Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន នៅ​ខេត្តសៀមរាប ត្រៀម​ទទួល​ភ្ញៀវទេសចរ ក្នុងឱកាស​ឈប់សម្រាក​រយៈពេល​៥​ថ្ងៃ នា​ខែសីហា​ខាងមុខនេះ​

​សៀមរាប ៖ ខណៈដែល​ខេត្តសៀមរាប ជា​ខេត្ត​មាន​សក្តានុពល​ផ្នែក​ទេសចរណ៍​យ៉ាងខ្លាំង​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ​បាន​ណែនាំ​ដល់​មន្ត្រីរាជការ និ​យ​ជិត និង​កម្មករ ក្នុងឱកាស​ឈប់សម្រាក​សង​ពេល​ចូលឆ្នាំ​រយៈពេល​៥​ថ្ងៃ នា​ខែសីហា​ខាងមុខនេះ ។ ​ដូចនេះ​ខេត្ត​និង​អាជីវករ ដែលជា​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន ត្រៀម​ទទួល​ភ្ញៀវទេសចរ​ជាតិ ​ទោះបី​ស្ថានភាព​ភ្ញៀវទេសចរ​អន្តរជាតិ ពុំទាន់​មានការ​កើនឡើង​ក៏ដោយ តែ​ទោះជា​យ៉ាងណា​ត្រូវ​ប្រកាន់​ភ្ជាប់ នូវ​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប បាន​ថ្លែង​បែបនេះ​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តសៀមរាប ​បាន​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១​និង​ទិសដៅ​អនុវត្ត បន្ត​ឆមាស​ទី​២​ឆ្នាំ​២០២០ ​នៅ​បន្ទប់​ប្រជុំ​សាលាខេត្ត​សៀមរាប នា​ចុង​សប្តាហ៍​ថ្ងៃអាទិត្យ​ទី ១៩ ខែ កក្កដា ឆ្នាំ​២០២០​នេះ​។​

​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បានធ្វើ​សេចក្តីរាយការណ៍ អំពី​សមិទ្ធផល​របស់​រដ្ឋបាលខេត្ត និង​សកម្មភាព​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តសៀមរាប​ប្រចាំឆមាស​ទី​១​ឆ្នាំ​២០២០ ដោយបាន​បញ្ជាក់ថា ក្នុង​ឆមាស​ទី​១ ​ឆ្នាំ​២០២០ រដ្ឋបាល​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ រក្សា​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ ការងារ​សេដ្ឋកិច្ចសង្គម ដោះស្រាយ​បញ្ហា​នៅតាម​វេ​ទិ​ការ​បាន​រលូន​និង​ចំ​បញ្ហា​ទៀតផង ។

​រដ្ឋបាលខេត្ត​បាន​គ្រប់គ្រង​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​១៩ បានល្អ​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល និង ក្រសួងសុខាភិបាល និង បន្ត​រឹតបន្តឹង​ពិនិត្យ​តាមដាន​ជាប្រចាំ ប្រជាពលរដ្ឋ​មកពី​ក្រៅប្រទេស និង យកចិត្តទុកដាក់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង អនុវត្ត​បទបញ្ជាសេចក្តីណែនាំ និង ផែនការ​សកម្មភាពរ​បស់​រាជរដ្ឋាភិបាល ដោយមាន​កិច្ចសហការ​ជា​ប្រចាំ​រវាង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង ស្រុក ជាមួយ​រដ្ឋបាល​មូលដ្ឋាន និង សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​រៀបចំ​វេទិកាសាធារណៈ ព្រមទាំង​ដោះស្រាយបាន​ទាន់ពេលវេលា នូវ​រាល់​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ ស្របតាម​គោលដៅ​ផែនការ​ដាក់ចេញ​ក្នុង​ឆ្នាំ​២០១៩​កន្លងមក ។ ក្នុងនោះ​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​លើក​ផងដែរ ។ ​នៅ​ថ្ងៃ​ឈប់សម្រាក​សង​ពេល​ចូលឆ្នាំ​នោះ នឹងមាន​រៀបចំ​ធ្វើ​នូវ កម្មវិធី​នៅ​ខេត្តសៀមរាប ទៅតាម​បែប​សាសនា និង កីឡា ​ដោយមាន​កិច្ចសហការ​ជាមួយ​ក្រសួងសុខា​ភិបាល និង ក្រសួងទេសចរណ៍ ដែលមាន​រយៈពេល​២​ថ្ងៃ​ក្នុង​គោលដៅ​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ចូលមក​ទស្សនា​កម្សាន្ត ។

​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ បាន​លើកឡើងថា នៅ​ខែសីហា​ខាងមុខនេះ រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​មន្ត្រីរាជការ និ​យ​ជិត​និង​កម្មករ​ឈប់សម្រាក​រយៈពេល​៥​ថ្ងៃ ដូចនេះ​ខេត្ត​និង​អាជីវករ​ដែលជា​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ​និង​ភោជនីយដ្ឋាន​ត្រៀម​ទទួលភ្ញៀវ​ទេ​សរជាតិ ទោះបី​ស្ថានភាព​ភ្ញៀវទេសចរ​អន្តរជាតិ​ពុំទាន់​មានការ​កើនឡើង​ក៏ដោយ​តែ​ទោះជា​យ៉ាងណា​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។ ជាមួយគ្នានេះ​សម្តេច​ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក​វ៉ារិន ស្រុក​ស្វាយ​លើ​ដែលមាន​បញ្ហា​ព្រំប្រទល់​រដ្ឋបាល​ត្រូវធ្វើ​ការដោះស្រាយ​ជាមួយ​ស្រុក​និង​ស្រុក​សិន ប៉ុន្តែ​ប្រសិនជា​ការដោះស្រាយ​នេះ ពុំបាន​លទ្ធផល​យ៉ាងណា​នោះ​ក្រសួងមហាផ្ទៃ​នឹង​ចុះមក​ដោះស្រាយ​ដើម្បី​បញ្ចប់​បញ្ហា​។ ម្យ៉ាងទៀត ចំពោះ​ប្រព័ន្ធធារាសាស្ត្រ​និង​សំណង់​ទ្វារ​ទឹក​នៅ​តំបន់ភ្នំ​គូ​លែន ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ពិនិត្យ​លទ្ធភាព និង​លើក​ចូលក្នុង​ផែនការ​ឆ្នាំ​២០២១​របស់​ក្រសួង​ដើម្បី​ធ្វើការ​ទប់ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់ និង​អាស្រ័យ​ផល​ក្នុង​រដូវប្រាំង​។ មួយវិញទៀត​ស្នើ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ទាំងអស់ ត្រូវតែ​បន្ត​ការទប់ស្កាត់​នូវ​ការរាប់​ព្រៃ និង​ទន្ទ្រាន​ដីព្រៃ​វាត​ធ្វើជា​កម្មសិទ្ធិ​។

​ដោយឡែក​ចំពោះ​ការធ្វើ​អត្តសញ្ញាណ​ប្រជាជន​ក្រីក្រ និង​ការផ្តល់​សាច់ប្រាក់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ត្រូវធ្វើ​ឱ្យមាន​តម្លាភាព​និង​ចំ​គោលដៅ​ជៀសវាង​មានការ​ថ្នាំងថ្នាក់​គ្នា​រវាង​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន​។​

​បើតាម​ប្រសាសន៍​របស់​សម្តេច​ទៀ បាញ់​៖ ចំពោះ​អាជ្ញាធរ​ក្រុង​ដែល​បាន​លើក​ពី​បញ្ហា​ការវិនិយោគ​រោងចក្រ​កែច្នៃ​សំរាម​នេះ ​គឺ​ចំណុច​វិជ្ជមាន​ថ្មី​មួយទៀត ដែល​អាច​លើកកម្ពស់​អនាម័យ​បរិស្ថាន ​និង​សោភ័ណភាព​ក្រុង​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែម​មួយកម្រិត​ទៀត​។

​សម្តេច​បាន​សង្កត់ធ្ងន់​ថា​” ចំពោះ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​ខេត្តសៀមរាប គឺមាន​ស្ថាន​ភាពល្អ​ដោយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​បាន​សហការគ្នា​ក្នុងការ​ទប់ស្កាត់ និង​តាមដាន​ជាប្រចាំ ពិសេស​បានធ្វើ​ច​ត្តា​ឡី​ស័ក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​វិលត្រឡប់​មកពី​ក្រៅប្រទេស​។ មួយវិញទៀត សម្តេច​ក៏បាន​បន្ថែមថា ​បញ្ហា​កូ​វីដ​-១៩​នេះ​ក៏​ពុំទាន់​មានការ​ឆ្លង​ជា​សហគមន៍ និង​នរណាម្នាក់​បាន​ស្លាប់​នោះទេ តែ​គឺ​ជាការ​នាំចូល​តែប៉ុណ្ណោះ​ទោះជា​បែបនេះ​ក្តី​យើង​ក៏ត្រូវ​បង្កើន​នូវ​ការប្រុងប្រយ័ត្ន​ដដែល ជៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ដោយ​ប្រការ​ណាមួយ​”៕ ​ដោយ​៖​កូ​ឡាប​

×