សៀមរាប ៖ គម្រោងវិនិយោគអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីខេត្តសៀមរាប ដែលមានទំហំទឹកប្រាក់ប្រមាណ៩៦២លានដុល្លារ កំពុងតែមមាញឹកធ្វើការសាងសង់ ទាំងយប់ទាំងថ្ងៃ ដោយប្រើប្រាស់កម្លាំងពលកម្មចំនួន៨០០នាក់ បើទោះបីជាពិភពលោកកំពុងជួបប្រទះនឹងការរាតត្បាតនៃជំងឺកូវីដ ១៩ ដ៏ក្រុមហ៊ុន Angkor International Airport Investment ជម្នះរាល់ឧបសគ្គ ដើម្បីសម្រេចតាមផែនការបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០២២ និងដាក់ឲ្យដឹណើរការនៅខែមីនា ឆ្នាំ២០២៣។
ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
បានដឹកនាំគណៈប្រតិភូចុះពិនិត្យ ការអនុវត្តគម្រោងវិនិយោគអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីខេត្តសៀមរាបរបស់ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd ដើម្បីស្វែងយល់ពីវឌ្ឍនភាព នៃការអនុវត្តគម្រោងក៏ដូចជា បញ្ហាប្រឈមនានានៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ។
លោក Yang Zhao អគ្គនាយកក្រុមហ៊ុនបានឲ្យដឹងថា បើទោះបីជាពិភពលោកកំពុងជួបប្រទះនឹងការរាតត្បាតនៃជំងឺកូវីដ ១៩ ក៏ក្រុមហ៊ុននៅតែបន្តអនុវត្តគម្រោង របស់ខ្លួនតាមផែនការ ។ ជាក់ស្តែងនាពេលបច្ចុប្បន្ន ក្រុមហ៊ុនកំពុងតែមមាញឹកធ្វើការសាងសង់ ទាំងយប់ទាំងថ្ងៃ ដោយប្រើប្រាស់កម្លាំងពលកម្មចំនួន៨០០នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តមសុខ ចិន្តាសោភា បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលទទួលបានបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូ និងបន្តអនុវត្តគម្រោងរបស់ខ្លួន នៅក្នុងដំណាក់កាលក៏លំបាកនៃការរាតត្បាតជំងឺកូវីដ១៩នេះ ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ដល់ក្រុមហ៊ុនដែលបានចាត់វិធានការបង្ការ ការឆ្លងរាតត្បាតនៃជំងឺនេះតាមរយៈការវាស់កម្តៅ និងការផ្តល់ម៉ាស ដល់កម្មករទាំងអស់។ ឯកឧត្តមបានបន្ថែមទៀតថា គម្រោងវិនិយោគនេះជាគម្រោងអាទិភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជាចិន ក្រោមអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការជាតិកំណែទម្រង់និងអភិវឌ្ឍន៍ចិន ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគនិងសមត្ថភាពផលិត។ ក្នុងន័យនេះ ឯកឧត្តមសង្ឃឹមថា ក្រុមហ៊ុននឹងអនុវត្តគម្រោងនេះដោយជោគជ័យតាមការគ្រោងទុក។
គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីខេត្តសៀមរាប មានទីតាំងស្ថិតនៅលើផ្ទៃដីទំហំប្រមាណ ៧០០ហិកតា ក្នុងឃុំតាយ៉ែត ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានវិនិយោគដោយក្រុមហ៊ុនមកពីខេត្តយូនណាន នៃប្រទេសចិន ក្នុងគម្រោងទុនវិនិយោគប្រមាណ ៩៦២លានដុល្លារ។ តាមការគ្រោងទុកព្រលានយន្តហោះថ្មីនេះ នឹងបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០២២ និងដាក់ឲ្យដឹណើរការនៅខែមីនា ឆ្នាំ២០២៣៕
ដោយ៖កូឡាប