បន្ទាយមានជ័យ ៖ មន្ត្រីសាខាកាំកុង ត្រូលខេត្តបន្ទាយមានជ័យ បានសហការជាមួយប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងសម្របសម្រួលពីព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ បានចុះចាប់បានទំនិញប្រហិតខូចគុណភាពចំនួន ៤៥០គីឡូក្រាម ដែលលួចបង្កប់ ចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត រួចនាំយកទៅដុតកំទេចចោលនាល្ងាចថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៨។
លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យអោយដឹងថា ៖ ទំនិញអាហារនោះមានដូចជាប្រហិតសាច់គោ ប្រហិតសាច់ត្រី ប្រហិតសាច់មាន់ តៅហ៊ូ ប្រហិតត្រីឆ្លាម ប្រហិតសាច់ជ្រូក ដែលគេក្លាស្សេទឹកកកមិនដល់កម្រឹត ធ្វើឲ្យខូចគុណភាព និងមានការវេចខ្ចប់ខ្វះស្តង់ដាបច្ចេកទេសទៀតផង។
លោកបន្តថា ក្នុងសកម្មភាពដែលមន្ត្រីចម្រុះនិងលោក ធ្វើនេះ គឺជាការ ដាស់តឿន ព្រមានដល់បងប្អូនពលរដ្ឋ គួរចៀសវាង ក្នុងការជាវទិញ ទំនិញឬរបស់ដែលខួចគុណភាពដើម្បីបរិភោគ ព្រោះវាមានផលប៉ះពាល់ដល់សុខភាពឬជម្ងឺ រហូតដល់ជីវិតតែម្តង។
សូមរំលឹកថា កន្លងមកនិងស្ទើររាល់ថ្ងៃ មន្ត្រីកាំកុងត្រូលសហការនឹងកម្លាំង ឬមន្ត្រីជំនាញពាក់ព័ន្ធ បានចុះអប់រំ ផ្សព្វផ្សាយនៅតាមទីផ្សារ សាលារៀន និងកន្លែងផ្សេងៗទៀត ដើម្បីឲ្យពលរដ្ឋ សិស្ស និស្សិត បានយល់ជ្រាបពីទំនិញខូចគុណភាព ទំនិញហួសកាលកំណត់ប្រើ ទំនិញវេចខ្ចប់មិនតហរឹមត្រូវ គ្មានស្លាកសញ្ញាសរសេរអក្សរជាខ្មែរ គ្មានអនាម័យ គ្មានប្រភពច្ចាស់លាស់ មានលាយសារធាតុគីមីហួសហេតុ ឬទំនិញហាមប្រើប្រាស់តែម្តង៕ ដោយ ៖ បន្ទាយ