សៀមរាប៖ ឯកសារសិក្សាមួយរបស់ OECD បានរកឃើញមូលហេតុដែលសហគ្រិនស្ត្រី ពិបាកទទួលបានឥណទានពីធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាសម្រាប់ពង្រីកមុខជំនួញរបស់ខ្លួននោះ គឺដោយសារតែមានកង្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ ពុំមានសមត្ថភាពក្នុងការបង្កើតផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុជាដើម។ ដូច្នេះទើបវគ្គបណ្តុះបណ្តាល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់អភិវឌ្ឍន៍សហគ្រិនភាពស្ត្រី ត្រូវបានបង្កើតឡើង។ កម្មវីធីនេះគឺជាផ្នែកមួយនៃគម្រោងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ រវាងធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារី និងក៏ជាសកម្មភាពអាទិភាពមួយដែលបានកំណត់ក្នុងយុទ្ធសាស្ត្រជាតិ ស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ជាពិសេស ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងហិរញ្ញវត្ថុសម្រាប់ស្ត្រី ដែលធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ នាខេត្តសៀមរាប។
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានលើកឡើងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍសហគ្រិនភាពស្ត្រី នៅសាលាខេត្តសៀមរាប ដោយបង្ហាញថាជំរឿនសហគ្រាសកម្ពុជាឆ្នាំ២០១៤ ក្នុងចំណោមសហគ្រាសទូទាំងប្រទេសចំនួនជាង៥១ម៉ឺនសហគ្រាស ក្នុងនោះ៦១ភាគរយនៃចំនួនសហគ្រាសសរុបគឺកាន់កាប់ដោយស្ត្រី ក៏ប៉ុន្តែភាគច្រើននៃសហគ្រាសទាំងនោះកំពុងស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសខ្នាតមីក្រូ ដែលងាយប្រឈមជាមួយបញ្ហា ហើយក៏មានឧបស័គ្គជាច្រើនទៀត សម្រាប់ប្រតិបត្តិការធុរកិច្ចរបស់ខ្លួន ដូចជា ខ្វះការគាំទ្រផ្នែកហិរញ្ញវត្ថុ ព័ត៌មាន ទីផ្សារ និងចំណេះដឹងថ្មីៗ និងការការពារដោយច្បាប់នៅមានកម្រឹត។ ទាំងនេះហើយ ដែលជាមូលហេតុ ធ្វើឲ្យសហគ្រិនស្ត្រី ពុំត្រូវបានគេមើលឃើញ និងឲ្យតម្លៃខ្ពស់។
លោកជំទាវវេជ្ជបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចនារី ដែលជាអធិបតីភាព បានថ្លែងថា ដោយផ្អែលើការប៉ាន់ប្រមាណរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញថា បរិយាកាសគាំទ្រ និងការផ្តល់អំណោយផល ដល់ប្រព័ន្ធសហគ្រិន កម្ពុជានឹងអាចទទួលបានចំណូលក្នុងចរន្តសេដ្ឋកិច្ចជាតិប្រមាណជា ២៥ពាន់លានដុល្លា ខ្ពស់បន្ថែមទៀត។ លោកជំទាវ បន្តថានៅលើសាកលលោកសហគ្រាសដែលគ្រប់គ្រងដោយស្ត្រី មានប្រមាណជា ១ភាគ៣ នៃសហគ្រាសសរុប ក៏ប៉ុន្តែភាគច្រើននៃសហគ្រិនស្ត្រីទាំងនោះ ស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសខ្នាតមីក្រូហិរញ្ញវត្ថុ ដែលងាយនឹងទទួលភាពងាយរងគ្រោះ និងមានការលំបាកសម្រាប់ភាពរីកចំរើនលូតលាស់។
លោកជំទាវ បន្តថា ឯកសារសិក្សាមួយរបស់ OECD បានរកឃើញមូលហេតុដែលសហគ្រិនស្ត្រី ពិបាកទទួលបានឥណទានពីធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាសម្រាប់ពង្រីកមុខជំនួញរបស់ខ្លួននោះ គឺដោយសារតែមានកង្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ ពុំមានសមត្ថភាពក្នុងការបង្កើតផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុជាដើម។ កង្វះខាតទាំងនេះកាន់តែធ្វើឲ្យស្ត្រីបាត់បង់ទំនុកចិត្ត និងភាពជឿជាក់ក្នុងការពង្រីកទុនវិនិយោគរបស់ខ្លួន ហើយសហគ្រិនស្ត្រីមួយចំនួន បានសម្រេចចិត្តចងការប្រាក់ឯកជន ក្នុងអត្រាការប្រាក់ខ្ពស់ និងងាយទទួលរងនូវការកេងប្រវ័ញ្ចនានា ព្រមទាំងបានឈានទៅដល់ការជាប់បំណុលធ្ងន់ធ្ងរផងដែរ។ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់សហគ្រិនស្ត្រី កម្មវិធីបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្ត្រីនិងសហគ្រិនស្ត្រីនេះ ពិតជាមានសារសំខាន់ ដែលមិនត្រឹមតែអាចជួយឲ្យស្ត្រី ពង្រីកអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេ គឺថែមទាំងបានជួយឲ្យស្ត្រី មានសមត្ថភាពនិងទំនុកចិត្តក្នុងការគ្រង និងចូលរួមធ្វើសេចក្តីសម្រេច ផ្នែកហិរញ្ញវត្ថុក្នុងគ្រួសារផងដែរ ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប៉ាន់ប្រមាណផងដែរថា ប្រសិនបើកម្ពុជាអាចមាននូវបរិយាកាសដែលគាំទ្រ និងផ្តល់អំណោយផលដល់ប្រព័ន្ធសហគ្រិន នោះកម្ពុជានឹងអាចទទួលបានចំណូលប្រមាណ ២៥ពាន់លានដុល្លា បន្ថែមនៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។
ក្នុងន័យនេះ គឺចង់បញ្ចាក់ថា៖ កម្ពុជានឹងទទួលបានចំណូលបន្ថែមខ្ពស់ជាងមុន បើសិនជាមានការពង្រឹងបាននូវភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ជាពិសេសនោះគឺ សហគ្រិនភាពស្ត្រីត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដោយធានាឲ្យបាននូវការកាត់បន្ថយភាពងាយរងគ្រោះ និងធ្វើយ៉ាងណាឲ្យសហគ្រិនស្ត្រីបានទទួលនូវការគាំទ្រផ្នែកហិរញ្ញវត្ថុ ជំនាញ និងចំណេះដឹងកម្រឹតខ្ពស់ ព័ត៌មានថ្មីៗ ពីនិន្នាការធុរកិច្ចយុគសម័យសេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤។
ក្នុងកម្មវិធីនេះ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស បានមានប្រសាសន៍ថា “នៅពេលដែលស្ត្រីកាន់តែច្រើនមានលទ្ធភាពទទួលបាននិងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ នោះពួកគាត់នឹងមានលទ្ធភាពកាន់តែខ្ពស់និងឱកាសកាន់តែច្រើនក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមគ្រួសារ និងសហគមន៍ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ ការបង្កើនឱកាសអាជីវកម្ម ការសន្សំ និងការត្រៀមខ្លួនទប់ទល់នឹងបញ្ហាហិរញ្ញវត្ថុនាពេលមានអាសន្ន ជាដើម ដែលកត្តាទាំងនេះនឹងនាំឲ្យគ្រួសារ និងសហគមន៍មានលទ្ធភាពច្រើនជាងមុនក្នុងការទទួលបានសេវាចាំបាច់នានា ដូចជាសេវាអប់រំ សុខភាព អនាម័យ និងទឹកស្អាត ជាដើម”។ ដូច្នេះ ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្ត្រី និងសហគ្រិនស្ត្រី នឹងដើរតួនាទីជាគ្រឹះក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី៕ ដោយ៖កូឡាប