Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ៖ មេបញ្ជាការ​អង្គភាព​នីមួយៗ មិនមែនជា​ម្ចាស់​អង្គភាព​នោះទេ ភារកិច្ច​របស់​មេបញ្ជាកា​រ ការពារជាតិ​មាតុភូមិ ការពារ​សុខសន្តិភាព ជូន​ប្រជាពលរដ្ឋ

​បាត់ដំបង​៖ នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង បាត់ដំបង ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ បាន​ប្រារព្ធ​ពិធី​ប្រកាស​តែងតាំង​ផ្លាស់ប្ដូរ​មុខតំណែង ជូន​ជូន​នាយទាហាន ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​។​

​ក្នុងឱកាស​នោះ ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ឃ្នួច មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបាត់ដំបង​ចាស់ បាន​ឡើង​មានមតិ​ស្វាគមន៍ ដោយបាន​លើកឡើង​ពី​សមិទ្ធផល​មួយចំនួន ដែល​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក លើ​ការងារ​កសាង​អង្គភាព ការពង្រឹង​សមត្ថភាព​កងទ័ព តាមរយៈ​ការហ្វឹកហ្វឺន ផ្នែក​យុទ្ធវិធី អប់រំ​ចិត្តសាស្ត្រ នយោបាយ​សតិអារម្មណ៍ ការកសាង​ជំរំ​ស្នាក់នៅ កន្លែងធ្វើការ ផ្ទះបាយ​សមូហភាព និង​ការជួយ​ដល់​អតីតយុទ្ធជន សំដៅ​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​រស់នៅ របស់​អតីតយុទ្ធជន​ឲ្យ​បានល្អ​ប្រសើរ​។ ឯកឧត្តម អ៊ុក ឃ្នួច បាន​បញ្ជាក់ថា​៖ ចាប់​ពីថ្ងៃ​បង្កើត កងឯកភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបាត់ដំបង​មក អង្គភាព​នេះ មាន​មេបញ្ជាការ ចំនួន​១០​រូប រួចមកហើយ ហើយ​ឧ​ត្ត​ម​គឺជា​មេបញ្ជាការ​ទី​១១ ដែល​បាន​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០០៥ មកដល់​ពេលបច្ចុប្បន្ន​នេះ​ម​មាន​រយៈពេល ១៦​ឆ្នាំ​ហើយ​។​

​ថ្លែង​ក្នុងឱកាស​នោះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​សំដែង​នូវ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ស្មារតី​ទទួលខុសត្រូវ របស់​មេបញ្ជាការ មេបញ្ជាការរង នាយទាហានរង និង​ពលទាហាន របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបាត់ដំបង ក្នុង​ដំណើរ​ការកសាង និង​ពង្រឹង​អង្គភាព​ចាប់តាំងពី​ការបង្កើត​ក្នុង​ឆ្នាំ​១៩៧៩ ដោយ​ទទួលបាន​ស្នាដៃ និង​សមិទ្ធផល​ជាច្រើន រហូតមកដល់​បច្ចុប្បន្ន​នេះ​។

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក៏បាន​សម្ដែង​ការកោតសរសើរ ចំពោះ​មេបញ្ជាការ​ចាស់ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​លើ​ការងារ​អតីតយុទ្ធជន ដែល​បងប្អូន​បាន​លះបង់ ចំពោះ​ជាតិ​មាតុភូមិ និង​ជា​អ្នកមានគុណ​បំណាច់​យ៉ាង​ធំធេង ចំពោះ​ប្រទេសជាតិ​។ តាមរយៈ​ពិធី​ប្រកាស​តែងតាំង​ផ្លាស់ប្ដូរ​មុខតំណែង ជូន​នាយទាហាន ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង​នាពេលនោះ ឯកឧត្តម បាន​បញ្ជាក់ថា​៖ មេបញ្ជាការ​អង្គភាព​នីមួយៗ មិនមែនជា​ម្ចាស់​អង្គភាព​នោះទេ ភារកិច្ច​របស់​មេបញ្ជាកា​រ​នីមួយៗ គឺ​ត្រូវ​រក្សា​សមិទ្ធផល ដែល​មេបញ្ជាការ​មុន​បាន​កសាង និង​ត្រូវខិតខំ​កសាង​បន្ថែមទៀត ដើម្បី​បន្សល់​ទុកឱ្យ​មេបញ្ជាការ​បន្ទាប់ បន្ត​បំពេញភារកិច្ច ពីព្រោះ​អង្គភាព នៅតែមាន​ភារកិច្ច​ការ​ពារ​ជាតិ​មាតុភូមិ ការពារ​សុខសន្តិភាព ជូន​ប្រជាពលរដ្ឋ​។

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់ថា​៖ ការតែងតាំង​នាយទាហាន​ជា​មេបញ្ជាការ បានធ្វើការ​វាយតម្លៃ​ដោយ​ផ្អែកទៅលើ​ឆន្ទៈ សមត្ថភាព​បទពិសោធន៍​ការងារ សុខភាព ការទទួលខុសត្រូវ​ភាពជា​អ្នកដឹកនាំ ហើយក៏​ផ្អែកទៅលើ​មូលដ្ឋាន​នៃ​និរន្តរភាព របស់​នាយទាហាន​តាម​ជំនាន់ ជាមួយគ្នា ដើម្បី​ផ្ដល់ឱកាស​ឲ្យ​គាត់​សហការគ្នា ជាពិសេស ផ្តល់​អទិភាព​អោយ​អ្នក​នៅក្នុង​អង្គភាព​ពីក្រោម​ឡើង​ទៅលើ​។​

ឯកឧត្តម បាន​សំណូមពរ​ដល់ មេបញ្ជាការ​តែងតាំង​ថ្មី រួមទាំង​នាយទាហាន​ទាំងអស់ ត្រូវ​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ និង​ជំរុញ​ការងារ​អង្គភាព​បន្តទៀត​។ ឯកឧត្តម បាន​ផ្តាំផ្ញើ គ្រប់​បណ្ដា​អង្គភាព​ទាំងអស់ ត្រូវដាក់​ចេញ​នូវ​វិធានការ​សុខាភិបាល និង​បំផុស​ឲ្យ​យោធិន​ទាំងអស់ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​ថែរក្សា​សុខភាព​អនាម័យ​ផ្ទាល់ខ្លួន ដើម្បី​ទប់ស្កាត់ នៃ​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ក្នុងនោះ​ធ្វើយ៉ាងណា រក្សា​អោយបាន​ស្មារតី​នឹងន ដើម្បី​ចូលរួម​អនុវត្ត​វិធាន​ការដែល​រដ្ឋាភិបាល​ដាក់ចេញ​។​

សូមបញ្ជាក់ថា​៖ នៅក្នុង​សេចក្តីសំរេច​តែងតាំង​ផ្លាស់ប្តូ​មុខងារ ដែល​អាន​ដោយ ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឹម លីន នាយការិយាល័យ​ទី​១ បានប្រកាស​តែងតាំង ឧ​ត្ត​ម​សេនីយ៍​ត្រី ហូ​ម ខ្វែក ជា​មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង​ថ្មី ជំនួស ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ឃ្នួច ដែល​ត្រូវ​ផ្លាស់ប្តូរ​ទៅ​បំពេញភារកិច្ច នៅ​អង្គភាព​ថ្មី និង​លោក​វរសេនីយ៍ឯក ភើ​យ លំអង ជា​នាយសេនាធិការ តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង ៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×