ភ្នំពេញ៖ អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ បានបង្ហាញក្តីកង្វង់អំពីការថមថយនៃការជួញដូរអចលនទ្រព្យនាពេលកន្លងទៅ ដោយសារតែវិបត្តិកូវីដ១៩ កំពុងវាយលុកសកលលោក រួមទាំងកម្ពុជាផង។
ទោះបីជាស្ថិតក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ ក៏ដោយ ប៉ុន្តែថ្មីៗនេះ អ្នកជំនាញក្នុងវិស័យនេះបានអះអាងពីកំណើននៃការបោះទុន លើវិស័យអចនទ្រព្យ នៅក្នុងរយៈពេល៦ ខែឆ្នាំ២០២០ ដែលមានការកើនទ្បើងក្នុងរង្វង់ ២៥% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។
លោក ឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA បានឱ្យដឹងថា វិស័យអចលនទ្រព្យ មានការបោះទុនវិនិយោគច្រើន ដែលមានការកើនទ្បើងពី២០% ទៅ២៥% ក្នុងរយៈពេលកន្លះឆ្នាំនេះ បើធៀបទៅនឹងចន្លោះពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដោយវិនិយោគិនឃើញថានេះជាឪកាសមួយ។
លោកឧកញ៉ា នួន រិទ្ធី បានបញ្ជាក់ថា តំបន់មួយចំនួនដែលមិនសូវមានការជួញដូរ បែរជាមានការជួញដូរក្នុងរយៈពេល៦ខែ ឆ្នាំនេះ ដែលបង្ហាញពីចរន្តនៃការជួញដូរនៃអចលនទ្រព្យមានភាពល្អប្រសើរ នៅក្នុងអំឡុងពេលនេះ។
លោកឧកញ៉ា មានប្រសាសន៍ថា “បច្ចុប្បន្នក្នុងកាលៈទេសៈនេះ ការវិនិយោគលើវិស័យអចលនទ្រព្យពិតជាមានសារសំខាន់ និងពិតជាមានឪកាសច្រើនសំរាប់អ្នកលក់និងអ្នកទិញ។ កន្លែងនេះខ្ញុំចង់បញ្ជាក់ថា ទោះបីមានកូវីដក៏ដោយ បើយើងចេះចាប់យកវិបត្តិនេះជាឱកាសអាច និងចំណេញច្រើននាពេលខាងមុខ ព្រោះវិបត្តិកូវីដ ១៩ ធ្វើអោយមានបញ្ហាតែមួយភ្លែតទេ។ ចំពោះអ្នកវិនិយោគនៅកំទ្បុងពេលនេះគួរតែវិនិយោគ លើលំនៅដ្ឋាននិងកសិកម្មព្រោះវិស័យនេះនៅតែដើរទៅមុខមិនមានរាំងស្ទះអ្វីទេ ព្រោះវិស័យកសិកម្មមានការគាំពារនិងតំរូវការខ្ពស់”។
ស្រដៀងគ្នានេះ អ្នកជំនាញអះអាងថា រាល់ការវិនិយោគ នៅក្នុងវិស័យអចលនទ្រព្យក្នុងដំណាក់កាលនេះ មិនថាផ្នែកសំណង់លំនៅដ្ឋាន ឬផ្នែកដីធ្លីនោះទេ គឺមានឱកាសចំណេញដូចគ្នា ប្រសិនបើរាល់អចលទ្រព្យវត្ថុទាំងអស់នោះ ត្រូវបានដាក់លក់ក្នុងតម្លៃទាបជាងទីផ្សារ។
គួរបញ្ជាក់ថា ទោះជាយ៉ាងណា ទីផ្សារអចលនទ្រព្យទាំងមូលអាចវិលត្រឡប់ ទៅរកសភាពដើមដូចចុងឆ្នាំ២០១៩ក៏ដោយ ក៏អាចត្រូវការពេលវេលាយូរបន្តិចយ៉ាងហោចណាស់ក៏ ១ឆ្នាំ ឬអាចលើសពីនេះ៕
ដោយ៖CEN