យប់នេះ យើងអាចចាប់ផ្តើមមើលពីម៉ោង ១៩និង៥១នាទី រហូតទៅដល់ម៉ោង ២១ និង០១នាទី គឺស្ថិតនៅក្នុងភាពងងឹតនៃការលេបរបស់រាហ៊ូ (ផែនដីស្ថិតនៅចន្លោះព្រះអាទិត្យ និងព្រះច័ន្ទ) ទើបធ្វើឲ្យមានការបាំងបិទពន្លឺដូច្នេះ។
តែអ្វីដែលអស្ចារ្យនោះ គឺក្នុងថ្ងៃនេះវាមានបាតុភូត ដែលហៅថា (Super Moon) បានន័យថា ព្រះច័ន្ទខិតមកជិតផែនដីខ្លាំង។ មួយទៀតគឺ (Blue Moon) មានន័យថា ក្នុងមួយខែមានព្រះច័ន្ទពេញវង់ដល់ទៅពីរដង ហើយការពេញវង់លើកទី ២ ក្នុងខែតែមួយ គេហៅថាដូច្នេះ។
ដោយហេតុថា មាន Super Moon ផ្សំនិង Blue Moon ហើយរាហ៊ូចាប់ច័ន្ទ (Luna Eclipse) ក្នុងពេលតែមួយ ទើបធ្វើឲ្យបាតុភូតយប់នេះព្រះច័ន្ទនឹងមានពណ៌ក្រហមជាំឈាម។
ចំពោះអ្នកដែលជឿវិញនោះ អាចមានវិធីបញ្ចៀសភាពងងឹតរបស់រាហ៊ូ ដោយ៖
+ យកអំបិលក្រួស ១០ក្តាប់
+ ម្ទេសក្រៀម ១០ ក្តាប់
ហើយលាយចូលគ្នាឲ្យសព្វ បន្ទាប់មកចាំរហូតដល់ពេលដែលរាហ៊ូលេបព្រះច័ន្ទបាត់ ទើបយកអំបិលលាយម្ទេសមួយក្តាប់មកបង្វិលជារង្វង់មូលលើក្បាលយើង ៣ជុំ ដោយនិយាយថា ៖ “សូមឲ្យឧបទ្រុបចង្រៃបវៀសចៀសឆ្ងាយ” ហើយបាចចេញទៅខាងមុខផ្ទះក្រៅរបង។ បន្ទាប់មកក្តាប់ទី២ គឺសម្រាប់ស្មាខាងឆ្វេង ក្តាប់អំបិលម្ទេស និងដៃស្តាំ ហើយច្បូតអូសពីគល់កទៅចុងស្មា ហើយនិយាយដូចខាងលើ ធ្វើ ៣ ដង ដូចគ្នា ឯស្មាខាងស្តាំវិញ គឺយកដៃឆ្វេងមកក្តាប់អំបិលម្ទេស បន្ទាប់ពីនេះគឺជើងឆ្វេង ហើយនិងជើងស្តាំ “ធ្វើម្តងម្ខាង” ច្បូតអូសពីចង្កេះ ចុះទៅរកចុងជើង ៣ ដង ហើយនិយាយដូចគ្នាទាំងអស់។ សម្រាប់អំបិលម្ទេស ៥ក្តាប់ទៀត គឺសម្រាប់បាចបញ្ជេរឧបទ្រពចង្រៃចេញពីក្នុងគេហដ្ឋាន ដោយបាចពីធ្លារខាងមុខផ្ទះ ចេញទៅក្រៅរបង។
សម្រាប់ពេលដែលរាហ៊ូខ្ជាក់ចេញមកវិញ យើងមានពិធីមួយទៀត ដើម្បីសុំពរពីព្រះច័ន្ទ របៀបធ្វើគឺមានដូចជា ៖
+ រកផ្តិលប្រាក់ដាក់ទឹកស្អាតឲ្យបានកន្លះផ្តិល ហើយដាក់នៅកន្លែងឲ្យមើលឃើញមានរូបព្រះច័ន្ទចាំងនៅក្នុងទឹកនោះ ទើបដាក់ផ្កាចម្រុះពណ៌ ឬ៧ពណ៌ចូល រួចមកលើកពានឡើង ប្រណម្យដៃពីរ ហើយសុំពរដែលចង់បានពីព្រះច័ន្ទ ។ ឧទាហរណ៍៖
-“ខ្ញុំម្ចាស់” សូមពររស្មី ចែងចាំងបូរមី ឈ្នះមា សត្រូវ ព្រះច័ន្ទចិញ្ចែង ចិញ្ចាំង បណ្តេញអស់ខ្មាំង អាប់អួរមួរហ្មង។ បន្ទាប់មកយកទឹកនោះមកស្រោចលើក្បាលសន្សឹមៗ ដោយពោលពាក្យ អរគុណទៅព្រះច័ន្ទ៕ ក្ខិណី