ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះបាន ទទួលជួបលោកស្រី ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងជំរុញសហគ្រិនភាព នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រតិភូ ដើម្បីពិភាក្សាការងារស្ដីពីការត្រៀមរៀបចំ វេទិកាពិភាក្សាលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិនភាពក្រោមប្រធានបទ “ការជំរុញសហគ្រិនភាពវ័យក្មេងក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម” នៅខេត្តស្វាយរៀង នាពេលខាងមុខ ។
លោកស្រី ចម និម្មល បានថ្លែងថា ដោយមានការចង្អុលបង្ហាញពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងដោយមើលឃើញពីការអភិវឌ្ឍ សមិទ្ធផល និងសក្ដានុពលនានានៅក្នុងខេត្តស្វាយរៀង សហភាពសហព័ន្ធយុវជនកម្ពុជា បានសម្រេចជ្រើសរើសខេត្តស្វាយរៀងគឺជាខេត្តទី១ សម្រាប់ដកពិសោធន៍ក្នុងការរៀបចំវេទិកាពិភាក្សា លើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិនភាពក្រោមប្រធានបទ “ការជំរុញសហគ្រិនភាពវ័យក្មេងក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម” ដែលគ្រោងនឹងរៀបចំនៅសប្ដាហ៍ទី២ ខែសីហា ឆ្នាំ២០២០ ក្នុងគោលបំណង ១-ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងថ្មីៗ ពាក់ព័ន្ធទៅលើឱកាសឈានទៅរកភាពជោគជ័យក្នុងអាជីវកម្មក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មទៅដល់យុវជន និងម្ចាស់អាជីវកម្ម ២-បំផុសគំនិតក្នុងការចាប់យកឱកាសដើម្បីបង្កើតអាជីវកម្ម និងការអភិវឌ្ឍអាជីវកម្មក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ស្របតាមបរិបថ និងតម្រូវការទីផ្សារក្នុងស្រុក និងក្នុងតំបន់ និង ៣-ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិក្នុងការអភិវឌ្ឍ និងលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិនភាពសម្រាប់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ។ ជាមួយនេះ លោកស្រី ក្នុងនាមក្រុមការងារក៏សូមស្នើការសហការគាំទ្រ ពីឯកឧត្ដមអភិបាលខេត្ត ដើម្បីរៀបចំវេទិកានេះឲ្យទទួលបានជោគជ័យ ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានសម្ដែងនូវការអរគុណចំពោះលោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានជ្រើសរើសខេត្តស្វាយរៀង ជាខេត្តទី១ សម្រាប់ការរៀបចំវេទិកាដ៏មានសារសំខាន់នេះ ព្រមទាំងបានចាត់តាំងក្រុមការងារ ដឹកនាំដោយលោកស្រីប្រធាននាយកដ្ឋាន អញ្ជើញមកជួបពិភាក្សាជាមួយរដ្ឋបាលខេត្តនាពេលនេះ ។ ក្នុងនាមអាជ្ញាធរខេត្ត លោកសូមគាំទ្រ និងសហការសម្របសម្រួលជានិច្ច ដើម្បីឲ្យកម្មវិធីនេះប្រព្រឹត្តទៅបានជោគជ័យ ស្របតាមគោលបំណងដែលបានគ្រោងទុក ហើយឯកឧត្ដមសូមប្រគល់កិច្ចការនេះ ជូនឧត្ដមអភិបាលរងខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធទាំងបី ដើម្បីសហការ សម្របសម្រួល និងពិភាក្សាការងារលម្អិតជាមួយក្រុមការងារនាយកដ្ឋានហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងជំរុញសហគ្រិនភាព នៃសហភាពសហព័ន្ធយុវជនកម្ពុជា ជាពិសេសលើការងារជ្រើសរើសកសិករគំរូ និងសមាសភាពដែលត្រូវចូលរួម ៕ ដោយ៖វ៉ៃកូ