ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី០៥នាក់បន្ថែមទៀត ដែលសុទ្ធសឹងជាករណីនាំចូល។
រហូតដល់ម៉ោង ០៨:០០ ព្រឹក ថ្ងៃទី ១ សីហា ២០២០ យើងរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ចំនួន៥នាក់ (ករណីនាំចូលទាំងអស់ខ្មែរ ៤នាក់ និង ឥណ្ឌូណេស៊ី ១នាក់) ដូច្នេះចំនួនសរុប២៣៩នាក់ ចំនួនសម្រាកនៅពេទ្យកើន ៧៥នាក់ ចំនួនជាសះស្បើយសរុបចំនួន ១៦៤នាក់ និងស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគំរាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។ សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ យើងបានធ្វើតេស្តចំនួន 64597 ស្មើនឹង 3891 ក្នុង១លាន នាក់។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល អ្នកទាំង៥នាក់នោះរួមមាន៖
១៖ បុរសជនជាតិឥណ្ឌូនេស៊ីអាយុ ១៨ឆ្នាំ មានអាសយដ្ឋាននៅភូមិ២ មិត្តភាព ខេត្តព្រះសីហនុ ទទួលបានលទ្ធ ផលតេស្ត វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
បុរសរូបនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី បានមកដល់កម្ពុជានាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដែលមានអ្នកដំណើរសរុបចំនួន១២១នាក់ ក្នុងនោះមាន ជនជាតិខ្មែរ៨១នាក់ (ស្ត្រី១៣នាក់) ជនជាតិម៉ាឡេស៊ី ១៤នាក់ (ស្ត្រី ១នាក់) ស្ត្រីជនជាតិវៀតណាម ០១នាក់ បុរសជនជាតិចិន២នាក់ ជនជាតិអូស្ត្រាលី ៤នាក់ (ស្ត្រី២នាក់) និងជនជាតិឥណ្ឌូណេស៊ី ១៩នាក់ (ស្រី១នាក់) ដែលពួកគាត់ទាំង ១៩នាក់នេះជា អ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ីបន្តជើងហោះហើរ នៅប្រទេសម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជា។ រីឯអ្នកដំណើរចំនួន ១២០នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមាន វីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យពោធិ៍ចិនតុងមានចំនួន៨១នាក់ និង៣៩នាក់ទៀត នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។
២៖ បុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិបន្ទាយព្រៃ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
៣៖ បុរសជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រៃខ្ជាយ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
៤៖ បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង
៥៖ បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅភូមិ១ ឃុំឡាមិញ ស្រកបរកែវ ខេត្តរតនគិរី។
បុរសទាំង៤នាក់ខាងលើ មានលទ្ធផលតេស្ត វិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ពួកគាត់ទាំង៤នាក់ ជាអ្នកបានធ្វើដំណើរពីប្រទេសប៉ាគីស្ថាន បន្តជើងយន្តហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដែលមានអ្នកដំណើរ បានអនុញ្ញាតឱ្យចូលកម្ពុជាសរុប១២០នាក់ ចែកចេញជាជនជាតិខ្មែរចំនួន ៨០នាក់ (ស្រី្ត ២៥នាក់) ជនជាតិម៉ាឡេស៊ីចំនួន ២៨នាក់ (ស្ត្រី ៩នាក់) ជនជាតិចិនចំនួន៤នាក់ (ស្ត្រី ០១នាក់) បុរសជនជាតិអាល្លឺម៉ង់ចំនួន ០១នាក់ ជនជាតិឥណ្ឌូណេស៊ីចំនួន ៣នាក់ (ស្ត្រី ១នាក់) ជនជាតិអឺរ៉ាក់ចំនួន ២នាក់ (ស្រី ១នាក់) ស្ត្រីជនជាតិរុស្ស៊ី ១នាក់ និងបុរសជនជាតិស៊ីរី ១នាក់។ រីឯអ្នកដំណើរ ១១៦នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមាន វីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ៖ នៅបុរី ១០០ខ្នងចំនួន ៧៦នាក់ និង៤០នាក់ទៀត នៅ សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ៕
ដោយ៖កូឡាប