ភ្នំពេញ ៖ បុរសម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ជួលជាន់ទី១ យ៉ាងអាណោចអាធ័មក្រោយពេលកោសខ្យល់ ហើយ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០ នាទីព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចបន្ទប់ជួលជាន់ទី១ ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ពៅ ពុត អាយុ ៣១ ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅកន្លែងកើតហេតុមានស្រុកកំណើតនៅភូមិរោងដំរី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីល្ងាចជនរងគ្រោះ មានអាការមិនស្រួលខ្លួនបានហៅអ្នកជិតខាង ឲ្យជួយកោសខ្យល់ឲ្យរួចក៏ចូលដេកជាធម្មតា ដូចសព្វដងលុះព្រឹកឡើង ដោយមិនឃើញជនរងគ្រោះ ទៅធ្វើការអ្នកជិតខាងបានទៅបង្ហើបទ្វារមើល ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់ នៅក្នុងបន្ទប់បាត់ទៅហើយ ក៏ស្រែកហៅឱ្យអ្នកជិតខាង មកជួយមើលបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើង រួចក៏ប្រញាប់រាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកពិនិត្យនៅកន្លែងកើតហេតុ។
បន្ទាប់មកកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ធ្វើការទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ ដើម្បីចុះមកធ្វើកោសល្យវិច័យសព បន្ទាប់ពីសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ បានធ្វើកោសល្យវិច័យសពរួចរាលហើយ បញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារគាំងបេះដូងពិតប្រាកដមែន ក្រោយមកក៏ធ្វើកំណត់ហេតុ ប្រគល់សពទៅឱ្យសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕ដោយ៖មីដា ផាន់ណា