ភ្នំពេញ៖ ឯកឧត្តម សន្តិបណ្ឌិតសុខ ផល ក៏បានណែនាំឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ ជាពិសេសមន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំការនៅតាមច្រកអាកាសយានដ្ឋានអន្តរជាតិ ច្រកទ្វារអន្តរជាតិ និងគ្រប់ច្រកទ្វារទាំងអស់ សូមបន្តអនុវត្តការការពារ ទប់ស្កាត់ ការរាលដាលជំងឺកូវីដ-១៩។
នាព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបើកកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ក្រោយពីបានស្ដាប់របាយការណ៍ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ ដែលអានដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប វី អគ្គនាយករងអន្តោប្រវេសន៍ បានបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១៤ ដល់ខែមិថុនា ឆ្នាំ២០២០នេះ មានជនបរទេស សរុបចំនួន ១៧,២៣០នាក់ ស្រី ២,៩៧១នាក់ ស្មើនឹង ១០៤សញ្ជាតិ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា ក្រោយរកឃើញថា ចូលមកធ្វើការ និងរស់នៅដោយខុសច្បាប់។ បច្ចុប្បន្នមានជនបរទេសកំពុងស្នាក់នៅ កន្លែងត្រៀមបណ្ដេញចេញ នៅមណ្ឌលភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ចំនួន ៩៣នាក់ ស្រី ០៨នាក់ មាន ២០សញ្ជាតិ និងបានស្ដាប់ពីការងារ បទពិសោធន៍ ស្ដីពីការគ្រប់គ្រងជនបរទេស ការរៀបចំឯកសាររដ្ឋបាលដល់ជនអន្តោប្រវេសន៍ ព្រមទាំងការចូលរួមអនុវត្តវិធានការ បង្ការ ទប់ស្កាត់ ការរាលដាលជំងឺកូវីដ-១៩ នៅតាមច្រកអន្តរជាតិ និងទ្វារព្រំដែនអន្តរជាតិ រួមទាំងការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ (FPCS)។
ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រេវេសន៍ បានបញ្ជាក់ថា ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស (FPCS) ចាប់ពីដើមឆ្នាំមក បានរកឃើញថា មានជនបរទេសមិនមែនអន្ដោប្រវេសន៍ ប្រមាណជាង ១៦ម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែចំនួនស្នាក់នៅជាក់ស្ដែង ប្រហែល ១១ម៉ឺននាក់ ដោយនៅក្នុងប្រទេសកម្ពុជា បានកំណត់ប្រភេទជនបរទេសជាបីប្រភេទផ្សេងគ្នា រួមមាន៖ ជនបរទេសមិនមែនអន្ដោប្រវេសន៍, ជនបរទេសអន្ដោប្រវេសន៍ និងជនបរទេសអន្ដោប្រវេសន៍ជាអ្នកវិនិយោគ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់បន្តទៀតដែរថា ជនបរទេសមិនមែនអន្ដោប្រវេសន៍ សម្ដៅទៅលើភ្នាក់ងារដែលបម្រើការនៅស្ថានទូតបរទេស ឬស្ថានកុងស៊ុលបរទេស ឬស្ថានតំណាងបេសកកម្មបរទេស អ្នកជំនាញការអន្តរជាតិ និងជនផ្សេងៗទៀត ដែលចូលមកកម្ពុជាតាមការស្មើសុំ ឬតាមកិច្ចព្រមព្រៀង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយរាប់ទាំងក្រុមគ្រួសារ និងបុគ្គលិករបស់គេ ក្នុងរយៈពេលដែលគេស្នាក់អាស្រ័យនៅ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ដែរថា ដោយប្រើប្រាស់តាមប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស (FPCS) មកដល់ពេលនេះទទួលបាន ចំនួនជាង ១៦ម៉ឺននាក់ ដែលបានចុះបញ្ជីក្នុងប្រព័ន្ធយើង ប៉ុន្ដែប្រព័ន្ធបានបញ្ជាក់ថា វត្តមានជាក់ស្ដែងមានប្រហែលជាង ១១ម៉ឺននាក់ ហើយប្រព័ន្ធនេះក៏កំពុងតាមដានបន្ដទៀត ឬអាចមានការកើនឡើងថែមទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងដែរថា ក្នុងឆមាសទី១នេះ អគ្គនាយកដ្ឋានបានខិតខំប្រឹងប្រែងរៀបចំប្រមូលផ្ដុំ ក្នុងគោលដៅជំរុញ ការគ្រប់គ្រងជនបរទេសមិនមែនអន្ដោប្រវេសន៍ ឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការពិនិត្យស្នើឲ្យបំពេញអាសយដ្ឋានច្បាស់លាស់ ក្នុងសាលកបត្រពេលមកដល់ ការរពង្រឹងសំណុំឯកសារ និងបែបបទពេលមកស្នើសុំទិដ្ឋាការស្នាក់នៅបណ្ដោះអាសន្ន និងការចាត់តាំងអនុវត្តសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានសង្ឃឹមថា ចាប់ពីពេលដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស (FPCS) អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នឹងគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជាបានល្អ និងច្បាស់លាស់ ខណៈបច្ចុប្បន្ននេះជាជំហ៊ានដំបូងក្នុងការប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាដើម្បីគ្រប់គ្រង ។
ក្នុងឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ កោតសរសើរដល់ មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារជំនាញ ជាពិសេសក្នុងដំណាក់កាល នៃការរាលដាលជំងឺកូវីដ-១៩ នេះ មន្ត្រីនគរបាលអន្តោប្រវេសន៍ ក៏ជាកម្លាំងដែលត្រូវប្រាស័យទាក់ទងជាមួយជនបរទេសមុនគេ តែមន្ត្រីទាំងអស់បានចូលរួមអនុវត្តបានយ៉ាងល្អ ទាំងការពារ និងការអនុវត្តការងារជំនាញ។
ឯកឧត្តម សន្តិបណ្ឌិត ក៏បានមានប្រសាសន៍គាំទ្រលើការបង្កើតប្រព័ន្ធគ្រប់គ្រងការស្នាក់នៅជនបរទេស ដែលជាប្រព័ន្ធថ្មី ជាពិសេសងាយស្រួលក្នុងស្វែងរកទិន្នន័យរបស់ជនបរទេស ដែលបានមកស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅពេលដែលមានអ្វីកើតឡើងជាយថាហេតុ លើជនបទេស។ ក្នុងនោះដែរ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល បានឲ្យ ឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍ ពន្លឿនក្នុងរៀបចំឲ្យការដាក់ឲ្យប្រព័ន្ធ (FPCS) នេះផងដែរ៕
ដោយ៖កូឡាប