងត្បូង មកដល់​ប្រទេស​កម្ពុជា​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០​។ លទ្ធផល វិភាគ​វត្ថុ​សំណាក​របស់​ពួកគាត់ ទទួលបាន​លទ្ធផល វិជ្ជមាន​វីរុស​កូ​វីដ​-១៩ នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០​។ បច្ចុប្បន្ននេះ អ្នកជំងឺ​ទាំងពីរ​នាក់ ស្ថិតនៅ​បន្ទប់​ដោយឡែក​ក្នុង​ស្ថានទូត​អាម៉េរិក រាជធានី​ភ្នំពេញ​។​
​តាម​ជើងហោះហើរ​ដែល​រកឃើញ​ជនជាតិ​អាមេរិកកាំង​ទាំងពីរ​នាក់​នេះ មាន​អ្នកដំណើរ​សរុប​ចំនួន​៩១​នាក់ (​ស្ត្រី ៣៥​នាក់ កុមារ ០៧​នាក់ និង​បុរស ៥២​នាក់​) ដែល​ក្នុង​ចំនួន​សរុប​នេះ មាន​ជនជាតិ​កូរ៉េ ២៨​នាក់ ជនជាតិ​អាមេរិក​១៩​នាក់ (​កុមារ ០២​នាក់​) ជនជាតិ​បារាំង ០២​នាក់ ជនជាតិ​វៀតណាម ០២​នាក់ ជនជាតិ អូស្ត្រាលី ០៤​នាក់ (​កុមារ​០២​នាក់​) ជនជាតិ​ឥណ្ឌូណេស៊ី ០១​នាក់ ជនជាតិ​ណូ​វែ​ល​ហ្សឺ​ឡង់​០៣​នាក់ (​កុមារ​០១​នាក់​) ជនជាតិ​ចិន ០៣​នាក់ ជនជាតិ​អូទ្រីស ០១​នាក់ ជនជាតិ អង់គ្លេស ០៨​នាក់ (​កុមារ​០២​នាក់​) ជនជាតិ​ហ្វាំ​ង​ឡង់ ០១​នាក់ និង​ជនជាតិ​កាណាដា ០១​នាក់​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​០៧៖០០​ព្រឹក ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០ កម្ពុជា​បាន​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩​ទាំងអស់ នៅ​ទូទាំងប្រទេស សរុប​ចំនួន ១៧១​នាក់ (​ស្ត្រី ៤២​នាក់ និង​បុរស ១២៩​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ សរុប​ទូទាំងប្រទេស មាន​ចំនួន ១៣៣​នាក់ (​ស្រី ៣៩​នាក់ និង​បុរស ៩៤​នាក់​) និង​អ្នក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ មាន​ចំនួន​៣៦​នាក់ និង​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដោយឡែក ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​៖ ជនជាតិ​អាមេរិក​០២​នាក់​៕ ដោយ​៖​កូ​ឡាប​

×