បន្ទាយមានជ័យ ៖ ដើម្បីបង្ខិតការផ្តល់សាធារណៈផ្សេងៗជូនពលរដ្ឋនៅមូលដ្ឋានបានលឿន និងរហ័ស ប្រមូលផ្តុំតែមួយកន្លែង រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឲ្យមានការិយាល័យច្រកចេញចូលតែមួយ នៅតាមបណ្តារាជធានី-ខេត្ត ក្រុង-ស្រុក ដើម្បីផ្តល់ភាពងាយស្រួលជូនពលរដ្ឋ។
ការិយាល័យច្រកចេញចូលតែមួយ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាបន្តបន្ទាប់នៅក្នុងខេត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដានេះ។ អគារច្រកចេញចូលតែមួយនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនេះ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ហេមចិន្តា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាង អមដំណើរដោយឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានថ្លែងជំរុញដល់មន្ត្រី ពិសេសការិយាល័យច្រកចេញចូលតែមួយ ត្រូវផ្តល់សេវាជូនពលរដ្ឋឲ្យបានល្អប្រសើរ លឿន រហ័ស តាមដែរអាចធ្វើទៅបាន ដើម្បីការផ្តល់សេវាជូនពួកគាត់ ប្រកបដោយទំនុកចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់។ ឯកឧត្តម អភិបាលខេត្ត បានសង្កតត់ធ្ងន់ថា “មន្ត្រីណាដែលទាមទារសេវាខាងក្រៅពីប្រជាពលរដ្ឋ ជាថ្នូរនឹងការរត់ការឯកសារ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន សូមកែប្រែឥរិយាបថឡើងវិញ។ ចំពោះការបម្រើសេវាសាធារណៈជូនពលរដ្ឋដែលមកសុំសេវា មិនត្រូវពន្យារពេលឯកសារទុកយូរនោះទេ ត្រូវធ្វើឲ្យលឿន ចៀសវាង ពន្យារពេលពេលដើម្បីចង់បានផលប្រយោជន៍ បើសិនជារកឃើញ មិនមានការលើលែងចំពោះមន្ត្រីដែលប្រព្រឹត្តនូវទង្វើទាំងនេះឡើយ ដូច្នេះ សូមការអនុវត្តការឲ្យបានល្អប្រសើរ គោរពពេលវេលា ម៉ោងធ្វើការ ស្លៀកពាក់ ឲ្យបានសមរម្យ សមជាមន្ត្រីបម្រើរាស្ត្រ ត្រូវមានភាពរួសរាយរាក់ទាក់ មិនត្រូវប្រើពាក្យពេចន៍មិនសមរម្យចំពោះពលរដ្ឋដែលមកសុំសេវាឡើយ។
សូមបញ្ជាក់ថា ៖ ការដាក់ឲ្យដំណើរការអគារការិយាល័យ នៅស្រុកថ្មពួកនេះ គឺជាអគារទី៥ ហើយក្នុងចំណោមក្រុង-ស្រុកទាំង៩ នៅក្នុងខេត្ត ដែលបានដាក់ប្រើប្រាស់បន្ទាប់ពី ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកព្រះនេត្រព្រះ ៕
ដោយ៖បញ្ញាស័ក្តិ