ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាន តាមបណ្តាញសង្គមតេឡេក្រាម នៅថ្ងៃទី២៥កក្កដានេះថា “លទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩ ចូលសហគមន៍ យើងមិនអាចមើលរំលងបានឡើយ។
លោកជំទាវវេជ្ជបណ្ឌិត បានថ្លែងបន្ថែមទៀតថា ដូច្នេះហើយ បានជាក្រសួងសុខាភិបាល តែងតែអំពាវនាវហើយអំពាវនាវទៀត ឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវតែបន្តកិច្ចការពារខ្លួនជាប់ជានិច្ច។ ថ្ងៃនេះ ថ្វីត្បិតតែការរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២៣នាក់ ទៀត ជាករណីនាំចូលក៏ពិតមែន តែវាជាចំនួនច្រើនណាស់ ដែលយើងមិនអាចដឹងបានថា តើបន្តទៅមុខទៀតយ៉ាងណាដែរនោះទេ? ដូច្នេះ សូមអ្នកដើរកម្សាន្តទាំងអស់ ត្រូវតែចេះប្រុងប្រយ័ត្នមែនទែន ដោយសារហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ដែលអាចកើតមានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងទាំងអស់។
“សុំកុំភ្លេចខ្លួន និងសុំកុំសន្តិភាពនិយមជាមួយវីរុសកូវីដ-១៩ នេះឲ្យសោះ។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ ចៀសផុតការចម្លងវីរុសដ៏កាចសាហាវមកបុគ្គល មកក្រុមគ្រួសារ និងចៀសផុតពីការចម្លងចូលសហគមន៍ជាបន្តទៀត។ សូមរីករាយថ្ងៃចុងសប្តាហ៍ទាំងអស់គ្នា និងសូមអរគុណ” នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសុខាភិបាល។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានលើកឡើងថា ថ្ងៃនេះយើងរកឃើញករណីជំងឺកូវីដ-១៩ថ្មី ២៣នាក់ ទៀត និងជាសះស្បើយ ១នាក់ ។ ថ្ងៃទី ២៥ កក្កដា ២០២០ យើងរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ២៣នាក់ ជាករណីនាំចូលទាំងអស់ ជនជាតិខ្មែរ ១៩នាក់ (៤នាក់ធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី និង១៥នាក់មកពីប្រទេសរុស្ស៊ីក្រោយពីធ្វើតេស្តលើកទី៣) និង៤នាក់ជនជាតិឥណ្ឌូណេស៊ីធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី ដូច្នេះចំនួនសរុបកូវីដ-១៩ កើន២២៥នាក់ ជាសះស្បើយ១នាក់ ចំនួនសម្រាកនៅពេទ្យកើន ៨២នាក់ ចំនួនជាសះស្បើយសរុបចំនួន១៤៣នាក់ និងស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគំរាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យារការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យើងត្រូវបន្តពាក់ម៉ាសនៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យើងបានធ្វើតេស្តចំនួន 57496 ស្មើនឹង 3463 ក្នុង១លាននាក់៕
ដោយ៖កូឡាប