ភ្នំពេញ៖នាថ្ងៃទី២០ ខែកក្កដា ឯកឧត្តម Zhong Shan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានអញ្ជើញរៀបចំកិច្ចប្រជុំរួមគ្នាតាមVideo Conference និងបានប្រកាសរួមគ្នាថា កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរ។ នេះបើតាមការប្រកាសព័ត៌មានរបស់ស្ថានទូតចិនប្រចាំកម្ពុជា។
ក្រោយពីបានបញ្ចប់កិច្ចប្រជុំខាងលើនេះ ភាគីទាំងពីរបានចុះផ្សាយ សេចក្តីថ្លែងការណ៍រួមស្តីពីការបញ្ចប់កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ដោយបានលើកឡើងថា ប្រទេសទាំងពីរបានបញ្ចប់កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានទិសដៅប្រកបដោយអត្ថប្រយោជន៍ ទាំងនេះនឹងជាកម្លាំងជំរុញថ្មីមួយ ក្នុងការពន្លឿនការកសាងសហគមន៍ជោគវាសនារួម រវាងចិននិងកម្ពុជា ប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ។
ភាគីទាំងពីរនឹងអនុវត្តតាមនីតិវិធីក្នុងប្រទេសរៀងៗខ្លួន ខិតខំសម្រេចឲ្យបានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៃទ្វេភាគីឲ្យបានឆាប់រហ័ស។
កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា ត្រូវបានចាប់ផ្តើមនាចុងឆ្នាំ២០១៩ ដំណើរការតែជាងពាក់កណ្ដាលឆ្នាំក៏ឈានដល់ការឯកភាពគ្នា នេះបានបង្ហាញពីកម្រិតខ្ពស់ នៃទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ។
បើតាមក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលជាកិច្ចព្រមព្រៀងមួយដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងយូរអង្វែងជាប្រពៃណី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយដោយជោគជ័យ ក្នុងរយៈពេលមួយដ៏ខ្លីនេះ បានបង្ហាញពីចន្ទៈនៃថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និត និងទូលំទូលាយ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមជាច្រើន ដល់ប្រជាជននៃប្រទេសទាំងពីរ តាមរយៈការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញ និងសេវា ការជំរុញការវិនិយោគទូលំទូលាយ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀតផងដែរ។
ជាជំហានបន្ទាប់ ភាគីទាំងពីរនឹងអនុវត្តនីតិវិធីផ្ទៃក្នុងរៀងៗខ្លួន ដើម្បីឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នៅក្នុងឆ្នាំ២០២០ នេះ៕
ដោយ៖កូឡាប