ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២០ ចាប់ពីម៉ោង៨:០០ព្រឹក នៅ សណ្ឋាគារភ្នំពេញ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សហការ ជាមួយអង្គការHP+ បានរៀបចំសិក្ខាសាលាស្តីពីការធ្វើកិច្ចសន្យាសង្គម សម្រាប់សង្គមស៊ីវិលដែលធ្វើការងារ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
សិក្ខាសាលានេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក អ្នកស្រី នាងកញ្ញា ជាតំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល អង្គការUNAIDS, USAID, PEPFAR, HP+ ព្រមទាំងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ អន្តរជាតិ ពាក់ព័ន្ធ និងថ្នាក់ដឹកនាំនិងមន្ត្រីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សរុបចំនួន៥០នាក់។
មានចំណាប់អារម្មណ៍តាមវីដេអូរខនហ្វឺរេននៅក្នុងពិធីបើក លោកបណ្ឌិត ចន អែស៍ (Dr. John Eyres) ប្រធានការិយាល័យ សុខភាពសាធារណៈ និងអប់រំនៃទីភ្នាក់សហរដ្ឋអាមេរិកសម្រាប់ការ អភិវឌ្ឍអន្តរជាតិបានថ្លែងថា កម្ពុជាជាប្រទេសមួយចំនួនតូចដែល បានសម្រេចគោលដៅ៩០-៩០-៩០ និងកំពុងបោះជំហានទៅ សម្រេចគោលដៅ ៩៥-៩៥-៩៥។ ជាមួយគ្នានេះ អង្គការសង្គម ស៊ីវិលត្រូវបានផ្តល់ហិរញ្ញវត្ថុពីខាងក្រៅឱ្យធ្វើការងារឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ លោកក៏បានមានចំណាប់អារម្មណ៍ជាចុងក្រោយថា កម្ពុជានឹងទទួលបានជោគជ័យក្នុងការលុបបំបាត់ មេរោគអេដស៍។
បន្ទាប់មក លោកស្រីបណ្ឌិត វ្លាដានកា អ៊ែនឌ្រីវ៉ា (Vladanka Andreeva)នាយកប្រចាំប្រទេសនៃកម្មវិធីអេដស៍អង្គការសហប្រជាជាតិ បានថ្លែងនូវចំណាប់អារម្មណ៍ថា កម្ពុជាមិនត្រឹមតែជាប្រទេស ដំបូងមួយក្នុងចំណោមប្រទេសដែលសម្រេចបានគោលដៅ ៩០-៩០-៩០ ប៉ុណ្ណោះទេ ហើយក៏ជាប្រទេសដំបូងគេនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក ដែលបានរៀបចំផែនទីបង្ហាញផ្លូវទៅរកចីរភាពក្នុងការ បញ្ចប់អេដស៍នៅឆ្នាំ២០២៥ផងដែរ។ ចំណុចមួយនៃផែនទីបង្ហាញផ្លូវ នោះគឺការផ្តល់ការគាំទ្រដល់អង្គការសង្គមស៊ីវិលក្នុងឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ប្រកបដោយចីរភាព។
នៅក្នុងសុន្ទរកថាបើកសិក្ខាសាលា ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងថា នៅក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជាបានពឹងផ្អែកយ៉ាងខ្លាំងទៅលើការផ្តល់ថវិកាពីខាងក្រៅក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ ឧទាហរណ៍ នៅឆ្នាំ ២០១៧ ក្នុងថវិកា៣៤,៤លានដុល្លារអាមេរិកនៃការចំណាយសរុប សម្រាប់ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ មានថវិកាជាតិតែ ៨,៣លានដុល្លារអាមេរិក ឬ២៤%ប៉ុណ្ណោះ។ របាយការណ៍ វាយតម្លៃការចំណាយសរុបលើការងារអេដស៍នៅប្រទេសកម្ពុជាឆ្នាំ២០១៧ (National Spending Assessment, NASA) នេះក៏បាន បង្ហាញថា អង្គការសង្គម ស៊ីវិលបានទទួលថវិកាចំនួនជិត១១លាន ដុល្លារ ដែលស្ទើរតែទាំងអស់ជាហិរញ្ញប្បទានក្រៅប្រទេស។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ជោគជ័យក្នុងការប្រយុទ្ធនឹង ជំងឺអេដស៍នៅកម្ពុជាគឺដោយសារ មគ្គុទ្ទេស៍ភាព ភាពជាដៃគូ និង ការវិនិយោគ។ រាជរដ្ឋាភិបាលបានចាប់ផ្តើមបោះទុន ជាង១១លាន ដុល្លារសម្រាប់រយៈ៣ឆ្នាំខាងមុខក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ នេះជាគោលបំណងដ៏មោះមុតក្នុងការបញ្ចប់ជំងឺ អេដស៍នៅកម្ពុជា។ ជាមួយគ្នានេះ យើងនៅតែត្រូវការជំនួយពី អន្តរជាតិ។ ដោយសារការគាបសង្កត់របស់កូវីដ-១៩ យើងមិនសង្ឃឹម ថានឹងមានថវិកាជាតិផ្តល់ជូនអង្គការសង្គមស៊ីវិលនៅឆ្នាំ២០២១ និង ២០២២នោះទេ។ ប៉ុន្តែយើងជួបពិភាក្សានៅថ្ងៃនេះ ដើម្បីគិតគូរពី ឥឡូវទាក់ទងនឹងការផ្តល់ថវិកាដល់អង្គការសង្គមស៊ីវិល ដោយមិនរង់ចាំថានៅពេលដែលមិនមានការគាំទ្រថវិកាពីខាងក្រៅទើបធ្វើការ គិតគូរនោះឡើយ។
នៅទីបញ្ចប់ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ការប្រជុំ នៅថ្ងៃនេះ គឺចង់បានធាតុចូលបន្ថែម។ យើងត្រូវពិនិត្យមើលថា តើ ការធ្វើកិច្ចសន្យាសង្គមមានប្រទាំងប្រទើសជាមួយបទប្បញ្ញត្តិដែល មានស្រាប់ឬទេ? ដើម្បីយកមកពិចារណាថានៅពេលណាដែល មិនមានការគាំទ្រខាងហិរញ្ញវត្ថុពីខាងក្រៅ នោះយើងបានត្រៀមរួច ជាស្រេច។ បើយើងមានការគិតគូរពីឥឡូវ និងរួមគ្នាទប់ស្កាត់ ការរីករាលដាលមេរោគអេដស៍កុំឱ្យករណីឆ្លងថ្មីលើសពី៣៦០នាក់ក្នុងមួយឆ្នាំ នោះយើងនឹងទទួលបានជោគជ័យឈានទៅលុបបំបាត់អេដស៍៕ ដោយ៖កូឡាប