Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គល​ដែល​មិន​គោរព និង​មិន​ប្រតិបត្តិ​តាម​វិធានការ​សុខាភិបាល ឬ​រត់​គេចវេស នឹងត្រូវ​ទទួលទោស ឬ​ទទួល​ការផាកពិន័យ ស្របតាម​ផ្លូវច្បាប់​មាន​ជាធរ​មាននៅ​កម្ពុជា​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០២០​នេះ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌី​ន បាន​ថ្លែងថា តាមរយៈ​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​ថា​៖​កន្លងមក ក៏​មានការ​គេចវេស​ក្នុងការ​ធ្វើតេស្តរ​កវី​រុស​កូ​វីដ​-១៩ ក្នុង​ចំនួន​តិចតួច​ណាស់ តែ​មិន​មានការ​គេចវេស​ធ្វើ​ច​ត្តា​ឡី​ស័ក​បែប​ដូច​ករណី​ស្ត្រី​ខ្មែរ​-​អាមេរិកកាំង​នេះ​ទេ ហើយ​បាន​អប់រំ​ណែនាំ​ពួកគាត់ ដើម្បី​ព្រមព្រៀង​ធ្វើតេស្ត និង​តាមដាន​សុខភាព​និង ត្រូវបាន​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ខេត្តកំពង់ចាម​ចំនួន​១៤​ថ្ងៃ នៅក្នុង​សណ្ឋាគារ​មួយ​ដែល​បានរៀបចំ​ឡើង​ដោយ​អាជ្ញាធរខេត្ត​។ បុគ្គល​ដែល​មិន​គោរព និង​មិន​ប្រតិបត្តិ​តាម​វិធានការ​សុខាភិបាល ឬ​រត់​គេចវេស ពី​ការអនុវត្ត​វិធានការ​នេះ ដោយ​ចេតនា ឬ​អ​ចេតនា​ក្តី នឹងត្រូវ​ទទួលទោស ឫ​ទទួល​ការផាកពិន័យ ស​ស្របតាម​ផ្លូវច្បាប់​មាន​ជាធរ​មាននៅ​កម្ពុជា​។​

លោកជំទាវ ឱ វណ្ណឌី​ន បាន​ថ្លែងថា ខ្ញុំ​សូម​ជម្រាបជូន​សាធារណជន​ទាំងអស់ ដោយ​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ជាច្រើន​ដែល​បាន​សាកសួរ​មក​ខ្ញុំ មាន​សំណួរ​ប្រហាក់ប្រហែលគ្នា​ដូចខាងក្រោម​នេះ​៖
​សំណួរ​ទី​១. តើ​ស្ត្រី​អនិកជន​ខ្មែរ​-​អា​មេ​រិច​កាំ​ង​នោះ នៅ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ខេត្តកំពង់ចាម ឬ​យកមក​ភ្នំពេញ​? ព្រោះ​ឮថា ក្រសួងសុខាភិបាល​យក​គាត់​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ភ្នំពេញ​?
​ចម្លើយ​សំណួរ​ទី​១. ស្ត្រី​រូបនោះ ត្រូវបាន​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ខេត្តកំពង់ចាម​ចំនួន​១៤​ថ្ងៃ នៅក្នុង​សណ្ឋាគារ​មួយ​ដែល​បានរៀបចំ​ឡើង​ដោយ​អាជ្ញាធរខេត្ត​។

​សំណួរ​ទី​២៖ តើ​កន្លងមក​ធ្លាប់មាន​ករណី​រត់ចេញ​ពី​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះដែរ​ឫ​ទេ​? បើ​មាន តើ​សរុប​ប៉ុន្មាន​ករណី​ដែរ​?
​ចម្លើយ​សំណួរ​ទី​២. កន្លងមក ក៏​មានការ​គេចវេស​ក្នុងការ​ធ្វើតេស្តរ​កវី​រុស​កូ​វីដ​-១៩ ក្នុង​ចំនួន​តិចតួច​ណាស់ តែ​មិន​មានការ​គេចវេស​ធ្វើ​ច​ត្តា​ឡី​ស័ក​បែប​ដូច​ករណី​ស្ត្រី​ខ្មែរ​-​អាមេរិកកាំង​នេះ​ទេ​។ យើង​បាន​អប់រំ​ណែនាំ​ពួកគាត់ ដើម្បី​ព្រមព្រៀង​ធ្វើតេស្ត និង​តាមដាន​សុខភាព​បន្ត​។

​សំណួរ​ទី​៣៖ តើ​ក្រសួងសុខាភិបាល​នឹងមាន​វិធានការ​បែបណា សម្រាប់​ស្ត្រី​រូបនេះ ឬ​អ្នករត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័​ក្ត ដោយ​ដាក់​ទោសទណ្ឌ ឬ​ពិន័យ​អ្វី​ទេ ដើម្បី​ការពារ​កុំឱ្យ​មានការ​រត់ចេញ​បែបនេះ​ទៀត​?
​ចម្លើយ​សំណួរ​ទី​៣. នេះ​ជា​ករណី​ដែល​បាន​ចាក​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​មិនបាន​ស្នើសុំ​ត្រឹមត្រូវ ដែលជា​ទង្វើ​លួច​ចេញ​ដោយ​មិន​គោរព​តាម​វិធានការ​ច​ត្តា​ឡី​ស័ក សម្រាប់​គ្រប់គ្រង​ប្រទេស ក្នុង​គ្រា​មានការ​រាតត្បាត​ជំងឺឆ្លង​ជា​អន្តរជាតិ​នេះ​។ ករណីនេះ ទាមទារ​ពេលវេលា​បន្តិច​សិន ដើម្បី​ក្រុមការងារ​ថ្នាក់ក្រោម​ជាតិ​ដែលមាន​អាជ្ញាធរខេត្ត​ដឹកនាំ កំពុងធ្វើការ​ងារ​បន្ត​ទៀត​សិន​។

​សំណួរ​ទី​៤៖ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នឹងត្រូវ​ធ្វើដំណើរ​ពី​ប្រទេស​រុស្ស៊ី និង​អេ​ហ្ស៊ី​ប ឆ្លងតាម​ប្រទេស​ម៉ាឡេស៊ី តើ​ក្រសួងសុខាភិបាល​នឹងមាន​វិធានការ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ពួកគាត់​នៅឯណា​?

​ចម្លើយ​សំណួរ​ទី​៤. ក្រសួង​បាន​ត្រៀមលក្ខណៈ​ជួយ​សម្របសម្រួល​អនុវត្ត​វិធានការ​ត្រួតពិនិត្យ​សុខភាព​ជូន​ដល់​អ្នកដំណើរ​ទាំងអស់ ដែល​ត្រូវ​ចូលមក​កម្ពុជា ដូចដែល​បាននិងកំពុង​ធ្វើ​ហើយ​។ ប្រសិនបើ​មាន​ព័ត៌មាន​អ្វី​បន្ថែមទៀត ក្រសួងសុខាភិបាល​នឹង​ជូន​ព័ត៌មាន ដល់​សាធារណជន ដូច​ធ្លាប់​បានធ្វើ​កន្លងមក​អញ្ចឹង​។

​សំណួរ​ទី​៥. តើ​លោកជំទាវ​មាន​ជា​សារ​ឬ​ការណែនាំ​អ្វី​ចង់​បញ្ជាក់​បន្ថែមទៀត​អ្វីខ្លះ​ដែរ​ទេ​?
​ចម្លើយ​សំណួរ​ទី​៥. ថ្ងៃនេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សេចក្តីណែនាំ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​រួចហើយ ដូច្នេះ ខ្ញុំ​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ការប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន​ក្នុងការ​ការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ តាម​ការអំពាវនាវ និង​ការណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​របស់​ក្រសួងសុខាភិបាល ដូចដែល​ធ្លាប់បាន​ពន្យល់​និង​លើកឡើង​ជារឿយៗ និង​ច្រើនលើក​មកហើយ​ដែរ​។ សម្រាប់​បុគ្គល​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ​៖ ចាំបាច់​ត្រូវតែ​គោរព​អនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក​នេះ ឲ្យ​បាន​ហ្មត់ចត់​ត្រឹមត្រូវ ទាំង​ជនជាតិខ្មែរ ទាំង​ជនបរទេស​ទាំងអស់​ដែល​រស់នៅ និង​ចូលមក​កម្ពុជា​។ ប្រសិនបើ​មិន​ប្រតិបត្តិ​តាម​វិធានការ ដែល​ក្រសួងសុខាភិបាល ដាក់ចេញ​ឲ្យ​អនុវត្ត​នោះទេ បុគ្គល​ដែល​មិន​គោរព និង​មិន​ប្រតិបត្តិ​តាម​វិធានការ​សុខាភិបាល ឫ​រត់​គេចវេស ពី​ការអនុវត្ត​វិធានការ​នេះ ដោយ​ចេតនា ឫ​អ​ចេតនា​ក្តី នឹងត្រូវ​ទទួលទោស ឬ​ទទួល​ការផាកពិន័យ ស្របតាម​ផ្លូវច្បាប់​មាន​ជាធរ​មាននៅ​កម្ពុជា ដូចជា​អនុក្រឹត្យ​លេខ​១២៩ អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៥ ស្តីពី វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ​នៃ​ជំងឺ​នៅតាម​ច្រកចេញចូល ជាដើម​។

​លោកជំទាវ ឱ វណ្ណឌី​ន បាន​ថ្លែងថា “​ខ្ញុំ​សូម​អរគុណ​ជា​អនេក នូវ​ការចូលរួមរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់ ក្នុងការ​អនុវត្ត​វិធានការ​សុខាភិបាល និង​ការការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ ឲ្យ​បាន​ខ្ជាប់ខ្ជួន កុំ​ភ្លេចខ្លួន​ឲ្យ​សោះ​ថា កូ​វីដ​-១៩ កំពុងតែ​នៅ​ចរាចរ​រាតត្បាត​ពាសពេញ សាកលលោក​យ៉ា​ក្លាំងក្លា​នៅឡើយ​ទេ និង​សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មាន​សុខ​ភាពល្អ សប្បាយរីករាយ​ដោយ​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ក្នុង​ថ្ងៃ​ឈប់សម្រាក​ការងារ​នៅ​ថ្ងៃទី​១៧ ដល់ទី​២១ ខែសីហា ឆ្នាំ​២០២៩ នាពេល​ខាងមុខនេះ និង​សូម​ចៀសផុត​ការចម្លង​វីរុស​កូ​វីដ​-១៩​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ទៀត និង​កុំ​ឲ្យ​មានការ​ចម្លង​ចូលក្នុង​សហគមន៍​យើង​ផងដែរ​”៕ ដោយ​៖​កូ​ឡាប​

×