តាកែវ៖ ខេត្តតាកែវ មានសហគ្រាស គ្រឹះស្ថាន វាយភណ្ឌកាត់ដេរ និងផលិតស្បែកជើងចំនួន ៤៩ ប្រើប្រាស់កម្លាំងកម្មករ និយោជិតសរុបចំនួន ៤៧.៤១៦ នាក់ ស្រី ៤០.២១៣នាក់ ។ នេះបើយោងតាមលោក អភិបាលខេត្តតាកែវ អ៊ូច ភា។
លោកអភិបាលខេត្តថា សហគ្រាស គ្រឹះស្ថាន ក្រៅពីកាត់ដេរចំនួន ១៥០ ប្រើប្រាស់កម្លាំងកម្មករនិយោជិតចំនួន ១០.៣១១ នាក់ ស្រី ៧.១៥៤នាក់ ។ សហគ្រាស គ្រឹះស្ថាន បើកថ្មីវាយភណ្ឌផលិតស្បែកជើង និងកាត់ដេរ ក្រៅពីកាត់ដេរចំនួន ៤៦ សហគ្រាស ប្រើប្រាស់កម្លាំងកម្មករនិយោជិតចំនួន ១១.៦០៦នាក់ ស្រី ៩.៨៥៤នាក់ ។
ជាមួយនេះដែរ វិស័យកាត់ដេរ ក៏រួមចំណែកធ្វើឲ្យការអភិវឌ្ឍវិស័យឧស្សាហកម្មកម្មន្តសាល និងសិប្បកម្មរបស់ខេត្ត កាន់តែមានភាពចម្រុះ សម្បូរបែប ហើយពង្រីកបាននូវអន្តរកម្មសេដ្ឋកិច្ចរវាងផ្នែកកែច្នៃកម្មន្តសាល ជាមួយវិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដែលនឹងធ្វើឲ្យដំណើរការនៃការពង្រឹងសហគ្រាសធុនតូច និងមធ្យមរបស់ខេត្ត កាន់តែមានសន្ទុះ រីកចម្រើនទៅមុខថែមទៀត។
លោកបន្តថា ជាក់ស្តែងផ្នែកឧស្សាហកម្ម និងកម្មន្តសាល ដែលគិតមកដល់ពេលនេះ យើងមានរោងចក្រធុនធំចំនួន ៥១ រោងចក្រ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ២៧ រោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ១១ ផលិតផ្គុំតម្លើងឧបករណ៍សាកថ្មកុំព្យូទ័រ និងទូរស័ព្ទ ០១ ផលិតកាបូបនិងខ្សែកាបូប ០៥ ផលិតថ្មអារ(ថ្មម៉ាត) ០១ ផលិតស័ង្កសី បំពង់ទីបនិងបំពង់ទីបអ៊ីណុក០១ រោចក្រកិនស្រូវ០២ ផលិតបារី០១ ផលិតទឹកក្រូច ទឹកផ្លែឈើ ទឹកបរិសុទ្ធ និងនំស្រួយ០១ រោងចក្របោកគក់សម្លៀកបំពាក់០១ រោងចក្របោះពុម្ពសម្លៀកបំពាក់០១ ប្រើប្រាស់កម្លាំងកម្មរចំនួន ៤៩.០២២នាក់ ស្រី ៤៤.២១៦នាក់។ សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ចំនួន ៣០៧មូលដ្ឋាន ប្រើប្រាស់កម្លាំងកម្មករចំនួន ៣.២៤៤នាក់ ស្រី ១.៦៩៩នាក់ ។
ដោយឡែកទាក់ទងនិង សិប្បកម្មដែលមានទុនក្រោម ៣.០០០ដុល្លារ កំពុងដំណើរការចំនួន ១.៧៧៣ មូលដ្ឋាន ប្រើប្រាស់កម្លាំងពលកម្មចំនួន ៣.៨៧៦ នាក់ ស្រី ១.៦៥៣នាក់។ សិប្បកម្មប្រពៃណីមានចំនួន ០៤ស្រុក(បាទី ព្រៃកប្បាស សំរោង និងត្រាំកក់) ផលិតហ៊ូល ផាមួង ក្រមាសូត្រ និងសារ៉ុងសូត្រ មានកីតម្បាញចំនួន ២.៤៨៥ កី ផលិតបានចំនួន ១០.៧៣៣ ក្បិន និងប្រើប្រាស់កម្លាំងពលកម្មចំនួន ៤.៦៦៥ នាក់ស្រី ២.៤៨៥ នាក់៕
ដោយ៖ CEN