សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានមកទិញបន្លែធម្មជាតិរបស់បងប្អូនប្រជាសហគមន៍ជាច្រើន ស្រុកដែលបានដាក់តាំងលក់នៅខាងមុខឈៀងខាងកើត នៃសួនច្បារមហាសណ្ឋាគារក្រុងសៀមរាប។
លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ដោយមានការឯកភាព នឹងគាំទ្រពីអាជ្ញាធរខេត្ត មន្ទីរកសិកម្ម និងរុក្ខាប្រម៉ាញ់ខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត ក្រសួងកសិកម្ម និងរុក្ខាប្រម៉ាញ់ ក្នុងគោលបំណងដើម្បីជួយជំរុញទីផ្សារបន្លែសុវត្ថិភាព របស់សហគមន៍បងប្អូននៅតាមស្រុកមួយចំនួន ក្នុងខេត្តសៀមរាបនេះ ឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត។ លោក បានបន្តទៀតថា បច្ចុប្បន្ន ខាងសហគមន៍បន្លែសុវត្ថិភាពមកពីស្រុកចំនួន៦ គឺស្រុកស្វាយលើ ស្រុកបន្ទាយស្រី ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ក្រុងសៀមរាប ស្រុកពួក ដែលមានបន្លែធម្មជាតិជាច្រើនមុខ និងស្តង់សម្រាប់ដាក់លក់នៅទីលានហាត់ប្រាណ ក្នុងសួនច្បារនៃមហាសណ្ឋាគារនេះ ជារួមសរុបចំនួនស្តង់មាន ១១ស្តង់ហើយៗ ខែក្រោយៗ អាចបន្ថែមចំនួន ៥ ស្តង់ទៀតសម្រាប់ការដាក់លក់បន្លែទាំងនោះ រហូតដល់ឆ្នាំក្រោយអាជ្ញាធរពាក់ព័ន្ធ គ្រោងនឹងបង្កើតស្តង់សម្រាប់បងប្អូនសហគមន៏លក់នៅពេលល្ងាចៗ ដូចជាលក់ផ្លែឈើគ្រប់ប្រភេទជាដើម បន្ទាប់ពីជម្ងឹកូវីដ.១៩ បានស្ងប់ស្ងាត់។
ការលក់បន្លែសុវត្ថិភាពរបស់សគមន៍នេះ បើកលក់បានតែ២ថ្ងៃក្នុងមួយសប្តាហ៍ គឺយើងលក់នៅថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ដោយលក់ចាប់ពីម៉ោង ៧:០០នាទី រហូតដល់ម៉ោង ១១:០០នាទីថ្ងៃត្រង់ ក្រៅពីនោះគឺពួកគាត់លក់នៅតាមផ្សារនានាផងដែរ។
ជាមួយគ្នានេះ ប្រជាកសិករ បានលើកឡើអអំពីការដាំបន្លែធម្មជាតិនេះ ដោយគ្រាន់តែប្រើជីធ្វើពីធម្មជាតិ ដែលគេហៅថា ជីកំប៉ុស្តធ្វើពីរុក្ខជាតិតូចៗ និងអាចម៍គោ អាចម៍មាន់ ដោយពួកគាត់មិនបានប្រើប្រាស់ជីសារធាតុគីមីឡើយ។
គួររំលឹកថា រយៈកាលកន្លងមក គេសង្កេតឃើញ ថ្នាក់ដឹកនាំខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និង លោកជំទាវ តែងតែអញ្ជើញចុះជួបជាមួយបងប្អូនអាជីវករលក់ដូរនៅផ្សារបន្លែសុវត្ថិភាព និងជួយគាំទ្រផលិតផលក្នុងស្រុក ស្ទើរតែជារៀងរាល់ចុងសប្តាហ៍ទៀតផង៕
ដោយ៖កូឡាប