ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា បច្ចប្បន្នធនាគារជាតិនៃកម្ពុជារក្សាមាស ៣៦,៥តោន ដែលក្នុងនោះ មាសដែលជាកេរ្តិ៍មរតក តាំងពីមុនសម័យសង្គ្រាមមានចំនួន ១២,៥តោន ដែលកំពុងរក្សាទុកនៅប្រទេស ស្វីស, មាសចំនួន ១៤,១តោន កំពុងវិនិយោគនៅធនាគារកណ្តាលអង់គ្លេស និងមាសចំនួន ១០តោន ត្រូវបានរក្សាទុកនៅកម្ពុជា។
ធនាគារជាតិនៃកម្ពុជាបន្តថា ធនាគារកណ្តាលមានតួនាទីបោះផ្សាយរូបិយវត្ថុជាតិ ហើយត្រូវធានាតម្លៃរូបិយវត្ថុទាំងនេះ។
ដូច្នេះរាល់ការបោះផ្សាយត្រូវមានបដិភាគ ជាទ្រព្យដែលមានតម្លៃ។ ទ្រព្យទាំងនោះរួមមាន រូបិយប័ណ្ណបរទេស និងមាស ដែលហៅថា ទុនបម្រុងអន្តរជាតិ ហើយត្រូវបានរក្សាទុកឲ្យមានសុវត្ថិភាព។
បច្ចុប្បន្ន ទុនបម្រុងអន្តរជាតិរបស់កម្ពុជាគិតជា ដុល្លារអាមេរិក មានចំនួន ១៩,៥ប៊ីលានដុល្លារ គិតត្រឹមចុងខែមិថុនា ឆ្នាំ ២០២០។ ធនាគារជាតិនៃកម្ពុជាត្រូវគ្រប់គ្រងដោយប្រុងប្រយ័ត្ន ដើម្បីរក្សាសុវត្ថិភាពទុន បម្រុងទាំងនេះ។ ដូច្នេះធនាគារជាតិនៃកម្ពុជាវិនិយោគលើឧបករណ៍ដែលមានស្ថិរភាពខ្ពស់ដូចជារូបិយប័ណ្ណខ្លាំងនិងមាស៕
ដោយ៖CEN