តាកែវ៖ ឯកអគ្គរាជទូត Kang បានចូលរួមជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងកសិកម្ម វេង សាខុន ព្រមទាំងរដ្ឋមន្ត្រីមួយចំនួនទៀត ធ្វើទស្សនកិច្ច នៅខេត្តតាកែវ ក្នុងថ្ងៃនេះ ដើម្បីពិនិត្យមើល ម៉ាស៊ីនកសិកម្មទំនើប និង ប្រព័ន្ធធារាសាស្ត្រ ដែលគាំទ្រដោយកម្មវិធីជំនួយរបស់អូស្ត្រាលី។ នេះបើតាមការផ្សាយព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា Australian Embassy, Cambodia។
តាស៊ូងគឺជាប្រព័ន្ធធារាសាស្ត្រ សាងសង់ដោយ កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) គាំទ្រថវិកាដោយរដ្ឋាភិបាលអូស្ត្រាលី។ ប្រព័ន្ធធារាសាស្ត្រនេះភ្ជាប់ទៅទន្លេព្រែកអំបិល – និងប្រើស្ថានីយ៍បូមតែមួយ ក្នុងការបូមទឹកពីប្រឡាយចំងាយ២២គីឡូម៉ែត្រ ចូលផ្ទាល់មកដីស្រែរបស់កសិករ។ គ្រួសារកសិករជិត២០០គ្រួសារ ទទួលបានអត្ថប្រយោជន៍ពីហេដ្ឋារចនាសម័ន្ធដ៍មានគុណភាពនេះ។
CAVAC បានសង់ប្រព័ន្ធធារាសាស្ត្រចំនួន១០ នៅខេត្តតាកែវ ព្រៃវែង និងកណ្តាល តាំងពីឆ្នាំ២០១៦មក។ ប្រព័ន្ធធារាសាស្ត្រនេះ ស្រោចស្រពដី៩.០០០ហិកតា បន្ថែម ក្នុង១ឆ្នាំ សម្រាប់ ១២.០០០គ្រួសារ និងបានបង្កើនផលិតផលស្រូវបានពីរដង ផ្តល់ចំណូលថ្មី ប្រហែល១០លានដុល្លាអាមេរិចដល់កសិករកម្ពុជា។ ក្នុងពេលដែលការរាលដាលជំងឺកូវីដ-១៩ គំរាមកំហែងដល់ការរស់នៅគ្រប់ទីកន្លែង ការវិនិយោគក្នុងហេដ្ឋារចនាសម័ន្ធប្រព័ន្ធធារាសាស្ត្រដែលមានគុណភាពទាំងនេះ ជួយការពារការងារ និងសន្តិសុខស្បៀងដល់គ្រួសារកម្ពុជារាប់ពាន់គ្រួសារ។
ឯកអគ្គរាជទូត Kang បានមានប្រសាសន៍ថា “កសិកម្មនៅតែជាឆ្អឹងខ្នងរបស់សំណាញ់សេដ្ឋកិច្ច និងសុវត្ថិភាព សម្រាប់ប្រជាជនកម្ពុជា”។ “ក្នុងនាមជាមិត្ត និងអ្នកជិតខាង អូស្ត្រាលី បន្ថែមលើការគាំទ្ររាប់ទសវត្សរ៍មកហើយរបស់ខ្លួន លើកសិកម្មកម្ពុជា កំពុងធ្វើការជួយឱ្យវិស័យនេះ ឆ្លើយតបនឹងការប៉ះពាល់ពីជំងឺកូវីដ-១៩។
ក្នុងពេលដែលប្រជាជនកម្ពុជាជាច្រើន ប្រឈមមុខនឹងការលំបាក និងភាពមិនច្បាស់លាស់ នៅពេលនេះ អូស្ត្រាលី មានមោទនភាពនឹងដើរតួនាទី ក្នុងការគាំទ្រសន្តិសុខស្បៀងរបស់កម្ពុជា និងភាពធន់នឹងសេដ្ឋកិច្ចរបស់ប្រទេស ”៕ដោយ៖កូឡាប