សៀមរាប ៖ លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានប្រកាសពីការ ត្រៀមលក្ខណៈសម្បត្តិ ដោះបញ្ហាដីធ្លីទ្រង់ទ្រាយធំនៅក្នុងស្រុកបន្ទាយស្រី ដើម្បីជាមូលដ្ឋានឈាន ទៅដល់ការបញ្ចប់វិវាតរ៉ាំរ៉ៃជាច្រើន ដែលបានអូសបន្លាយអស់ជាយូរឆ្នាំមកហើយ ហើយកំណត់មុខសញ្ញាជនឱកាសនិយម និងសកម្មជនដីធ្លី ដែលក្លែងបន្លំជាជនក្រីក្រ ឬគ្រាន់តែសំអាងមូលហេតុផ្សេងៗ ហើយបានកាប់រានទន្ទ្រានវាតទីដីរដ្ឋ រួចទាមទារឲ្យអាជ្ញាធរទទួលស្គាល់ ទប់ស្កាត់ការរុករានទន្ទ្រានយកដីរដ្ឋថ្មីៗបន្ថែម ការដាំដំណាំ ឬសាងសង់សំណង់ថ្មីៗ ដើម្បីបំភ័ន្តភ្នែកជាការកាន់កាប់អាស្រ័យផលយូរមកហើយ។
បើតាមការផ្សព្វផ្សាយព័ត៌មាន លើផេកហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ អភិបាលស្រុកបន្ទាយស្រី បានលើកឡើងថា ស្របពេលដែលរាជរដ្ឋាភិបាល កំពុងធ្វើសិក្សាពីលទ្ធភាពកាត់ឆ្វៀល និងផ្តល់កម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋ ដែលបានកាន់កាប់និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំ នៅលើដីសាធារណៈរបស់រដ្ឋ រដ្ឋបាលស្រុកបន្ទាយស្រី ចាំបាច់ត្រូវប្រុងប្រៀបប្រមូល និងគ្រប់គ្រងរាល់ទិន្នន័យពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះ ពីថ្នាក់មូលដ្ឋានផ្ទាល់ឲ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ដើម្បីជៀសវាងការឆ្លៀតឱកាសពីសំណាក់ជនខិលខូច និងសកម្មជនដីធ្លីមួយចំនួន យកលេសនេះមកទាមទារចំណែកឲ្យអាជ្ញាធរដោះស្រាយជូនដែរ។
បញ្ហាដែលរដ្ឋបាលស្រុកត្រូវតែគ្រប់គ្រងអោយបានក្នុងពេលនេះគឺ៖ កំណត់មុខសញ្ញាជនឱកាសនិយម និងសកម្មជនដីធ្លី ដែលក្លែងបន្លំជាជនក្រីក្រ ឬគ្រាន់តែសំអាងមូលហេតុផ្សេងៗ ហើយបានកាប់រានទន្ទ្រានវាតទីដីរដ្ឋ រួចទាមទារឲ្យអាជ្ញាធរទទួលស្គាល់ និង ទប់ស្កាត់ការរុករានទន្ទ្រានយកដីរដ្ឋថ្មីៗបន្ថែម ការដាំដំណាំ ឬសាងសង់សំណង់ថ្មីៗ ដើម្បីបំភ័ន្តភ្នែកជាការកាន់កាប់អាស្រ័យផលយូរមកហើយ។
សកម្មភាពទាំងនេះ ទាំងចាស់ថ្មី នឹងត្រូវបានចាត់ទុកជាការទង្វើអនាធិបតេយ្យរំលោភច្បាប់ ដែលរដ្ឋបាលស្រុកនឹងបន្តប្រកាន់ជំហររឹងមាំម៉ឺងមាត់បំផុត ព្រមទាំងនឹងមានចំណាត់ការខាងផ្លូវច្បាប់យ៉ាងតឹងរ៉ឹងសម្រាប់ជនល្មើសទាំងនោះផងដែរ។
ដើម្បីជាការត្រៀមលក្ខណៈសម្បត្តិទុកជាមុន ក៏ដូចជាអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលស្រុកបានតម្រូវឲ្យមេភូមិមេឃុំទាំងអស់ នៅក្នុងស្រុកបន្ទាយស្រី រួសរាន់សហការជាមួយតំណាងរដ្ឋបាលព្រៃឈើនិងតំណាងក្រសួងបរិស្ថាន ចុះស្រង់ទិន្នន័យនៃប្រជាពលរដ្ឋ ដែលអាចនឹងត្រូវបានកាត់ឆ្វៀល និងផ្តល់កម្មសិទ្ធិជូនបានពីសំណាក់រាជរដ្ឋាភិបាល ដោយផ្តល់អាទិភាពចម្បង ទៅលើលក្ខណៈវិនិច្ឆ័យចំនួន៤មុនគេរួមមាន៖ ការកាន់កាប់អាស្រ័យផលជាក់ស្តែងយូរមកហើយ។
ដីដែលមិនមានទំនាស់។ ដីដែលមានឯកសារបញ្ជាក់ពីរយៈពេលកាន់កាប់ និងអត្តសញ្ញាណច្បាស់លាស់ និង ការកាន់កាប់អាស្រ័យផលលើដីទំហំតូចៗជាលក្ខណៈគ្រួសារ៕
ដោយ៖កូឡាប