បើតាមការស្រាវជ្រាវរបស់លោកជា គាន អគ្គលេខាធិការរងទី១ គណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិបានឲ្យដឹងថា ពិធីកាត់ព្រ័ត្រគឺជាពិធីមួយបង្ហាញពីលទ្ធផលនៃរាជពិធីប្រណាំងទូកបន្ទាប់ពីបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃនោះ ។
ពិធីនេះជានិម្មិតសញ្ញានៃឆន្ទៈដ៏មុតស្រួតរបស់កងកម្លាំងដ៏ក្លៀវក្លាពោរពេញដោយថាមពលរបស់អ្នកអុំទូកដែលជាតំណាងកងទ័ពជើងទឹកដែលបានធ្វើសមយុទ្ធតាមជំនាញក្នុងយុទ្ធវិធីការពារបូរណភាពទឹកដីប្រកបដោយភាពជោគជ័យក្នុងសមរភូមិ ។
ពិធីកាត់ព្រ័ត្រនេះក៏ជាសិល្បៈនៃកីឡាករ-កីឡាការិនីអុំទូកខ្មែរបូរាណមួយបែប ដែលមានន័យថា អត្តប្បដិរូបភ្ជាប់ទៅនឹងយុទ្ធវិធីគ្រប់គ្រងដឹកនាំ ដែរក្សាការពារអាយុជីវិត ការពារបូរណភាពទឹកដី បេតិកភ័ណ្ឌជាតិ សម្បត្តិវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណជាតិ និងបង្ហាញពីមហិច្ឆតារបស់ពួកខ្មាំងសត្រូវ ដែលមានបំណងអាក្រក់ ដើម្បីឈ្លានពាន និងដណ្តើមយកទឹកដី អច្ឆរិយៈរបស់យើងតាមរយៈល្បែងចាប់កូនខ្លែង” ។
ខ្សែព្រ័ត្រដែលចងលាតសន្ធឹងយ៉ាងវែងភ្ជាប់ពីទូកមួយទៅទូកទៀត នៅកណ្តាលទន្លេស្ថិតនៅចំព្រះភ័ក្រព្រះមហាក្សត្រ និងមន្ត្រីអ្នកមុខអ្នកការនាព្រះពន្លាជ័យត្រូវបានកាត់ផ្តាច់ដោយព្រះខ័នរាជដែលជាគ្រឿងសាស្ត្រាវុធដ៏ពិសិដ្ឋ ដែលបញ្ជាដឹកនាំដោយទូកក្រុមអាចារ្យ-បាគូ និងទូកមួយទៀតជាតំណាងនៃមេទ័ពខ្មែរដែលប្រដាប់ដោយសំលៀកបំពាក់សក្តិសមជាមេទ័ពដ៏មានមហិទ្ធិរិទ្ធិ ។
ទូកអុំ ទូកចែវទាំងឡាយដែលហែរហមតាមក្រោយបានលើកច្រវ៉ារឡើងព្រមៗគ្នា ស្រែកហ៊ោរកញ្ច្រៀវកងរំពង និងបញ្ចេញសម្រែកជ័យឃោសដោយទឹកចិត្តសប្បាយរីករាយ ហាក់បីដូចជាសម្រែកស្រែកសន្ធាប់បំបាក់ស្មារតីពួកខ្មាំងសត្រូវដែលមានបំណងយារយីទឹកដីរបស់យើង ។
សម្រែកដ៏សន្ធាប់ដោយលាយឡំនឹងជ័យឃោសនេះ ធ្វើឲ្យខ្មាំងសត្រូវបាក់បបខ្លបខ្លាចអំណាចចេស្តារនៃកម្លាំងមហាសាមគ្គីរបស់យើង ។
ចំពោះការចាប់កូនខ្លែងវិញ វាជាល្បែងប្រជាប្រិយខ្មែរមួយបែប ដែលចាស់បុរាណរបស់យើងរៀបចំឡើងសម្រាប់កម្សាន្តសប្បាយនៅពិធីបុណ្យចូលឆ្នាំ តែលេងនៅលើគោក ។ ល្បែងនេះវាបង្ហាញពីវិធីការពារកូនទ័ព(កូនមាន់)ពីសំណាក់មេទ័ព(មេមាន់) ។
ល្បែងចាប់កូនខ្លែងមានបុរសម្នាក់ដើរតួជាសត្វខ្លែងនារីម្នាក់ដើរតួជាមេមាន់ និងបុរស-នារីជាច្រើននាក់ទៀតដើរតួជាកូនមាន់។
ខ្លែងជាប្រភេទសត្វដែលមានមហិច្ឆិតាចង់ចាប់កូនមាន់ធ្វើជាចំណីរបស់វា។ សត្វខ្លែងប្រើគ្រប់កលល្បិចដោយហើរសំកាំងដើម្បីឆក់ឱកាសឆាបយកកូនមាន់ធ្វើជាចំណី។
រីឯមេមាន់ស្ថិតនៅចំពោះមុខគ្រោះថ្នាក់បែបនេះបានប្រុងប្រយ័ត្នជានិច្ច ដើម្បីការពារកូនរបស់ខ្លួនកុំឲ្យបាត់បង់ឬគ្រោះថ្នាក់ដោយសារសត្វខ្លែង។
មេមាន់បង្ហាញនូវជំហរលះបង់ខ្ពស់ ត្រៀមប្រយុទ្ធជាមួយខ្លែង និងបង្ហាញពីព្រហ្មវិហារធម៌ចំពោះកូនដោយស្មារតីប្រុងប្រយ័ត្ន ។ កូនមាន់ដែលធ្វើតាមការណែនាំរបស់មេនោះមិនជួបភ័យន្តរាយឡើយ ។
ខ្លែងដែលមានបំណងបំផ្លាញសេចក្តីសុខរបស់មាន់នោះ បែរជាមិនអាចសម្រេចនូវមហិច្ឆិតារបស់ខ្លួនបាន។
ល្បែងប្រជាប្រិយខ្មែរចាប់កូនខ្លែងនេះប្រៀបបានទៅនឹងយុទ្ធសាស្ត្ររវាងមេទ័ព និងកម្លាំងទ័ពដែលមានយុទ្ធវិធី និងមានសិល្បៈខ្ពស់ក្នុងការបង្កើនស្មារតីប្រុងប្រយ័ត្ន និងភាពស្ទាត់ជំនាញរបស់មេកោយ ដែលចេះដឹកនាំបញ្ជាគ្រប់គ្រងល្អ អាចការពារកូនចៅរបស់ខ្លួនប្រកបដោយជោគជ័យ ។
ទាំងនោះគឺដោយសារស្មារតីសាមគ្គីធម៌របស់កងកម្លាំងដែលស្តាប់បទបញ្ជារបស់មេកោយប្រកបដោយភាពមានវិន័យ និងមិនប្រមាទមើលស្រាលគូសត្រូវ។
ដោយហេតុល្បែងចាប់កូនខ្លែងមានន័យទាក់ទងនឹងការគ្រប់គ្រងដឹកនាំផ្នែកកម្លាំងប្រយុទ្ធបែបនេះហើយ ទើបបុរាណខ្មែរយើងលើកយកល្បែងចាប់កូនខ្លែងនេះមកភ្ជាប់ជាមួយព្រះរាជពិធីកាត់ព្រ័ត្រក្នុងពេលបញ្ចប់បុណ្យអុំទូក ។
ពិតមែនតែល្បែងចាប់កូនខ្លែងគេលេងលើគោក តែដោយរាជពិធីបុណ្យអុំទូកមានចរិតលក្ខណៈសមយុទ្ធរបស់កងទ័ពជើងទឹក ដែលមានទូកក្តារជាមធ្យោបាយ ទើបចាស់បុរាណលើកយកល្បែងនេះ មកប្រារព្ធក្នុងពិធីកាត់ព្រ័ត្រទុកដូចជាការសម្តែងមនោសញ្ចេតនាសប្បាយរីករាយ ក្នុងពិធីបុណ្យដ៏មានប្រជាប្រិយនេះ៕ ស្រីមុំ