ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានធ្វើការណែនាំដល់អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធធ្វើការសម្អាតមហាវិថីឈ្នះឈ្នះឱ្យបានស្អាតជាប្រចាំ ឲ្យមានបរិស្ថានល្អប្រសើរ ជាមួយនឹងការទុកដាក់វេចខ្ចប់សំរាមឲ្យបានស្អាត ហើយដើមឈើនៅតាមមហាវិថីនេះ ក៏ត្រូវតែកាត់លះមេឃឲ្យបានស្អាតផងដែរ ។
ការណែនាំបែបនេះ របស់លោកឃួង ស្រេង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២០នេះ លោក បានដឹកនាំអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធមួយចំនួន ចុះត្រួតពិនិត្យមើលវិមានឈ្នះឈ្នះ និង
តាមបណ្ដោយវិថីមហាវិថីឈ្នះឈ្នះនេះ ដើម្បីធ្វើយ៉ាងណាឱ្យតាមបណ្ដោយមហាវិថីនេះ មានបរិស្ថានល្អ មិនមានធូលីដី និងមានសណ្ដាប់ធ្នាប់ល្អប្រសើរ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងខណ្ឌជ្រោយចង្វាឃើញថា មានធូលីដី ដក់ទឹកនៅតាមចិញ្ចើមផ្លូវជាមួយនឹងភក់ជ្រាំ។ ជាងនេះទៅ
ទៀត បញ្ហាការទុកដាក់សំរាម ក៏ជាបញ្ហាប្រឈមមួយដែរ ។ លោកអភិបាល បានស្នើដល់អាជ្ញាធរ ធ្វើយ៉ាងណាចុះណែនាំបងប្អូនប្រជាពលរដ្ឋ ដែលលក់ដូរនៅតាមចិញ្ចើមមហាវិថីនេះ ត្រូវសម្អាតទីតាំងលក់ដូររបស់ខ្លួនឲ្យបានល្អ ដោយត្រូវវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាឱ្យតំបន់នេះមានអនាម័យ បរិស្ថានល្អ ដើម្បីចូលរួមបង្ការទប់ស្កាត់នូវជំងឺកូវីដ១៩ទាំងអស់គ្នា ខណៈដែលជំងឺនេះបាននិងកំពុងរីករាលដាលនៅទូទាំងពិភពលោក ហើយកម្ពុជាក៏ជាប្រទេសកំពុងតែប្រឈមដែរនោះ។
ក្រៅពីបញ្ហានេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសម្អាតធូលីដី ភក់នៅលើបណ្ដោយផ្លូវនេះឱ្យបានស្អាត ជាមួយនឹងការប្រើគ្រឿងចក្រកៀទឹកដក់នៅតាមបណ្តោយផ្លូវនេះឲ្យបានស្អាត។ លោកបន្តថា ចំពោះមន្ទីរបរិស្ថាន និងអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវមើលថែដើមឈើជាប្រចាំ ពោលគឺ បើដើមឈើដែលត្រូវលះមែកឈើ គឺត្រូវលះមែកចេញឲ្យបានស្អាត តែបើដើមឈើដែលងាប់ ក៏ត្រូវគាស់ចេញនិងដាំបន្ថែមផងដែរ៕
ដោយ៖កូឡាប