ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យផ្អាក ឬពន្យារការធ្វើដំណើរទៅប្រទេសវៀតណាម ជាពិសេសនៅតំបន់ដែល មានការរាតត្បាតនៃជំងឺកូវីដ-១៩ បើមិនចាំបាច់នោះ។
យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលជម្រាបជូន អភិបាលរាជធានី ខេត្តទាំង២៥ ចុះថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យផ្អាក ឬពន្យារការធ្វើដំណើរទៅប្រទេសវៀតណាម ជាពិសេសនៅតំបន់ដែលមានការរាតត្បាតនៃជំងឺកូវីដ-១៩ បើមិនចាំបាច់នោះ ហើយសូមអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងវិធានការណែនាំរបស់ក្រសួងសុខាភិបាលនានាដែលបាន ដាក់ចេញដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩។
ការអំពាវនាវរបស់ក្រសួងសុខាភិបាលនេះ ដោយផ្អែកតាមព័ត៌មានពីប្រទេសវៀតណាមថ្ងៃនេះ បានប្រកាសពីការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ ដែលបានកើតឡើងនៅទីក្រុងដាណាង បានរាលដាលដល់ភាគកណ្តាលនៃប្រទេសវៀតណាមទីក្រុងហូជីមិញ និងទីក្រុងហាណូយ។ ជាមួយនោះស្ថានភាពនៃការឆ្លងនៅលើពិភពលោក និងក្នុងតំបន់ ក៏មិនទាន់មានការធូរស្បើយ ដោយសារតែមានកំណើននៃការចម្លងវីរុសកូវីដ-១៩ នឹងការស្លាប់ ដោយសារជំងឺនេះនៅឡើយ។
សូមបញ្ជាក់ជូនថា គិតត្រឹមល្ងាចថ្ងៃសុក្រទី៣១ ខែកក្កដា ឆ្នាំ២០២០ វៀតណាមបានរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ចំនួន ៣៧ នាក់ទៀត (២៦នាក់ មកពី Guinea ៣នាក់ នៅហូជីមិញ និង ៨នាក់ នៅខេត្តក្វាងណាម) ជាករណីមកពីក្រៅប្រទេស និងមានឆ្លងក្នុងសហគមន៍ ពុំធ្លាប់មានកើតច្រើនក្នុង១ថ្ងៃ ឆ្លង ៨២នាក់ ។
ចំនួនអ្នកឆ្លងសរុប ៥៤៦ នាក់ កំពុងសម្រាកព្យាបាលចំនួន ១៧២នាក់ និងស្លាប់ ០១ នាក់ អាយុ ៧០ឆ្នាំ នៅដាណាង។
ករណីជាសះស្បើយ ចំនួន ០៤ នាក់ ចំនួនអ្នកជាសះស្បើយសរុប ៣៧៣ នាក់៕ ដោយ៖កូឡាប