ភ្នំពេញ៖ប្រជាពលរដ្ឋដែលស្នាក់នៅបណ្តោះអាសន្ន ក្រោមស្ពានអាកាសស្ទឹងមានជ័យ ចំនួន៦១គ្រួសារ ពេលនេះពួកគាត់ បានវិញត្រឡប់ទៅរស់នៅលើដីកម្មសិទ្ធិស្របច្បាប់ ស្របតាមប្រឡាយស្ទឹងមានជ័យវិញហើយ ។ នេះបើតាមការបញ្ជាក់ របស់លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ ដោយមានការណែនាំពី លោក ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
លោក មាន ចាន់យ៉ាដា បានបញ្ជាក់ថា គិតមកដល់ពេលនេះ ក្នុងចំណោមប្រជាពលរដ្ឋ ដែលរស់នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ បណ្តោះអាសន្នទាំងអស់ចំនួន១៥៣គ្រួសារ គឺមានចំនួន៦១គ្រួសារហើយ បានប្ដូរទៅរស់នៅលើដីកម្មសិទ្ធិស្របច្បាប់ នៅតាមប្រឡាយស្ទឹងមានជ័យវិញ ។ លោកបន្តថា គម្រោងនាពេលឆាប់ៗខាងមុខនេះ ពួកគាត់នឹងចាកចេញពីក្រោមស្ពានអាកាសនេះ ទាំងអស់គ្នា ហើយវិលត្រឡប់ទៅរស់នៅលើដីដែលជាកម្មសិទ្ធិស្របច្បាប់ តាមប្រឡាយស្ទឹងមានជ័យ ខណៈដែលការដ្ឋានស្ថាបនា ដោយបុកស៊ីផាយ និងស្ថាបនាផ្លូវអមសងខាងប្រឡាយស្ទឹងមានជ័យ បានបញ្ជាក់រួចរាល់ហើយដែរ ។
គួររំលឹកថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយ របាយការណ៍នៃការសិក្សាទិន្នន័យមូលដ្ឋាន នៃសហគមន៍ នៅតាមប្រឡាយស្ទឹងមានជ័យ និងការរៀបចំយុទ្ធសាស្ត្រ ស្វែងរកការគាំទ្រមតិ លើវិស័យរៀបចំផែនការ នគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី បានថ្លែងជំរុញឲ្យក្រុមការងារពន្លឿន ការស្ថាបនាប្រឡាយស្ទឹងមានជ័យនេះ ឲ្យបានឆាប់រួចរាល់ ដើម្បីឲ្យប្រជាពលរដ្ឋ ដែលរស់នៅបណ្តោះអាសន្ន ក្រោមស្ពានអាកាសនេះ ឆាប់បានទៅរស់នៅលើដីកម្មសិទ្ធិស្របច្បាប់របស់ពួកគាត់វិញ។ ក្រោមការប្រទានកម្ម ពីប្រមុខរាជរដ្ឋាភិបាល គឺសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕ដោយ៖កូឡាប