កំពង់ស្ពឺ ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រុមអាជីវករលក់ដូរនៅផ្សារត្រែងត្រយឹង ស្ថិតនៅភូមិផ្សារ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានផ្ទុះការតវ៉ាជាថ្មីម្តងទៀតដោយពួកគាត់បានលើកឡើងថា ម្ចាស់ផ្សារនៅតែបន្តគាបសង្កត់មកលើពួកគាត់ខ្លាំងឡើងៗធ្វើឱ្យពិបាកក្នុងការប្រកបរបរលក់ដូរប្រចាំថ្ងៃ។
ការតវ៉ាពីសំណាក់ក្រុមអាជីវករទៅនឹងម្ចាស់ផ្សារត្រែងត្រយឹងនេះដែរ ត្រូវបានធ្វើគេសង្កេតឃើញកើតមានជាបន្តបន្ទាប់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ពេលខ្លះមានលក្ខណៈទ្រង់ទ្រាយតូច និងពេលខ្លះមានលក្ខណៈទ្រង់ទ្រាញធំរហូតដល់សុំអន្តរាគមន៍ទៅដល់អាជ្ញាធរ ឃុំ ស្រុក ទៅទៀត ដើម្បីឱ្យជួយដោះស្រាយ ប៉ុន្តែរហូតមកដល់ពេលនេះខាងក្រុមអាជីវករបានអះអាងថា មិនទាន់មានដំណោះស្រាយសមស្របណាមួយនៅឡើងទេ។
ការតវ៉ារបស់ក្រុមអាជីវករនៅផ្សារត្រែងត្រយឹង ដែលមានចំនួនតូបសរុបប្រមាណច្រើនជាង៥០០តូបនោះ បានផ្តោតទៅលើករណីមួយចំនួនដែលម្ចាស់ផ្សារ បានប្រព្រឹត្តមកពួកគាត់ ក្នុងនោះរួមមាន៖ អាជីវករបានចោទម្ចាស់ផ្សារ(ប្តីឈ្មោះ អ៊ិន ជារ៉ាត និងប្រពន្ធឈ្មោះ ស្រ៊ុន ម៉ាលីស) ថា បានរំលោភលើកិច្ចសន្យាលក់ និងជួលតូប ដោយបំបាត់ទីតាំងចំណតកង់ម៉ូតូ និងរថយន្ត និងជំនួសមកវិញដោយយកផ្លូវធ្វើដំណើរក្នុងផ្សារធ្វើជាកន្លែងផ្ញើកង់ម៉ូតូវិញម្តង។ ករណីនេះធ្វើឳ្យអាជីវករជួបការលំបាកយ៉ាងខ្លាំង ដោយសារតែកន្លែងផ្ញើកង់ម៉ូតូនេះបានបាំងជិតតូបរបស់អាជីវករធ្វើឳ្យអ្នកទិញទំនិញមិនអាចចូលទិញទំនិញបាន។
ក្រៅពីនេះ ក្រុមអាជីវករក៏បានលើកឡើងថា ម្ចាស់ផ្សារមិនអនុញ្ញាតឳ្យពួកគាត់ដាក់ឆត្រដោយខ្លួនឯងទេ គឺបង្ខិតបង្ខំឳ្យជួលឆត្ររបស់ម្ចាស់ផ្សារជាដាច់ខាត និងត្រូវបង់ប្រាក់ថ្លៃឆត្រតាមការកំណត់របស់ម្ចាស់ផ្សារ បើមិនដូច្នេះម្ចាស់ផ្សារនឹងរករឿងផ្សេងៗរំខានដល់ការលក់ដូរជាប្រចាំ។ ហើយលើសពីនេះទៅទៀត ក្រុមអាជីវករបានលើកឡើងថា ម្ចាស់ផ្សារបានធ្វើសកម្មភាពផ្សេងៗបង្កការរំខានដល់អ្នកចូលទិញអីវ៉ាន់ក្នុងផ្សារ បើសិនជាអ្នកចូលទិញមិនព្រមយកម៉ូតូទៅដាក់ផ្ញើនៅលើផ្លូវក្នុងផ្សារនោះ។ អ្នកស្រីពេជ្រ ឡាង តំណាងអាជីវករនៅផ្សារត្រែងត្រយឹងបានឳ្យមជ្ឈមណ្ឌលព័ត៌មាន CEN ដឹងថា មានពេលខ្លះអ្នកចូលទិញអីវ៉ាន់មួយភ្លែត ដោយគាត់ខ្ជិលផ្ញើម៉ូតូ គ្រាន់តែឈប់ទិញភ្លាម គឺសន្តិសុខផ្សារបានយកសំបុត្រមកកិបម៉ូតូភ្លាម រួចទារប្រាក់ថ្លៃផ្ញើម៉ូតូភា្លមទាំងម្ចាស់ម៉ូតូនៅអង្គុយលើម៉ូតូនៅឡើយ។
អ្នកស្រី ពេជ្រ ឡាង បន្តថា “សូម្បីតែអ្នកមកហូបនំចំណីដោយចតម៉ូតូនៅក្បែរខ្លួនក៏សន្តិសុខផ្សារតម្រូវឳ្យបង់ប្រាក់ថ្លៃម៉ូតូដែរ ខ្ញុំឃើញករណីទាំងនេះកើតឡើងជាញឹកញាប់ តែមិនមានដំណោះស្រាយសោះ ដូចករណីឡានដឹកអ្នកទេសចរណ៍ មកឈប់នៅក្រៅផ្សារដើម្បីទុកពេលឳ្យភ្ញៀវចូលទិញអីវ៉ាន់ តែម្ចាស់ផ្សារបានតម្រូវឳ្យម្ចាស់ឡានបង់ប្រាក់ទៅទៀត ខ្ញុំយល់ថាវាមិនសមទេ ធ្វើដូច្នេះវានឹងមិនមានអ្នកមកទិញឥវ៉ាន់នៅក្នុងផ្សារហើយ”។
ដូចគ្នានេះដែរ អាជីវករមួយរូបទៀតស្នើសុំមិនបញ្ចេញឈ្មោះបានលើកឡើងស្រដៀងគ្នានេះ ចំពោះទង្វើរបស់ម្ចាស់ផ្សារត្រែងត្រយឹង។ អាជីវកររូបនោះបានអះអាងថា “បើគាត់យកផ្លូវក្នុងផ្សារធ្វើកន្លែងផ្ញើម៉ូតូបាំងតូបលក់ដូរដូច្នេះតើឳ្យអ្នកទិញមកទិញដូម្តេច? ឬម្ចាស់ផ្សារចង់ឳ្យអ្នកទិញឡើងវារលើម៉ូតូមកទិញឥវ៉ាន់ឬយ៉ាងណា?”។
សូមរំលឹកដែរថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ ក្រុមការងារព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មាន CEN បានចុះទៅធ្វើសេចក្តីរាយការណ៍ នៅទីតាំងផ្សារត្រែងត្រយឹងផ្ទាល់ម្តងរួចមកហើយ ដោយបានផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុក និងបានលើកឡើងពីករណីខាងលើនេះ ប៉ុន្តែក្រោយមកមានការរាយការណ៍ពីក្រុមអាជីវករថា បន្ទាប់ពីការផ្សព្វផ្សាយនោះមក មិនត្រឹមតែមិនមានដំណោះស្រាយ ម្ចាស់ផ្សារបែរជាបង្កើនការរិតបន្តឹង និងដាក់គំនាបមកលើក្រុមអាជីវករកាន់តែខ្លាំងជាងមុនបន្ថែមទៀត។ ព្រមជាមួយគ្នានោះ ម្ចាស់ផ្សារបានអុកឡុកអាជីវករតាមរូបភាពផ្សេងៗដូចជា៖ មានការកោះតូបអាជីវករណាហ៊ានតវ៉ាខ្លាំងជាងគេ ក្នុងនោះអាជីវករ២រូបរងការខូចខាត ពីការកោះតូបបាត់អីវ៉ាន់ម្នាក់ៗចំនួន២ដង។ ពួកគាត់បានអះអាងថា កន្លងមកឳ្យតែអ្នកណាហ៊ានតវ៉ាខ្លាំងនឹងត្រូវជួបការគម្រាម ឬមានអ្នកមកោះតូបពេលយប់ មិនខានដោយការបាត់បង់ផ្សេងៗ ម្ចាស់ផ្សារ(ប្តីឈ្មោះ អ៊ិន ជារ៉ាត និងប្រពន្ធឈ្មោះ ស្រ៊ុន ម៉ាលីស) មិនដែលទទួលខុសត្រូវនោះទេ។ បន្ថែមពីនេះ ម្ចាស់ផ្សារបានដំឡើងថ្លៃតូបលើសមុន និងបានចេញលិខិតដាក់កំណត់តឹងរឹងជាងមុន ទៅលើអាជីវករណាដែលមិនបានលក់ដូរចំនួន៣ថ្ងៃ នឹងត្រូវរឹបអូសតូបយកវិញ ទោះបីជាអាជីវករបង់ប្រាក់ឈ្នួលពេញក៏ដោយ។
ក្រុមអាជីវករបន្តថា ទង្វើគាបសង្កត់របស់ម្ចាស់ផ្សារ បានធ្វើអស់រយៈពេលជាច្រើនឆ្នាំ មកហើយទោះបីជាអាជ្ញាធរឃុំស្រុក បានណែនាំម្ចាស់ផ្សារជាច្រើនលើកយ៉ាងណាក៏ដោយ ក៏គាត់មិនស្តាប់តាម ហើយពេលខ្លះអាជ្ញាធរធ្លាប់លើកឡើងថា បញ្ហានៅផ្សារត្រែងត្រយឹង វាលើសពីសមត្ថភាពរបស់គាត់ ក្នុងការដោះស្រាយទៀតផង។
ដោយសារតែមិនមានដំណោះស្រាយ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ តំណាងក្រុមអាជីវករមួយក្រុម បានមកដល់ការិយាល័យមជ្ឈមណ្ឌលព័ត៌មាន CEN នៅភ្នំពេញបានតវ៉ា និងស្នើសុំឳ្យជួយផ្សព្វផ្សាយពីបញ្ហានេះបន្ថែមទៀត នៅពេលនេះក្រុមអាជីវករ ក៏បានស្នើសុំការជួយពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយពួកគាត់អះអាងថា បញ្ហានៅផ្សារត្រែងត្រយឹងនេះនឹងមិនអាចដោះស្រាយ ចេញបានទេទាល់តែសម្តេចតេជោ ហ៊ុន សែន ជួយបានការដោះស្រាយឆាប់ចប់ ព្រោះថា បញ្ហាបានកើតឡើងច្រើនឆ្នាំមកហើយអាជ្ញាធរឃុំ ស្រុក មិនមានដំណោះស្រាយរហូតដល់ពេលនេះ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ របស់ក្រុមអាជីវករនៅផ្សារត្រែងត្រយឹង ទៅលើម្ចាស់ផ្សារ ឈ្មោះ អ៊ិន ជារ៉ាត និងប្រពន្ធឈ្មោះ ស្រ៊ុន ម៉ាលីសនេះដែរ មជ្ឈមណ្ឌលព័ត៌មាន CEN មិនអាចសុំការបំភ្លឺពីភាគីម្ចាស់ផ្សារបានទេ ទាំងនៅពេលផ្ទុះការតវ៉ាលើកមុន (កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០) និងលើកចុងក្រោយ (នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០) ដោយអ្នកយកព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មាន CEN បានព្យាយាមទូរស័ព្ទ និងបានផ្ញើសារជាច្រើនលើក តែទូរស័ព្ទចូលហើយមិនមានអ្នកទទួល និងមិនមានអ្នកឆ្លើយសារមកវិញ៕
ដោយ៖CEN