ភ្នំពេញ៖ ក្នុងរយៈពេល៦ខែឆ្នាំ២០២០ គ្រឹះស្ថានអង្គរបានលក់ប័ណ្ណជូនភ្ញៀវទេសចរអន្តរជាតិចំនួន ៣៨៧.៨៤០នាក់ ទទួលបានចំណូល២០លានដុល្លារ , ប័ណ្ណរយៈពេលវែងចំនួន២២៦នាក់ ស្មើនឹង ៤៤.១៥០ដុល្លារ , ភ្ញៀវកោះកែរមានចំនួន ៨.៥៤៤នាក់ ទទួលបានចំណូលចំនួន៨៥.៤៤០ដុល្លារ។ លើចំណូឡសរុបចំនួន ២០,១លានដុល្លារ, ចំណូលបានបង់ចូលថវិកាជាតិក្នុងឆមាសទី១ គិតជាប្រាក់រៀលចំនួន៧៧,១ពាន់លានរៀល ស្មើនឹង១៦ភាគរយនៃផែនការ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ អាណត្តិទី ២ លើកទី ៣, នៅថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២០, វេលាម៉ោង ៩ ព្រឹក, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
ក្នុងការបង្កើនប្រសិទ្ធភាព នៃការលក់ប័ណ្ណទស្សនារយៈពេលវែងឲ្យកាន់តែប្រសើរឡើងថែមទៀត គ្រឹះស្ថានអង្គរ បានអនុវត្តការទិញប័ណ្ណ ដោយមិនចាំបាច់មានការរង់ចាំយូរ គឺត្រឹមតែតម្រូវឲ្យមានលិខិតឆ្លងដែន និងទិដ្ឋាការរយៈពេលវែងប៉ុណ្ណោះ។
ឆ្លើយតបនឹងការយកចិត្តទុកដាក់និងការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងរយៈពេល៦ខែឆ្នាំ២០២០ គ្រឹះស្ថានអង្គរបានឧបត្ថម្ភមូលនិធិជូនមន្ទីរពេទ្យគន្ធបុប្ផាមានទឹកប្រាក់ចំនួន៧៧៥ពាន់ដល្លារ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំគ្រឹះស្ថាន ឲ្យបង្កើនការរៀបចំកែលម្អបង្គន់អនាម័យក្នុងតំបន់រមណីយដ្ឋានអង្គរឲ្យកាន់តែប្រសើរថែមទៀត និងបន្តពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការប្រមូលចំណូលពីការលក់ប័ណ្ណ ពង្រឹងការត្រួតពិនិត្យប័ណ្ណឲ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាពថែមទៀត៕
ដោយ៖កូឡាប