ភ្នំពេញ៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវកសិករចិញ្ចឹមសត្វ ក្នុងការត្រៀមលក្ខណៈសង្គ្រោះ និងចាត់វិធានការទប់ស្កាត់ការឆ្លងរាលជំងឺសត្វ ។
បើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា រដូវវស្សាចូលមកដល់ ទឹកជំនន់អាចកើតមានជាយថាហេតុនៅតំបន់មួយចំនួន ជាពិសេសតំបន់ជាប់ ទន្លេ បឹង ស្ទឹង ព្រែកជាដើម និងតាមការសង្កេតឃើញថា ជំងឺឆ្លងសត្វក៏អាចផ្ទុះឡើងផងដែរ។
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សូមប្រកាសជូនដំណឹងដល់កសិករចិញ្ចឹមសត្វក្នុងការត្រៀមលក្ខណៈសង្គ្រោះសត្វ និងចាត់វិធានការទប់ស្កាត់ការឆ្លងរាលជំងឺសត្វផ្សេងៗ ដូចជា ទីទួលសុវត្ថិភាព មិនលិចទឹកដែលនៅជិតបំផុត ត្រៀមចំណី-ទឹកឱ្យបានគ្រប់គ្រាន់ និងមានអនាម័យល្អ ត្រៀមធ្វើសម្រាប់ដាក់សត្វ និងមធ្យោបាយសម្រាប់សង្គ្រោះសត្វ ចេះតាមដានសុខភាពសត្វ និងក្នុងករណីមានសត្វឈឺត្រូវបំបែកចេញពីសត្វជា និងរាយការណ៍មកមន្ត្រីបសុពេទ្យ ភ្នាក់ងារសុខភាពសត្វភូមិ ឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីពិនិត្យ និងព្យាបាលបានទាន់ពេលវេលា។ ក្នុងករណីមានជំងឺឆ្លងរាលដាលសត្វ សូមទំនាក់ទំនងមក អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត៕
ដោយ៖កូឡាប