ភ្នំពេញ ៖ ខណៈពេលសាលាឧទ្ធរណ៍ កំពុងដំណើរការសវនាការ លោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិនាព្រឹកថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១៨នេះ គេសង្កេតឃើញមានការដាក់របាំងការពារយ៉ាងតឹងរឹង និងមានសមត្ថកិច្ចជាច្រើន បានប្រមូលផ្តុំគ្នាការពារនៅទីនោះ។ លោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចដឹកមកសាលាឧទ្ធរណ៍ ថ្ងៃទី១ ថ្ងៃកុម្ភៈ ឆ្នាំ២០១៨នេះ ដើម្បីចូលរួមសវនាការលើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន។
សវនាការរបស់ជនត្រូវចោទលោក កឹម សុខា ត្រូវធ្វើឡើងនៅព្រឹកថ្ងៃនេះ នៅបន្ទប់លេខ៣ នៃសាលាឧទ្ធរណ៍ ទៅលើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន ប្រឆាំងនឹងការសម្រេចមិនដោះលែងរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
សវនាការលើសំណុំរឿងលោក កឹម សុខា នេះ ដឹកនាំដោយលោក លោក ផូ ពៅស៊ុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសភាស៊ើបសួរសាលាឧទ្ធរណ៍ និងលោកព្រះរាជអាជ្ញា ហ៊ឹង ប៊ុនជា ជាតំណាងមហាអយ្យការ។
លោក កឹម សុខា ត្រូវបានតុលាការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទល្មើស ក្បត់ជាតិ ដែលអាចប្រឈមមុខនឹង ការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ សន្និដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ៕ ដោយ៖បញ្ញាស័ក្តិ