ភ្នំពេញ៖ លោក សួន វិសាល ប្រធានគណៈមេធាវី នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីសម្រេច ស្តីពីការដាក់ទណ្ឌកម្មវិន័យលោកមេធាវី តូ វីរៈ ដោយហាមឃាត់ការប្រកបវិជ្ជាជីវៈមេធាវីរយៈពេល ៦ខែ។
ប្រធានគណៈមេធាវី បានសម្រេច ប្រការ១ យល់ស្របលើអង្គហេតុ និងហេតុផលដូចបានបញ្ជាក់ក្នុងសេចក្តីសម្រេចលេខ ០០០៣/សស.គវ /២០ ចុះថ្ងៃទី២៩ខែឧសភាឆ្នាំ២០២០ របស់គណៈកម្មការវិន័យ តែត្រូវកែសម្រួលពាក្យពេចន៍ដូចបានកំណត់ក្នុងប្រការ២ ខាងក្រោម។ មេធាវីត្រូវបំពេញកិច្ចរបស់ខ្លួន ដោយយកចិត្តទុកដាក់រហូតដល់ចប់នីតិវិធី ដូចដែលបានកំណត់ក្នុងលិខិតប្រគល់សិទ្ធិតំណាងដោយអាណត្តិ។ ប៉ុន្តែលោកមេធាវី តូ វីរៈ បែរជាមិនបានដាក់ឯកសារជាភស្តុតាង ជូនតុលាការ តាមកាលបរិច្ឆេទកំណត់ ក្នុងដីកាសម្រេចបង្គាប់ឲ្យផ្តល់ឯកសាររបស់ចៅក្រម ធ្វើឲ្យបាត់បង់ផលប្រយោជន៍ផ្លូវច្បាប់របស់កូនក្តី។ អំពើនេះ បានល្មើសនឹងមាត្រា២២ មាត្រា២៨ មាត្រា៣៨ នៃក្រមសីលធម៌មេធាវី។
លោកសួន វិសាល ក៏បានបញ្ជាក់ក្នុងប្រការ២ថា ដាក់ទណ្ឌកម្មលោកមេធាវី តូ វីរៈ អត្តលេខ៧០៨ ដោយហាមឃាត់ការប្រកបវិជ្ជាជីវៈមេធាវី រយៈពេល៦ខែ ស្របតាមមាត្រា៥៩ មាត្រា៦៣ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី តែទណ្ឌកម្មនេះត្រូវព្យួរ រយៈពេល៥ឆ្នាំ ស្របតាមមាត្រា៦៤ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី។ ក្នុងករណី លោកមេធាវី តូ វីរៈ ទទួលរងនូវទណ្ឌកម្មវិន័យថ្មីមួយទៀត ក្នុងអំឡុងពេល៥ឆ្នាំ គិតចាប់ពីថ្ងៃចេញសេចក្តីសម្រេចនេះ ទណ្ឌកម្មបានព្យួរនេះ ត្រូវយកមកអនុវត្តន៍ដោយបូកបន្ថែមលើទណ្ឌកម្មវិន័យថ្មី»។
ប្រធានគណៈមេធាវី ក៏បានបង្គាប់ឲ្យលោកមេធាវី តូ វីរៈ នៅតែមានកាតព្វកិច្ចបង់ភាគទាន និងគោរពតាមវិធានវិជ្ជាជីវៈមេធាវីដដែល៕
ដោយ៖កូឡាប