Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រម ព្រះរាជអាជ្ញា មន្ត្រី​តុលាការ និង​មន្ត្រីរាជការ​ទាំងអស់​នៅតាម​សាលាជម្រះក្តី​នានា​នៅ​ទូទាំងប្រទេស ត្រូវ អនុវត្ត​គោលការណ៍ ០៥ ចំណុច​

​ខេត្តបាត់ដំបង​៖ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​មានប្រសាសន៍ថា «​សាលាឧទ្ធរណ៍​បាត់ដំបង និង​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ គឺជា​សាលាឧទ្ធរណ៍​តំបន់ ដែល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ដំបូង​គេ​បង្អស់​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​ប្រព័ន្ធយុត្តិធម៌​កម្ពុជា ស្របតាម​ទិសដៅ​នៃ​កម្មវិធី​កំណែទម្រង់​ច្បាប់ និង​វិស័យ​យុត្តិធម៌ ដើម្បី​បង្ខិត​សេវា​យុត្តិធម៌​ឱ្យ​កាន់តែ​ខិតជិត​ប្រជាពលរដ្ឋ​»​។

ក្នុងឱកាស​នេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ឡើងវិញ​ពី​ជំហរ​ដ៏​ម៉ឹងម៉ាត់​របស់​ក្រសួងយុត្តិធម៌ ក្នុងនាម​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ក្នុង​ការបន្ត​ពង្រឹង​អភិបាលកិច្ច​ល្អ​ក្នុង​វិស័យ​យុត្តិធម៌ និង​ការពង្រឹង​វិធានការ​វិន័យ ក្រមសីលធម៌ និង​ភាព​ស្អាតស្អំ​របស់​អង្គចៅក្រម សំដៅ​លើកកម្ពស់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​អង្គចៅក្រម​, លើកកម្ពស់​គុណភាព​នៃ​ការកាត់ក្តី​ប្រកបដោយ​ភាពត្រឹមត្រូវ និង​យុ​តិ្ត​ធម៌ ក៏ដូចជា​លើកកម្ពស់​ការផ្តល់សេវា​យុត្តិធម៌​ឱ្យមាន​ភាពងាយស្រួល ឆាប់រហ័ស និង​ស្អាតស្អំ ដើម្បី​ពង្រឹង​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​ចំពោះ​វិស័យ​យុត្តិធម៌​។

ក្នុង​ជំហរ​ដ៏​ម៉ឹងម៉ាត់​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ត​ក្រើនរំលឹក និង​ណែនាំ​ដល់​ចៅក្រម ព្រះរាជអាជ្ញា មន្ត្រី​តុលាការ និង​មន្ត្រីរាជការ​ទាំងអស់​នៅតាម​សាលាជម្រះក្តី​នានា​នៅ​ទូទាំងប្រទេស អំពី​គោលការណ៍ ០៥ ចំ​ណុ ដូចខាងក្រោម​៖

ទី​១. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ដ៏​ថ្លៃថ្លា​ទាំង​៥ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺ «​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​» ដើម្បី​ធ្វើជា​គោលការណ៍​ក្នុងការ​អនុវត្ត​មុខងារ និង​ភារកិច្ច​របស់ខ្លួន ក៏ដូចជា​ក្នុងការ​ដឹកនាំ​អង្គភាព​សាលាជម្រះក្តី​។

ទី​២. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាពម៉ឺងម៉ាត់​របស់ខ្លួន ក្នុងការ​អនុវត្ត​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ផ្តល់​ការកាត់ក្តី​មួយ​ប្រកបដោយ​អ​នាគ​តិ ក្នុង​ការធានា​ឱ្យបាន​នូវ​ភាព យុ​តិ្ត​ធម៌ ត្រឹមត្រូវ ជូន​ប្រជាពលរដ្ឋ ជាពិសេស​គឺ​ការ​វៀរចាក​នូវ​អគតិ​ធម៌​ទាំង ៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និង​មោហោ​គតិ ដូចដែល​ចៅក្រម ព្រះរាជអាជ្ញា​ទាំងអស់​បានធ្វើ​សច្ចាប្រណិធាន នៅមុន​ពេល​ខ្លួន​ចូលកាន់​តំណែង​។

ទី​៣. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិន័យ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា ទាំង​ក្នុងពេល​បំពេញការងារ ទាំង​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ ការប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន គឺជា​ការរួមចំណែក​ដ៏​សំខាន់​ក្នុងការ​លើកកម្ពស់​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​កិត្យានុភាព​នៃ​អង្គចៅក្រម​ខ្លួនឯង ហើយ​វា​ជា​កត្តារួម​ចំណែក​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន ក្នុងការ​ពង្រឹង​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​ចំពោះ​វិស័យ​យុត្តិធម៌​។

ទី​៤. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ចូលរួម​ប្រកបដោយ​ឆន្ទៈ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​អនុវត្ត​នូវ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃទី​១៨ ខែឧសភា កន្លងទៅនេះ ដោយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​តាម​អភិក្រម «​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ​»​។​

ទី​៥. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា​មន្ត្រី​តុលាការ និង​មន្ត្រីរាជការ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​បំពេញការងារ ដោយ​ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង និង​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការល្អ​ជាមួយ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធានា​នូវ​ដំណើរ​ការល្អ​នៃ​ស្ថាប័ន​តុលាការ ក៏ដូចជា​ប្រសិទ្ធភាព​នៃ​ការបម្រើ​សេវា​យុ​តិ្ត​ធម៌​ឱ្យបាន​ត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ​។

​នៅ​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ នេះ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ជា​ផ្លូវការ​របស់​ឯកឧត្តម សម ប៊ុន​ថុ​ន ដែល​ត្រូវបានតែងតាំង​ជា​ប្រធាន​សាលាឧទ្ធរណ៍​បាត់ដំបង​, ឯកឧត្តម នួន សាន ដែល​ត្រូវបានតែងតាំង​ជា​អគ្គព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​បាត់ដំបង និង ឯកឧត្តម គឺ ប៊ុណ្ណា​រ៉ា ដែល​ត្រូវបាន​តែង តាំង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​៕ ដោយ​៖​កូ​ឡាប​

×