Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការពារ​និង​អភិរក្ស​សត្វ​ដំរី​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ និង​ការអភិរក្ស​ជីវៈចម្រុះ​

​ភ្នំពេញ​ ៖ ​ការចូលរួម​ពី​គ្រប់ភាគី​ក្នុងការ​ចូលរួម​ការពា​រ​និង​អភិរក្ស​សត្វ​ដំរី​នៅ​កម្ពុជា​គឺជា​ចំណែក​មួយ​យ៉ាងសំខាន់​នៃ​ការងារ​គ្រប់គ្រង​ធនធានធម្មជាតិ និង​ការអភិរក្ស​ជីវៈចម្រុះ​។ នេះ​គឺជា​ប្រសាសន៍​លើកឡើង​របស់ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នាឱកាស​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​រាត្រី​សម្បុ​រសធម៌​ជួយ​ដល់​ការអភិរក្ស​ដំរី ដែល​បាន​រៀបចំឡើង​កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ​។

​ក្នុង​ពិធី​នេះដែរ ឯកឧត្តម សាយ សំ​អាល់ បាន​បញ្ជាក់ថា​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​ការអភិរក្ស​ជីវៈចម្រុះ គឺជា​សមាសភាគ​ដ៏​សំខាន់​ក្នុងចំណោម​សមាសភាគ​នានា​នៃ​បេសកកម្ម​របស់​ក្រសួងបរិស្ថាន ដែល​បាននិងកំពុង​យកចិត្តទុកដាក់​អនុវត្ត​ប្រកបដោយ​លទ្ធផល​ល្អប្រសើរ​ជា​បន្តបន្ទាប់ ស្របតាម​គោលនយោបាយ យុទ្ធសាស្ត្រ និង​ផែនការ​ជាតិ ជាពិសេស​យុទ្ធសាស្ត្រ​ចតុកោណ​ទាំង​៣​ដំណាក់កាល​កន្លងទៅ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​សម្រាប់​នីតិកាល​ទី​៦​នេះ រាជរដ្ឋាភិបាល បានដាក់ ចេញ «​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤» បន្ត​ពី​យុទ្ធសាស្ត្រ​ចតុកោណ​៣​ដំណាក់កាល​កន្លងទៅ ដោយ​ផ្តោត​ការយកចិត្តទុកដាក់​កាន់តែខ្លាំង​ឡើងទៅ​លើ​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ​ការអភិវឌ្ឍ​ដោយ​ចីរភាព និង​ការ​សម្រប​ខ្លួន​របស់​កម្ពុជា​ចំពោះ​ការប្រែប្រួល​អាកាសធាតុ បន្ថែម​លើ​កិច្ចខិតខំ​ប្រឹងប្រែង និង​សមិទ្ធផល​ផ្នែក​សេដ្ឋកិច្ច​-​សង្គម​ជាច្រើន​ដែល​សម្រេចបាន​ក្នុង​នីតិកាល​មុនៗ​។ ជាក់ស្តែង កញ្ចប់​ថវិកាជាតិ ដែល​ត្រូវបាន​វិភាជន៍​សម្រាប់​ការចំណាយ​លើ​ការងារ​ប្រែប្រួល​អាកាសធាតុ មានការ​កើន​ឡើងជា​លំដាប់ ហើយ​ការវិនិយោគ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ផ្នែក​នេះ​បាន​កើនឡើង​ជាង​៣​ដង នៅក្នុង​រយៈពេល​៨​ឆ្នាំ​ចុង​ក្រោយនេះ​។

​ទន្ទឹម​ជាមួយគ្នានេះ ឯកឧត្តម សាយ សំ​អាល់ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្តួចផ្តើម និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មូលនិធិ​ដំរី​អៃ​រាវ​ត្តា ដែល​បានរៀបចំ​កម្មវិធី​សប្បុរសធម៌​នេះ​ឡើង និង បង្ហាញ​ការ លើកទឹកចិត្ត​ដល់​សមាគម​មូលនិធិ​ដំរី​អៃ​រាវ​ត្តា បន្ត​បំពេញបេសកកម្ម​របស់​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត ដោយ​សហការ​ជិតស្និទ្ធ​ជាមួយ​ក្រសួងបរិស្ថាន និង​ក្រសួង ស្ថាប័ន អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ អនុលោម​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ព្រមទាំង​ច្បាប់ និង​លិខិតបទដ្ឋាន​ជា​ធរមាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន បាន​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​គាំទ្រ​ដល់​មូលនិធិ​ដំរី​អៃ​រាវ​ត្តា ហើយ​ក្រសួងបរិស្ថាន និង​បន្ត​ជួយ និង​គាំទ្រ​បន្ថែម​នា​ថ្ងៃ​ខាងមុខ​ដល់​សមាគម​ដើម្បី​កិច្ចការ​អភិរក្ស​សត្វ​ដំរី​នៅ​កម្ពុជា​។​

​លោកស្រី ក្លេ ខៃ​ចិន្តា ប្រធាន​សមាគម​អភិរក្ស​ដី​រី​អៃ​រាវ​ត្តា​បានឱ្យដឹងថា​ការរៀបចំ​កម្មវិធី​រាត្រី​សប្បុរសធម៌​នេះ​ឡើង​ដើម្បី​ស្វែងរក​ការគាំទ្រ​មូលនិធិ​សម្រាប់​ការថែរក្សា​និង​អភិរក្ស​សត្វ​ដំរី​នៅ​កម្ពុជា​។ ហើយ​កន្លងមក មាន​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង ស្ថាប័ន តំណាង​អង្គការ សមាគម ក្រៅ​រដ្ឋ​ភិ​បាល និង​ប្រជាពលរដ្ឋ មួយចំនួន បាន​ចូលរួម​ជួយឧបត្ថម្ភ​បន្តបន្ទាប់​ដល់​សមាគម​អ្នកស្រី​។ កន្លងមក​ក្រសួងបរិស្ថាន​តាមរយៈ​មូល​និ​ធី​បរិស្ថាន​និង​សង្គម បាន​ជួយ​ដល់​សមាគម​ក្នុង​១​ឆ្នាំមាន​ទឹកប្រាក់ ចំនួន​២០០០០​ដុល្លារ ចាប់ពី​ឆ្នាំ​២០១៩ សម្រាប់​ការងារ​អភិរក្ស និង​ការ​បង្កាត់​ពូជ​សត្វ​ដំរី​បន្ថែមទៀត ដើម្បី​បង្កើន​បរិមាណ​សត្វ​ដ៍​កម្រ​នៅក្នុង​តំបន់​។​

​សូម​បញ្ចា​ក់ថា បច្ចុប្បន្ន​សត្វ​ដំរី​ក្នុង​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា មាន​ចំនួន​៣​ក្បាល នៅក្នុង​ខេត្ត​រតនគីរី ហើយ​កន្លងទៅ​ថ្មីៗ​នេះ ដំរី​មួយ​ក្បាល​បាន​ស្លាប់​។ សមាគម​នៅមាន​ដំរី​ញី​មួយ​ក្បាល និង​ឈ្មោល​មួយ​ក្បាល សម្រាប់​ទុក​បង្កាត់​ពូជ​បន្តទៅ​ថ្ងៃ​ខាងមុខ​៕ ដោយ​៖​កូ​ឡាប​

×