ព្រះសីហនុ៖ កសិដ្ឋានចិញ្ចឹមកង្កែប និង ត្រី មានទីតាំងស្ថិតនៅក្នុង ភូមិ១ ឃុំទំនប់រលកស្រុកស្ទឹងហាវ កំពុងដំណើរការ និងទទួលបានលទ្ធផលជាបណ្ដើរៗ និងអំពាវនាវឱ្យមានគាំទ្រ។
កសិដ្ឋានចិញ្ចឹមកង្កែប និង ត្រីនេះ បច្ចុប្បន្នមសនក្រុមនិស្សិតមកពីរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដោយបានសហការគ្នា បង្កើតកសិដ្ឋានចិញ្ចឹមកង្កែប និង ត្រី នៅក្នុងទឹកដីស្រុកស្ទឹងហាវ ដោយមានការជួយជ្រោមជ្រែង ផ្ដល់កន្លែង ចិញ្ចឹម សម្រាប់ដល់ក្រុមយុវនិស្សិត ដើម្បីបង្កើន ប្រាក់ចំណូលនៅក្នុងសហគមន៍របស់ខ្លួន ហើយការចិញ្ចឹមនេះនៅលើផ្ទៃ ដីចំនួន៥ហិកតា ដែលមានកង្កែប នឹងត្រី។
អ្នកជំនាញចិញ្ចឹមកង្កែបនិងត្រី នៅក្នុងកសិដ្ឋាននេះ បានឱ្យដឹងថា ទីតាំងស្រះអំណោយផលមានទឹកអាចហូរចេញចូលបាន ដូច្នេះកូនកង្កែប អាចធំលូតលាស់បានលឿន ដែលប្រើរយៈពេលត្រឹមតែ៤៥ថ្ងៃ នឹងអាចទទួលផលលក់នៅលើទីផ្សារ ដោយទម្ងន់កង្កែប ៤ទៅ៥ក្បាលក្នុង១ គីឡូ។ រីឯតម្លៃលក់នៅលើទីផ្សារបោះដុំ គឺចំនួន ៧.៥០០រៀលក្នុង១ គីឡូ។
គួរបញ្ជាក់ថា ក្រុមនិស្សិតដែលចិញ្ចឹមកង្កែប និងត្រីនេះ បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជួយគាំទ្រ នូវផលិតផលរបស់ខ្លួន ដែលបានខិតខំក្នុងការចិញ្ចឹម ដើម្បីជួយទ្រទ្រង់ទៅដល់សហគមន៍របស់និស្សិត ខេត្តបន្ទាយមានជ័យ ព្រោះនេះគឺជាស្នាដៃរបស់កូនខ្មែរ៕
ដោយ៖CEN