Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំពាំង​បារាំង បន្លែ​ធម្មជាតិ ដាំ​ដុះ​នៅ​ខេត្ត​ប៉ៃលិន មាន​ទីផ្សា​ខ្ពស់​នៅ​ភ្នំពេញ​

​ភ្នំពេញ​៖ បន្លែ​ធម្មជាតិ ទំពាំង​បារាំង​នេះ ភាគច្រើន​ត្រូវបានគេទទួលស្គាល់​ថា មាន​ការដាំដុះ​ច្រើន​នៅ​ខេត្ត​ប៉ៃលិន​។ មន្ទីរ​កសិកម្ម​ខេត្ត​នេះ បាន​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​ប្រជាកសិករ បន្ត​ខិតខំ​ដាំ​ដុះ​បន្លែ​ធម្មជាតិ ដំណាំ​ទំពាំង​បារាំង​នេះ ដែលជា​មុខរបរ​មួយ​បន្ថែមទៀត​ក្រៅពី​ធ្វើស្រែ​ចំការ ដើម្បី​ជួយ​លើកស្ទួយ​ដល់​ជីវភាព​គ្រួសារ​ប្រជាកសិករ​ឱ្យ​រីកចំរើន​មួយកម្រិត​ទៀត​។
​បណ្តុំ​កសិករ​ដាំ​បន្លែ​ធម្មជាតិ ទំពាំង​បារាំង នៅ​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ក្នុង​មួយឆ្នាំ​ពួកគេ ទទួលបាន​ផល​ពី​ទំពាំង​បារាំង​នេះ ២ ទៅ ៣​វគ្គ ដោយ​ក្នុង​វគ្គ​ទី​១ ដាំ​ដំណាំ​ទំពាំង​បារាំង ក្នុង​ផ្ទៃដី​២៤០០​ម៉ែត្រការ៉េ ទទួលបាន​ទិន្នផល ២៨ គីឡូក្រាម​ក្នុង​មួយថ្ងៃ និង​គិត​ជា​មធ្យម​បាន​១៧​គីឡូ ក្រាម​ក្នុង​មួយថ្ងៃ​។ ចំពោះ​ទីផ្សារ​លក់​បន្លែ​ធម្មជាតិ ទំពាំង​បារាំង​នេះ​វិញ​កំពុងមាន​ទីផ្សារ​ខ្ពស់​នៅ​ភ្នំពេញ ហើយ​អាច​លក់បាន​រហូតដល់ ១២០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​
​លោកស្រី លឹម សុភាព ប្រធាន​បណ្តុំ​កសិករ​ដាំ​ទំពាំង​បារាំង​នៅក្នុង​ភូមិ​ក្រចាប់ សង្កាត់​អូ​តា​វ៉ៅ ក្រុងប៉ៃលិន បាន​ប្រាប់​អ្នក​សារ​ព័ត​មាន​យើង​ថា “​កាលពីមុន​មិនសូវមាន​ទីផ្សា តែ​ក្រោយមក ដោយមាន​ការជំរុញ និង​ផ្សព្វផ្សាយ​ពី​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ក៏ដូចជា​បណ្តុំ​ក្នុង​សហគមន៍​ក្រចាប់ គឺ​គាត់​ទទួល​បានការ​កម្មង់​ទិញ​ពី​ប្រជាពលរដ្ឋ​អ្នក​ទទួលទាន​ជាច្រើន ជាពិសេស​អ្នក​នៅ​ភ្នំពេញ​”​។​
​ក្រៅពី​ទីផ្សា​នៅ​រាជធានី​ភ្នំពេញ ទំពាំង​បារាំង​នេះ ក៏មាន​ការបញ្ជាទិញ​ពី​បណ្តា​ខេត្ត​ផ្សេងៗ​ផងដែរ ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ដោយ​ក្នុង​មួយ​គីឡូក្រាម អាច​លក់បាន​ក្នុង​ចន្លោះ​ពី ១០០០០​រៀល ដល់ ១៤០០០​រៀល​។
​ជាមួយគ្នានេះ ប្រជាកសិក ដាំ​ដំណាំ​បន្ថែម​ធម្មជាតិ ទំពាំង​បារាំង​ក្នុង​សហគមន៍​ក្រចាប់​នេះ បាន​សំនូមពរ​ដល់​មន្ទីរ​ក​សិ​កម្ម​ខេត្ត បន្ត​ជួយ​ជំរុញ​ការបណ្តុះបណ្តាល​ផ្នែក​បច្ចេកទេស​ដាំ​ដុះ និង​ការប្រើប្រាស់​ជីធម្មជាតិ​បន្ថែមទៀត​ដល់​ប្រជាកសិករ និង​សុំ​ឲ្យ​ជួយ​រក​ទីផ្សា​កាន់តែ​ទូលាយ និង​ឱ្យ​តម្លៃ​កាន់តែ​ខ្ពស់ជាង​នេះ​។ កន្លងមក​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន បាន​ចងក្រង​ជា​បណ្តុំ​កសិករ​ក្នុងភូមិ​ក្រចាប់​នេះ​និង​បាន​ជួយ​បណ្តុះបណ្តាល​ក្នុង​ការដាំដុះ ការថែទាំ និង​ការប្រើប្រាស់​ជី និង​ជួយ​រក​ទីផ្សា​ជូន​ពួកគាត់ ដោយ​បានធ្វើ​កិច្ចព្រមព្រាង កិច្ចសន្យា ទិញ​លក់ រវាង​អា​ជីករ ពាណិជ្ជករ និង​បណ្តុំ​កសិករ​ដាំ​ដំណាំ​បន្លែ​ធម្មជាតិ ទំ​ពាំ​បារាំង​នេះ​។​

​យោងតាម​ឯកសារ​ស្រាវជ្រាវ​បង្ហាញថា ជាតិ​កាក​សរសៃ​ដ៏​ល្អ​ក្នុង​ដំណាំ​បន្ថែម​ធម្មជាតិ​ទំពាំង​បារាំង​នេះ អាចជួយ​ទប់ទល់​ជាតិ​ស្ករ​នៅក្នុង​ឈាម​មិនឱ្យ​ឡើង​ខ្លាំង ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ ជួយ​ឱ្យ​ពោះវៀនធំ​ងាយស្រួល​ធ្វើការ ជួយ​ឱ្យ​សរសៃសក់​មាន​សុខភាព​ល្អ ជួយ​ថែរក្សា​សុខភាព​ភ្នែក និង​ជួយ​ថែរក្សា​សុខភាព​បេះដូង​ថែម​ទៀតផង​៕
​ដោយ​៖CEN


×