ភ្នំពេញ៖ នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹង ស្តីពីការបើកប្រាក់ឧបត្ថម្ភ លើកទី១៥ ជូនដល់កម្មករនិយោជិតសរុបចំនួន ៧,២៧៧ នាក់ នៅរោងចក្រ សហគ្រាសចំនួន ៧ ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ បានឱ្យដឹងថា តាមស្មារតីជុំទី១ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល ធនាគារឯកទេសវីង នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរស័ព្ទ ដែលបងប្អូនកម្មករនិយោជិត បានផ្តល់មកឱ្យក្រសួង តាមរយៈរដ្ឋបាលរោងចក្រ សហគ្រាស នាពេលកន្លងមក។
ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារ ក្រោយការបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញទន់ ក្នុងនោះចំនួន៖ ១៥៣ ៩០០រៀល ឬស្មើនិង៣៨ដុល្លារ សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ២១ថ្ងៃ ដល់ ៤៤ថ្ងៃ។ ដោយឡែកទឹកប្រាក់ ចំនួន ៣០៧ ៨០០រៀល (៧៦ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៥១ថ្ងៃ ឡើងទៅ។
ជាមួយគ្នានេះ ក្រសួងបានរំឮកថា ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិបាល វិញ ប្រសិនជាបងប្អូន ខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារឯកទេសវីង។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរស័ព្ទដែលទទួលបានសារនោះទៅកាន់ ភ្នាក់ងារវីង ដែលនៅជិតបំផុត។ សូមបញ្ជាក់ថា បងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ។
ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាស ទាំង៧ នេះ មិនបានទទួលសារទូរស័ព្ទពីធនាគារឯកទេសវីង នោះសូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទរបស់ខ្លួនទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួន។
ក្រសួងនឹងបន្តជូនដំណឹងដល់បងប្អូនកម្មកររោងចក្រ សហគ្រាសដទៃផ្សេងទៀត អំពីការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនកម្មករនិយោជិតជ្រាបជាព័ត៌មាន និងសូមរួសរាន់ទំនាក់ទំនងបើកប្រាក់ឧបត្ថម្ភនេះនៅតាមភ្នាក់ងារវីងនានា ដែលនៅជិតបំផុតឱ្យបានទាន់ពេលវេលា៕
ដោយ៖CEN