ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះលក់ម៉ូតូ មួយកន្លែងបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតទ្បើងកាលពីវេលាម៉ោង៧និង៥០នាទីព្រឹក នៅថ្ងែទី២២ ខែកក្កដា ឆ្នាំ២០២០ ដែលស្ថិតនៅចំណុចស្តុបបូកគោ តាមបណ្ដោយផ្លូវម៉ៅសេទុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្នោះ ហេង ផលី្លន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ អាជីវករ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឈរសម្រួលចរាចរណ៍នៅត្រង់ចំណុចស្តុបបូកគោ ក៏ឃើញមានផ្សែងហ៊ុយៗចេញពីទីតាំងផ្ទះលក់ម៉ូតូភ្លាមៗនោះ រូបគាត់បានស្រែកតាមវិទ្យុទាក់ទង ដើម្បីឲ្យកម្លាំងសមត្ថកិច្ចជំនាញអគ្គិភ័យ ចុះមកអន្តរាគមន៍ជួយពន្លត់។
ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចខាងលើ និងបានអន្តរាគមន៍បាញ់ទឹកពន្លត់ទីតាំងដែលកំពុងឆេះនោះ។ ជាក់ស្ដែងនៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញ បានគ្រប់គ្រងអគ្គិភ័យនេះ បានទាំងស្រុងដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង ក្នុងនោះប្រើប្រាស់អស់ទឹកចំនួន៣ទ្បាន ស្មើនឹង១២ម៉ែត្រគូប នៅក្នុងហេតុការណ៍នោះ ក៏មានមន្រី្តអគ្គិភ័យម្នាក់រងរបួសជើងខាងឆ្វេង ដោយសារតែប្រតិបត្តិការពន្លត់អគ្គិភ័យ៕ ដោយ៖មីដា ផាន់ណា