សៀមរាប ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងសហការី បានអញ្ជើញចុះពិនិត្យទីតាំងចិញ្ចឹមកង្កែបដើម្បីភ្ញាស់យកកូនលក់ របស់លោក គង់ គឹមឆាយ ស្ថិតនៅភូមិអង្ក្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ឯកឧត្តម វេង សាខុន បានថ្លែងថា បញ្ញវន្តរូបនេះបានចាប់ផ្តើមចិញ្ចឹមតាំងពីឆ្នាំ២០១៧ ក្រោយពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រវិទ្យាសាស្ត្រជលផល នៅចុងឆ្នាំ២០១៦ ដោយបានចាប់ផ្តើមពីការចិញ្ចឹមមេពូជចំនួន៣០គូ ហើយបច្ចុប្បន្នលោកមានមេពូជកើនដល់ ២០០០ក្បាល និងមេពូជបម្រុងចំនួន ៥០០០ក្បាល នៅលើផ្ទៃដីប្រមាណ ២៥០០ម៉ែត្រក្រឡា។ ជាមធ្យមក្នុងមេពូជ ២០០០ក្បាល លោកអាចមានលទ្ធភាពបង្កាត់ភ្ញាស់លក់កូនបានចំណូលប្រចាំខែប្រមាណ ២០០០ដុល្លារអាមេរិក។
លោកបានបញ្ជាក់ជូន ឯកឧត្តមរដ្ឋមន្ត្រី ថាបញ្ហាក្នុងការចិញ្ចឹមកង្កែបគឺបញ្ហាតម្លៃចំណី ព្រោះយើងប្រើចំណីដែលបាននាំចូលពីក្រៅ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការកោតសរសើរដល់លោកដែលបានខិតខំប្រឹងប្រែងក្នុងការចិញ្ចឹមនេះទទួលបានជោគជ័យ ហើយ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចាត់ឱ្យរដ្ឋបាលជលផលបញ្ជូនមន្ត្រីបច្ចេកទេស មកបង្រៀនកសិករពីរបៀបលាយចំណីដោយខ្លួនឯង តាមបច្ចេកទេស ដើម្បីកាត់បន្ថយចំណាយថ្លៃដើម និងមានផលចំណេញខ្ពស់៕ ដោយ៖កូឡាប