ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី មួយរយៈ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០តទៅ ដោយយោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការផ្អាកជាបណ្តោះអាសន្ននូវការហោះហើរមកពីប្រទេសម៉ាឡេស៊ីនិងឥណ្ឌូណេស៊ីមួយរយៈ ។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល សង្កេតឃើញថា មានអ្នកដំណើរតាមជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី បានរកឃើញករណី ឆ្លងវីរុសកូវីដ១៩ មានការកើនឡើងគួរឲ្យកត់សម្គាល់ ជាក់ស្តែងចំនួនអ្នកវិជ្ជមាននៃវិរុសកូវីដ១៩ មាន១០៨នាក់ ក្នុងនោះភាគច្រើនតាមជើងហោះហើរពីប្រទេសម៉ាឡេស៊ី (៥៥នាក់លើ១០៨នាក់) និងឥណ្ឌនេស៊ី លើអ្នកដំណើរសរុបចំនួន ២៣.៥៦៧នាក់។ ម្យ៉ាងវិញទៀតចាប់ពីថ្ងៃសីហា និងខែកញ្ញា តទៅ ប្រទេសយើងនឹងមានការឈប់សម្រាកក្នុងពិធីបុណ្យជាតិជាច្រើនថ្ងៃ ដែលតម្រូវឲ្យយើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងកិច្ចការពារចម្លងវីរុសកូវីដ១៩។
គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ តាមរយៈក្រសួងសុខាភិបាល សូមបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តវិធានការការពារខ្លួនជាចាំបាច់ ដើម្បីការពារចម្លងវិរុសកូវីដ១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងកុំឲ្យមានរលកទី២នៃការចម្លងវិរុសកូវីដ១៩៕
ដោយ៖កូឡាប