Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ការងារ​កម្ពុជា ចាត់ទុក​យុវជន ជា​ធនធាន​ដ៏​មាន​សក្តានុពល និង​ជា​កម្លាំងចលករ​ដ៏​សំខាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​

​ភ្នំពេញ​៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចាត់ទុក​យុវជន​ជា​ធនធាន​ដ៏​មាន​សក្តានុពល និង​ជា​កម្លាំងចលករ​ដ៏​សំខាន់​របស់​ប្រទេសជាតិ ដែល​បច្ចុប្បន្ន​យុវជន​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គមជាតិ ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​គិតគូរ និង​លើកកម្ពស់​យុវជន​ជា​កម្លាំង​ជួរមុខ​របស់​ប្រទេស​។

​ការលើកឡើង​ដូចនេះ ក្នុងឱកាស​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី បាន​អនុញ្ញាតិ​ឱ្យ​ក្រុម​បេក្ខជន​ជ័យលាភី អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស របស់​ប្រទេស​ជប៉ុន ឆ្នាំ​២០២០ ចូលជួប​និង​ផ្តល់​អនុសាសន៍​មុនពេល​ចេញដំណើរ ទៅ​បំពេញ​ការសិក្សា​រៀនសូត្រ​នៅពេល​ខាងមុខ នៅ​ទីស្តីការក្រសួង នា​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​រំលឹកថា ដូចដែល​យើង​គ្រប់គ្នា​បានដឹង​ហើយ ស្ថិតក្នុង​ដំណាក់កាល​អ​ន្ត​រកា​ល​នេះ បញ្ហា​សុខភាព​គឺជា​រឿង​ចម្បង ដែល​ត្រូវ​យកចិត្តទុកដាក់​គិតគូរ អត់ធ្មត់​និង​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​រស់នៅ និង​រៀនសូត្រ មិន​ថា​ស្ថិតនៅក្នុង​បរិបទ​ណា​នោះទេ​។​

​ឯកឧត្តម​បន្តថា ការឈាន​ទៅយក​បរិញ្ញាបត្រ​អនុបណ្ឌិត ឬ​បណ្ឌិត​របស់​ក្មួយៗ​នាពេលនេះ​ជាការ​សំខាន់​ណាស់ ព្រោះថា​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​ពិត​ជាមាន​កម្រិត​ខ្ពស់ និង​ជា​ប្រទេស​ឈានមុខ​ផ្នែក​បច្ចេកវិទ្យា ដែល​ក្មួយៗ​ត្រូវតែ​យកចិត្តទុកដាក់​ខិតខំ​រៀនសូត្រ ដើម្បី​យកចំណេះ​ដឹង​មក​អភិវឌ្ឍន៍​ប្រទេស​យើង​វិញ​នាពេលខាងមុខ​។
​ក្រៅពី​សិក្សា​ជំនាញ ក្មួយៗ​ក៏ត្រូវ​ស្រាវជ្រាវ​បទពិសោធន៍​រវាង​សង្គម និង​សង្គម ព្រោះថា​នៅ​ជប៉ុន​មានការ​គោរព​គ្នា​ល្អ​ណាស់ ជាពិសេស​រវាង​មនុស្ស​ជំនាន់​មុន និង​ជំនាន់​ក្រោយ ប្រជាជន​នៅ​ប្រទេស​នេះ​ពិត​ជាមាន​វិន័យ​ល្អ​ណាស់ ពួកគេ​ប្រកាន់ខ្ជាប់​ទាំង​ក្នុង​ក្របខណ្ឌ​សង្គម ការងារ ឬ​បរិយាកាស​ខាងក្រៅ ដែល​យើង​គួរតែ​រៀនសូត្រ​តាម​។​

​ក្មួយៗ​ទាំងអស់គ្នា ត្រូវតែ​ត្រៀមខ្លួន​សម្រាប់​ការងារ​រស់នៅ​ក្នុងប្រទេស​មួយ​នេះ ក្រៅពី​រៀនសូត្រ​អ្នក​ទាំងអស់គ្នា​គឺជា​ទូត​សុ​ឆន្ទៈ​របស់​កម្ពុជា​ផងដែរ ដែល​ត្រូវតែ​បង្ហាញ​ពីស​កម្ម​ភាពល្អៗ វប្បធម៌ ទំនៀម​ទំលាប់ ប្រពៃណី​ដ៏​ផូរផង់​របស់​កម្ពុជា​ទៅកាន់​និស្សិត និង​ប្រជាជន​ជប៉ុន​ក៏ដូចជា​ប្រជាជាតិ​ដទៃទៀត ដែល​ក្មួយៗ​បាន​ជួប និង​រស់នៅ​ក្នុងពេល​សិក្សា​នៅក្នុង​ប្រទេស​នោះ​។ ម្យ៉ាងទៀត​ត្រូវតែ​សិក្សា​ពី​បរិយាកាស​សេដ្ឋកិច្ច សង្គម នយោបាយ​របស់​ប្រទេស​ជប៉ុន ក្នុងនាម​ជា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​កម្ពុជា​ផងដែរ​។​

​បើតាម​លោក ឈាង សុភា ប្រធាន​ក្រុម​បេក្ខជន​ជ័យលាភី​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស របស់​ប្រទេស​ជប៉ុន ឆ្នាំ​២០២០ បាន​លើកឡើងថា កម្មវិធី​អាហារូបករណ៍​ក្រោម​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន សម្រាប់​ការអភិវឌ្ឍន៍​ធនធានមនុស្ស ហៅ​កាត់​ថា​JDS បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០០ និង​បាន​បញ្ជូន​និស្សិត​កម្ពុជា​៤១៦​រូប ទៅកាន់​ប្រទេស​ជប៉ុន​រហូតដល់​ពេល​នេះ ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ហើយបី​ឆ្នាំ​ចុងក្រោយ​នេះ មាន​ថ្នាក់បណ្ឌិត​ផងដែរ ដោយ​មួយឆ្នាំៗ​មាន​បេក្ខជន​បណ្ឌិត​២​រូប​។

ចំពោះ​យុវជន​ទាំង​២៤​រូប​ដែល​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​នេះ សុទ្ធតែជា​មន្ត្រីរាជការ​មកពី​ក្រសួង​ស្ថាប័ន​របស់​រដ្ឋ រីឯ​ជំនាញ​អាទិភាព​ដែល​ត្រូវ​សិក្សា​នៅ​ជប៉ុន​រួមមាន ជំនាញ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​, ជំនួយ​អភិវឌ្ឍ​វិស័យ​ឯកជន​, ជំនាញ​អភិវឌ្ឍ​គុណភាព​អប់រំ​, ជំនាញ​អភិវឌ្ឍ​កសិកម្ម និង​ជនបទ​, ជំនាញ​អភិវឌ្ឍ​បរិស្ថាន​រស់នៅ​ទីក្រុង​, ជំនាញ​អភិវឌ្ឍ​ប្រព័ន្ធ​សុខុមាលភាព និង​ធានារ៉ាប់រង​សង្គម ,​ជំនាញ​អភិវឌ្ឍ​មុខងារ​រដ្ឋបាល​, ជំនាញ​អភិវឌ្ឍ​ផ្នែក​ច្បាប់ និង​តុលាការ​, ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​។​

​សូមបញ្ជាក់ថា គោលបំណង​នៃ​កម្មវិធី​អាហារូបករណ៍ ផ្តោត​សំខាន់​លើ​មន្ត្រី​វ័យក្មេង​ដែលមាន​សមត្ថភាព និង​មាន​ស្មារតី​ចូលរួម​បង្កើត និង​អនុវត្ត​ផែនការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជម្រុញ​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឱ្យមាន​ការរីកចំរើន​កាន់តែ​ប្រសើរឡើង​នាពេល​អនាគត ព្រមទាំង​ចូលរួម​ក្នុងការ​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ជប៉ុន ឲ្យ​កាន់តែ​ស្អិតល្មួត​បន្ថែមទៀត​៕
​ដោយ​៖CEN​

×